ឯកឧត្តម អ៊ាង សុផល្លែត ជម្រុញឲ្យប្រជាពលរដ្ឋប្រើប្រាស់ថង់បរិស្ថាន ដើម្បីកាត់បន្ថយប្លាស្ទិក ដែលបង្កហានិភ័យដល់សុខុមាលភាពមនុស្ស និងប៉ះពាល់បរិស្ថាន

ព័ត៌មានសង្គមថ្ងៃសុក្រ ទី11 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 6:34 នាទី ល្ងាច

ត្បូងឃ្មុំ ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអូររាំងឪ ក្នុងយុទ្ធនាការ «កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្រ្ដកបរិស្ថាន» បានជំរុញឱ្យប្រជាពលរដ្ឋប្រើប្រាស់ថង់បរិស្ថាន ដើម្បីកាត់បន្ថយប្លាស្ទិក ដែលបង្កហានិភ័យដល់សុខភាពមនុស្ស ពិសេសប៉ះពាល់បរិស្ថានយ៉ាងធ្ងន់ធ្ងរនៅលើភពផែនដី។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្ថែមថា ថង់ប្លាស្ទិកផលិតឡើងមានសារធាតុគីមីច្រើន ដែលបានបង្កផលប៉ះពាល់ដល់សុខុមាលភាពរបស់មនុស្សជាតិ នាំឱ្យកើតជម្ងឺជាច្រើនប្រភេទ ក្នុងនោះក៏មានជម្ងឺមហារីកផងដែរ មិនតែប៉ុណ្ណោះអនាម័យបរិស្ថាន និងសោភ័ណភាពក៏ត្រូវបានបំផ្លាញដោយសំណល់ប្លាស្ទិក ដែលកើតឡើងនៅតាម ទីសាធារណៈ ទីក្រុង ទីប្រជុំជន រហូតដល់ភូមិឋាន និងតំបន់បេតិកភណ្ឌធម្មជាតិ និងប្រវត្តិសាស្រ្ត រួមសមុទ្រផងដែរ។

ឯកឧត្តម បានបញ្ជាក់ដែរថា យុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិកនេះ គឺបានឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នាដើម្បីកិច្ចគាំពារបរិស្ថាន និងបង្ហាញពីការយកចិត្តទុកដាក់របស់កម្ពុជា រួមជាមួយប្រជាជាតិលើសកលលោក ដើម្បីបុព្វហេតុរួមចំណែកការពារនិងថែរក្សាគុណភាពបរិស្ថានភពផែនដី ឱ្យឈានឆ្ពោះទៅកាន់ការរស់នៅប្រកបដោយចីរភាព សម្រាប់មនុស្សជាតិបច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយៗទៀត និងការពារសោភ័ណភាពមូលដ្ឋាន និងតំបន់បេតិកភណ្ឌរបស់យើងទាំងអស់គ្នា ។ ឯកឧត្តមបានសំណូមពរដល់ប្រជាពលរដ្ឋគួរប្រែក្លាយទម្លាប់ងាកមកប្រើប្រាស់ថង់ ឬកន្រ្តកបរិស្ថាន ដែល ជួយសន្សំសំចៃថវិកា និងងាយស្រួលទុកដាក់ថែមទៀតផង។

សូមបញ្ជាក់ថា យុទ្ធនាការ «កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្រ្ដកបរិស្ថាន» ប្រព្រឹត្តទៅនៅផ្សារអូររាំងឪ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពី ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្ដម លោក លោកស្រីថ្នាក់ដឹកនាំក្រសួងបរិស្ថាន លោក លោកស្រីថ្នាក់ដឹកនាំរដ្ឋបាលខេត្តត្បូងឃ្មុំ អាជ្ញាធរស្រុកអូររាំងឪ យុវជន សសយក សិស្សានុសិស្ស ប្រជាពលរដ្ឋ និងអាជីវករផ្សារអូររាំងឪមួយចំនួនទៀត។ យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណង ៖

១)ផ្សព្វផ្សាយជាផ្លូវការនូវចលនាទូលំទូលាយរួមគ្នាកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា តាមគោលការណ៍ស្ម័គ្រចិត្តស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពី ការគ្រប់គ្រងថង់ប្លាស្ទិក

២)ជំរុញ និងលើកទឹកចិត្តដល់អាជីវករឱ្យបញ្ឈប់ជាអចិន្រ្តៃយ៍នូវការផ្តល់ថង់ប្លាស្ទិកដោយមិនគិតថ្លៃដល់អតិថិជន

និង៣)ចូលរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ តាមរយៈការផលិតកន្រ្តកដែលធ្វើពីចចូតជាផលិតផលក្នុងស្រុក។

តាមរយៈយុទ្ធនាការនេះ គណៈអធិបតី បានប្រគល់នូវកន្រ្ដកបរិស្ថានជូនអ្នកចូលរួម និងបានអញ្ជើញសំនេះសំណាលផ្សព្វផ្សាយការប្រើប្រាស់កន្រ្តកបរិស្ថានជាមួយប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារអូររាំឪ  ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីជំរុញការឈប់ប្រើប្រាស់ប្លាស្ទិកក្នុងជីវភាពប្រចាំថ្ងៃ៕

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម