យុទ្ធសាស្ត្រនាគដីគោក

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី03 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 3:21 នាទី ល្ងាច

 

 

ប្រែសម្រួលដោយ សូរ្យរិទ្ធ៖

កងទ័ពរំដោះប្រជាជនចិន (PLA) កំពុងសាងសង់កំពង់ផែយោធាថ្មីមួយនៅទីក្រុងបាតា (Bata) ក្នុងប្រទេសអ៊ីក្វា​ទើរៀល ហ្គីណេ (Equatorial Guinea) ជាប្រទេសតូច ស្ថិតនៅឆ្នេរអាត្លង់ទិក ភាគពាយ័ព្យនៃទ្វីបអាហ្រ្វិក ដើម្បីបម្រើជាមូលដ្ឋានយោធាអចិន្ត្រៃយ៍ទីមួយរបស់ចិន នៅឆ្នេរសមុទ្រអាហ្វ្រិកខាងលិច ។

មន្ត្រីអាមេរិកដែលកំពុងតាមដានយ៉ាងដិតដល់នូវសកម្មភាពនេះ បាននិយាយថា មូលដ្ឋានទ័ពជើងទឹកថ្មី នឹង​អនុញ្ញាត​ឱ្យ​នាវា​ចម្បាំង​ចិន​បំពាក់​អាវុធ​ថ្មី​ ការ​ចាក់​ប្រេង ​និង​សេវា​ ស្ថិតនៅ​ទល់មុខឆ្នេរ​ខាង​កើត​សហរដ្ឋ​អាមេរិក ។ កំពង់ផែយោធានៅបាតា ឆ្ងាយពីរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី នៅលើឆ្នេរសមុទ្រភាគឦសានជិត ១០.០០០ គីឡូម៉ែត្រ ស្ថិតនៅលើជ្រុងម្ខាងនៃមហាសមុទ្រអាត្លង់ទិក ។ ប្រសិនបើមើលតាមផែនទីនឹងឃើញសហរដ្ឋអាមេរិកស្ថិតនៅភាគខាងជើង ពីជ្រុងម្ខាងនៃប្រទេសអ៊ីក្វាទើរៀល ហ្គីណេ ។

ទោះជានៅឆ្ងាយប៉ុនណេះក៏ដោយ ប៉ុន្តែការបង្កើតមូលដ្ឋានទ័ពជើងទឹកចិន នៅលើឆ្នេរខាងលិចរបស់អាហ្វ្រិក បានបង្កើតភាពច្របូកច្របល់ក្នុងចិត្តរបស់សហរដ្ឋអាមេរិកមិនតិចឡើយ ។

កាលពីខែតុលា ឆ្នាំកន្លងទៅ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបញ្ជូនទីប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់ ទៅកាន់ប្រទេសអ៊ីក្វាទើរៀល ហ្គីណេ ជាប្រទេសផលិតប្រេងខ្នាតតូច ដែលមានផ្ទៃដីត្រឹម ២៨.០៥០ គីឡូម៉ែត្រក្រឡា និងមានប្រជាជន ១.៤៨ លាននាក់ ដើម្បីបញ្ចុះបញ្ជូល (lobby) មិនឲ្យចិនចូលបានបង្កើតមូលដ្ឋានទ័ពនៅទីនោះ ប៉ុន្តែមិនបានសម្រេចឡើយ ។

របាយការណ៍នៅក្នុងទស្សនាវដ្តី The Economist បាននិយាយថា ប្រទេសចិនបានទទួលជោគជ័យក្នុងការបញ្ចុះបញ្ចូលទៅលើគ្រួសារផ្តាច់ការរបស់អ៊ីក្វាទើរៀល ហ្គីណេ ដោយសារ«សាបព្រួសទឹកលុយ» រួមជាមួយនឹងហេតុផលដើម្បីជួយបង្ក្រាបចោរសមុទ្រនៅក្នុងឈូងសមុទ្រហ្គីណេ ដែលបានក្លាយជារូងចោរសមុទ្រដ៏ខ្លាំងថ្មីរបស់ទ្វីបអាហ្រ្វិក ។

កំពង់ផែយោធាបាតា នឹងក្លាយជាមូលដ្ឋានយោធាទីពីររបស់ចិននៅលើទ្វីបអាហ្រ្វិក ដោយកំពង់ផែទីមួយ គឺនៅ ចិបូទី(Djibouti) ឆ្នេរសមុទ្រក្រហម ឆ្នេរសមុទ្រខាងជើង ។ ការ​សាង​សង់​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ ២០១៦ ដោយ​ក្លាយ​ជា​មូលដ្ឋាន​ទ័ព​បរទេសលើកដំបូង និងតែមួយគត់ រហូត​ដល់​ពេល​នេះ ។

រដ្ឋាភិបាលចិននិយាយថា មូលដ្ឋានទ័ពជើងទឹកចិបូទី សាងសង់ឡើងអស់ទឹកប្រាក់ ៥៩០ លានដុល្លារ ដើម្បីគាំទ្រប្រតិបត្តិការបង្ក្រាបចោរសមុទ្ររបស់កងកម្លាំងអន្តរជាតិ និងធានាផ្លូវសមុទ្រសំខាន់ៗ ជាពិសេសនាវាដឹកប្រេងពីមជ្ឈិមបូព៌ាទៅកាន់ប្រទេសចិន និងធ្វើឱ្យប្រទេសចិនក្លាយជាមូលដ្ឋានប្រតិបត្តិការ ការការពារប្រជាពលរដ្ឋរបស់ពួកគេនៅក្នុងភូមិភាគនោះ ។

ក្នុងឆ្នាំ ២០១១ កងទ័ពជើងទឹកចិនបានជួយជម្លៀសពលរដ្ឋចិនប្រហែល ៣០.០០០ នាក់ ចាកចេញពីប្រទេសលីប៊ី ដែលជាប្រទេសជាប់មាត់សមុទ្រនៅលើសមុទ្រមេឌីទែរ៉ាណេ អាហ្វ្រិកខាងជើងកណ្តាល ក្នុងពេលប្រទេស​លីប៊ី​ចូល​ក្នុង​ភ្លើងសង្គ្រាម​ស៊ីវិល ។

សារព័ត៌មានលោកខាងលិចរាយការណ៍ថា រដ្ឋាភិបាលចិនកំពុងចរចាជាសម្ងាត់ ជាមួយរដ្ឋាភិបាលតង់ហ្សានី ដែលជាប់ឆ្នេរសមុទ្រឥណ្ឌា នៅកណ្តាលភាគខាងកើតនៃទ្វីបអាហ្វ្រិក ដើម្បីសាងសង់មូលដ្ឋានទ័ពជើងទឹកទី៣ នៅអាហ្វ្រិក ។

រ៉ាយអាន់ ម៉ារទីនសុន (Ryan Martinson) សាស្ត្រាចារ្យមហាវិទ្យាល័យណាវ៉ាល់ វ៉រ (Naval War) សហរដ្ឋអាមេរិក នៅ ញូវផត (Newport) រដ្ឋរ៉ូដ អាយលេនដ៍ (Rhode Island) បាននិយាយថា ក្រុមអ្នកវិភាគយោធាចិន ណែនាំ និងគាំទ្ររដ្ឋាភិបាលក្រុងប៉េកាំងដោយបើកចំហ PLA គួរតែពង្រីកការវាយលុករបស់ខ្លួនទៅក្នុងដែនទឹកដ៏ឆ្ងាយ ដើម្បីបង្វែរការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិក ពីដែនទឹកជិតចិនដីគោក ។

 

ក្នុង​សៀវភៅ​ដែល​សរសេរ​ដោយ​លោក ហ៊ូ ប៉ូ (Hu Po) អ្នក​ជំនាញ​ខាងយុទ្ធសាស្ត្រ​អន្តរជាតិ សកលវិទ្យាល័យ ប៉េកាំង ហ៊ូ ទទួលស្គាល់ថា កងទ័ពជើងទឹកចិនមានទំនាក់ទំនងជាមួយ PLA ដោយមិនអាចប្រៀបធៀបបាន ជាមួយនឹងកម្លាំងរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅក្នុងដែនទឹកឆ្ងាយ ប៉ុន្តែ PLA អាចប្រយុទ្ធបាន និងអាចទប់ទល់នឹងកងកម្លាំងអាមេរិកមួយចំនួន បើ​ការ​ប្រយុទ្ធ​គ្នា​កើត​ឡើង​ក្នុង​ដែន​ទឹក​អាស៊ី​បូព៌ានោះ ។

ចំណែកអត្ថបទរបស់ ឧត្តមសេនីយ៍ឯក លី ហ្សេ (Liu Ze) មេបញ្ជាការកងនាវាចរលៀវនីង ដែលជានាវាផ្ទុកយន្តហោះដំបូងគេរបស់យោធាចិនក្នុងឆ្នាំ ២០១៧ សរសេរថា ជាងនេះចិនបានពង្រីកមូលដ្ឋានឆ្ងាយប៉ុនណាដែនដីក៏បានសុវត្ថិភាពប៉ុនណឹងដែរ ។

បច្ចុប្បន្នវិសាលភាពនៃប្រតិបត្តិការរបស់នាវាកងទ័ពជើងទឹកចិន ពួកគេភាគច្រើនស្ថិតនៅក្នុងដែនទឹក ឥណ្ឌូ-ប៉ាស៊ីហ្វិក ខណៈពេលដែលកងនាវាចរអាមេរិក ពង្រីកវិសាលភាពទៅគ្រប់តំបន់នៃពិភពលោក ៕

រូបភាពពី GETTY IMAGES


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម