ប្រសិនបើផ្ទុះសង្គ្រាមមែន រុស្ស៊ី អ៊ុយក្រែន ណាតូ នរណាមានយុទ្ធភ័ណ្ឌប្រៀបជាងនរណា?

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី05 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 9:01 នាទី ល្ងាច

ប្រភពពី www.bbc.com

ដោយ សូរ្យរិទ្ធ ​៖

ការជូនដំណឹងអំពីការវាយប្រហាររបស់រុស្ស៊ីទៅលើអ៊ុយក្រែន បានបន្លឺឡើងរាល់ពេល ដោយសារ​រុស្ស៊ី​មិន​ចង់​ឲ្យអ៊ុយក្រែន ដែលជាអតីតសាធារណរដ្ឋមួយ នៃអតីតសហភាពសូវៀត ចូលរួមជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬ NATO ហើយចង់ឱ្យមហាអំណាចលោកខាងលិចធានាថារឿងនេះមិនកើតឡើងទេ ។

ប៉ុន្តែការទាមទាររបស់រុស្ស៊ី ធ្វើឲ្យប្រទេសលោកខាងលិចមិនយល់ព្រមឡើយ ជាហេតុធ្វើឲ្យរុស្ស៊ីបង្កើនកម្លាំងយោធាដល់ ១០០.០០០ នាក់នៅតាមព្រំដែនជាមួយប្រទេសអ៊ុយក្រែន ស្របពេលដែលប្រទេសលោកខាងលិច ពូនកម្លាំងទៅជួយអ៊ុយក្រែន រួមទាំងសហរដ្ឋអាមេរិកផង ក៏មិនតិចដែរ ។

គេបានប្រៀបធៀបកម្លាំងយោធា និងយុទ្ធភ័ណ្ឌរបស់រុស្ស៊ី អ៊ុយក្រែន និង ណាតូ តើមួយជាងខ្លាំងជាង ?

 

រុស្ស៊ី

ពីមុនកម្លាំងយោធារបស់រុស្ស៊ីមានត្រឹម ៣៥.០០០ នាក់ប៉ុនណោះប្រចាំការនៅតាមព្រំដែនអ៊ុយក្រែន តែបច្ចុប្បន្នបានបន្ថែមឡើងដល់ ១០០.០០០ នាក់ ។

ប៉ុន្តែ​អ្នក​វិភាគ​លោក​ខាង​លិច​ខ្លះ​និយាយ វាមិនច្បាស់ទេថាតើ តើ​រុស្ស៊ី​បាន​ចល័ត​គ្រឿងយុទ្ធោករណ៍ និង​កម្លាំង​ដែល​ចាំបាច់​សម្រាប់​ការ​វាយប្រហារ​​ហើយ​ឬ​នៅ? ដោយសារតែគេមិនទាន់ឃើញមានមន្ទីរពេទ្យចល័ត និងប្រតិបត្តិករនៅក្នុងតំបន់មួយចំនួន ដែលប្រសិនបើបុគ្គលិកពេទ្យមកដល់ នោះមាន​ន័យ​ថា រុស្ស៊ី​បាន​ត្រៀម​ខ្លួន​ជា​ស្រេចហើយ​ដើម្បី​វាយ​ប្រហារចូលអ៊ុយក្រែន ។

បន្ថែមពីនេះ រុស្ស៊ី​បាន​បញ្ជូន​ទាហាន​រាប់​ពាន់​នាក់​ទៅ​ធ្វើ​សមយុទ្ធ​រួម​ជាមួយប្រទេស​បេឡារុសទៀតផង ។ ប្រធានាធិបតីបេឡារុស អាឡិចសាន់ឌឺ លូកាសិនកូ បាននិយាយថា លោកនឹងជួយលោក វ្ល៉ាឌីមៀ ពូទីន ប្រសិនបើរុស្ស៊ីធ្វើសង្រ្គាម ។ អ្នកសង្កេតការណ៍លោកខាងលិចនិយាយថា សមយុទ្ធនេះ អាចជាឱកាសមួយដើម្បីហ្វឹកហាត់សម្រាប់បេសកកម្មវាយប្រហារអ៊ុយក្រែន ។ ជាមួយ​នឹង​រូបភាព​ដែល​បាន​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត​អះអាង​ថា​ វាពណ៌នាអំពីការដឹកជញ្ជូនឧបករណ៍ផ្សេងៗ ដូចជារថពាសដែក រថក្រោះ និងគ្រាប់រ៉ុក្កែត ឆ្ពោះទៅកាន់តំបន់ធ្វើសមយុទ្ធ ។

លើសពីនេះ រុស្ស៊ី​កំពុង​រៀបចំ​សមយុទ្ធ​ជើងទឹក​ជុំវិញ​ពិភពលោក ពីមហាសមុទ្រអាត្លង់ទិក ទៅមហាសមុទ្រប៉ាស៊ីហ្វិក ដែលបានចាប់ផ្តើមពីខែមករាដល់ខែកុម្ភៈជាមួយនាវាចម្បាំង និងនាវាជំនួយចំនួន ១៤០ គ្រឿង យន្តហោះ ៦០ គ្រឿង ទាហាន ១០.០០០ នាក់ ។ ប៉ុន្តែវាមិនច្បាស់ទេថាតើសមុទ្រខ្មៅ និងឆ្នេរសមុទ្រអ៊ុយក្រែន តើ​វា​នឹង​ក្លាយ​ជា​គោល​ដៅ​នៃ​សមយុទ្ធ​នេះ​ដែរ​ឬ​ទេ?

អ៊ុយក្រែន

ទាំងអាវុធយុទ្ធភ័ណ្ឌ និងកម្លាំងពល បើធៀបនឹងរុស្ស៊ីច្បាស់ជាទៅមិនរួចឡើយ ហេតុដូច្នេះហើយទើបធ្វើឲ្យអង្គការណាតូត្រូវតែបញ្ជូនកម្លាំងទៅគាំទ្រអ៊ុយក្រែនជាចាំបាច់ ។

ណាតូ

ណាតូជាក្រុមប្រទេសសម្ព័ន្ធមិត្តខាងយោធា ដែលបង្កើតឡើងក្នុងឆ្នាំ ១៩៤៩ ក្នុងគោលបំណងដើម្បីតស៊ូជាមួយការគំរាមកំហែងពីរុស្ស៊ី ដែលធ្លាប់វាតទីអំណាចចូលក្នុងអឺរ៉ុបក្រោយសង្គ្រាមលោក ហើយរដ្ឋជាសមាជិកបានចុះសន្ធិសញ្ញាក្នុងការជួយគ្នាទៅវិញទៅមក ក្នុងករណីរដ្ឋជាសមាជិកត្រូវវាយប្រហារដោយអាវុធ ។

សហរដ្ឋអាមេរិក បានបញ្ជូនសព្វាវុធយុទ្ធភ័ណ្ឌ ៩០ តោនទៅឲ្យអ៊ុយក្រែន រួមទាំងគ្រាប់រំសេវ កាំជ្រួចប្រឆាំងរថក្រោះ Javeline និងសព្វាវុធផ្សេងៗ ខណៈដែលចក្រភពអង់គ្លេសបានផ្គត់ផ្គង់កាំជ្រួចប្រឆាំងរថក្រោះរយៈចម្ងាយខ្លី ។

សមាជិកណាតូមួយចំនួនរួមមាន ដាណឺម៉ាក អេស្បាញ បារាំង និងហូឡង់ បានបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំងទៅកាន់អឺរ៉ុបខាងកើត ដើម្បីពង្រឹងការការពារស្វ័យភាពក្នុងតំបន់ ។

ក្រុមប្រទេសបាល់ទិក

ក្នុងប្រទេសអេស្តូនី, ឡាត់វី និងប៉ូឡូញ ណាតូមានកងកម្លាំង ៤.០០០ នាក់ប្រចាំការនៅក្នុងតំបន់ មានទាំងកងកម្លាំង​រថក្រោះ កងកម្លាំងអាកាស ផ្នែកចារកម្ម និង កងល្បាត កងកម្លាំងទាំងនោះនឹងធ្វើការចល័តភ្លាមៗ ប្រសិនរុស្ស៊ីឈ្លានពាន ។

នៅក្នុងប្រទេសរ៉ូម៉ានី មានកងកម្លាំងចម្រុះប្រចាំការ ៤.០០០ នាក់ ស្របពេលដែលសហរដ្ឋអាមេរិក មានទាហានប្រចាំការក្នុងមូលដ្ឋានទ័ពនៅរ៉ូម៉ានី  និងប៊ុលហ្គារី រីឯបារាំងបានស្នើកម្លាំងទៅបន្ថែម ខណៈដែលសម្ព័ន្ធមិត្តនានា ក៏បញ្ជូនយន្តហោះទៅគាំទ្រ ការល្បាតខាងអាកាសជាប់ជាប្រចាំ ។

ក្នុងឆ្នាំនេះ បារាំងបានបញ្ជូនទ័ពអាកាស ទ័ពជើហគោក និងជើងទឹក ចូលរួមជាមួយកងកម្លាំងរួម Very High Readiness Joint Task Force របស់ណាតូច្រើនបំផុតដូចអាល្លឺម៉ង់ជាដើម ដោយកងកម្លាំងទាំងនេះមានយ៉ាងតិច ៥.០០០ នាក់ អាចប្រតិបត្តិការបានក្នុង ៧២ ម៉ោង និងនៅក្នុងស្ថានភាពត្រៀមប្រតិបត្តិការរបស់ណាតូ ។

សម្រាប់កងកម្លាំងរបស់សហរដ្ឋអាមេរិកក្នុងអឺរ៉ុប ការិយាល័យស្រាវជ្រាវនៃសភាសហរដ្ឋអាមេរិកនិយាយថា មាន ៧៤.០០០ នាក់ ប៉ុន្តែភាគខ្លះជាកងកម្លាំងមិនបានប្រចាំការពេញពេលទេ ដោយណាតូអាចមានលទ្ធភាពបញ្ជាចល័តដ៏ធំនេះបាន ។

ក្រៅពីនេះ ក្រុមសម្ព័ន្ធមិត្ត និងបណ្តាញរបស់ណាតូ នៅមានកងកម្លាំងផ្សេងៗទៀត ដូចជា នៅឈូងសមុទ្របាល់ទិក និងសមុទ្រមេឌីទែរណេ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម