ថ្មី ! សារសំឡេងរបស់សម្តេចតេជោ អំពាវនាវកាត់បន្ថយការជួបជុំផឹកស៊ី និងពិធីខាងសាសនា អាពាហ៍ពិពាហ៍ឲ្យមានកម្រិត...

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី08 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 8:40 នាទី ល្ងាច

សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារជាសំឡេងនៅរាត្រីថ្ងៃនេះ (៨ មករា) ដែល «មតិអ្នក» ទទួលបាន ទាក់ទងនឹងជំងឺកូវីដដែលចេះតែកើនឡើងជារៀងរាល់ថ្ងៃ បន្ទាប់ពីថ្ងៃនេះ ឡើងដល់ជាង ២០០ ករណី ដែលសភាពការណ៍នេះ សម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានការជួបជុំ ឲ្យការពារខ្លួនជាចាំបាច់ បន្ថែមទៅលើវិធានការមានស្រាប់ «៣កុំ ៣ការពារ» ។

សម្តេចបានអំពាវនាវចំពោះប្រជាពលរដ្ឋថា «ត្រូវកាត់បន្ថយការជួបជុំ ផឹកស៊ី កម្សាន្តសប្បាយ ដើម្បីធានានូវការគម្លាតសុវត្ថិភាព ការប្រារព្ធពិធីខាងសាសនា ការរៀបអាពាហ៍ពិពាហ៍ គួរត្រូវបានកម្រិត ។ សម្តេចមានប្រសាសន៍ថា យើងធ្វើនេះមិនមែនជាការដើរថយក្រោយនោះទេ គឺជាការទប់ទល់ដែលកើតជាយថាហេតុ ។ អូមីក្រុងកំពុងរាលដាលនៅទីក្រុងភ្នំពេញ បើយើងមិនប្រយ័ត្ននោះទេ វានឹងរាលដាលនៅទូទាំងប្រទេស...» ។

សម្តេចអំពាវនាវម្តងហើយម្តងទៀត សូមគ្រប់កន្លែងទាំងអស់ត្រូវត្រួតពិនិត្យឲ្យបានម៉ដ្ឋចត់ នូវការអនុវត្តវិធានការ «៣កុំ ៣ការពារ» សំខាន់ទៅលើការពាក់ម៉ាស ការលាងដៃ និងការរក្សាគម្លាត និងចៀសវាងនូវការជួបជុំណាដែលមានចរិតជាការឆ្លង ។

សម្តេចក៏បានអំពាវនាវចំពោះប្រជាពលរដ្ឋ សូមទទួលយកនូវការចាក់វ៉ាក់សាំងដូសទីបីឲ្យបានគ្រប់ៗក្នា ព្រោះជាអាយុជីវិតរបស់បងប្អូន ព្រោះយើងមានភាពស៊ាំនៅក្នុងខ្លួន ហើយបានកាត់បន្ថយនូវអត្រានៃការស្លាប់ ឬអត្រានៃការឈឺធ្ងន់ ។ ចំពោះអ្នកមិនទាន់បានចាក់វ៉ាក់សាំងដំបូងក៏ត្រូវចាក់ ហើយអ្នកដែលបានចាក់ដូសទីពីរ ក៏ត្រូវចាក់ដូសទីបីជាបន្ទាន់ ។

សម្តេចបានបញ្ជាដល់ក្រសួងសុខាភិបាល អាជ្ញាធរថ្នាក់ ថ្នាក់ក្រោមជាតិ ស្ថាប័នពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋចូលរួម យកចិត្តទុកដាក់ប្រុងប្រយ័ត្នឲ្យបានខ្ជាប់ខ្ជួន ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម