ទិវានៃក្តីស្រឡាញ់ ជូនផ្កា ស្ករសូកូឡា  កាដូ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី13 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 7:28 នាទី ល្ងាច

admin: Bong Rith Kh

បុណ្យនៃសេចក្តីស្រឡាញ់ ដែលបរទេសហៅថា Saint Valentine's ឥឡូវនេះអាចត្រូវបានគេប្រារព្ធនៅទូទាំងពិភពលោក ប៉ុន្តែប្រពៃណីនៃប្រទេសនីមួយៗវាខុសគ្នាខ្លាំងណាស់ ហើយជួនកាលមិនមានអ្វីពាក់ព័ន្ធជាមួយស្នេហាទាល់តែសោះ ។

ទិវានៃក្តីស្រឡាញ់ឆ្នាំ ២០២២៖ ខណៈដែលនៅអឺរ៉ុប វាជារឿងសម្រាប់គូស្នេហ៍ដែលកក់ក្ដៅ ប៉ុន្តែនៅសហរដ្ឋអាមេរិក គឺមានច្រើនទៅលើសិស្សសាលាដែលប្រារព្ធមិត្តភាព ខណៈពេលដែលស្ត្រីនៅប្រទេសជប៉ុនផ្តល់សូកូឡាដល់ថៅកែរបស់ពួកគេ ។

ទិវានៃក្តីស្រឡាញ់ គឺធ្លាប់ជាកិច្ចការដ៏ឃោរឃៅ ដើមកំណើតរបស់វាត្រូវបានគេគិតថាត្រឡប់ទៅពិធីបុណ្យបន្សុតរ៉ូម៉ាំង Lupercalia នៅពេលដែលបុរសវ័យក្មេងអាក្រាតកាយ បានវាយនារីវ័យក្មេងដើម្បីធ្វើឱ្យពួកគេកាន់តែមានកូន។

នៅកម្ពុជា កាលពីជាង ១០ឆ្នាំមុន ឆ្នាំដំបូងៗដែលយុវវ័យខ្មែរបានជ្រួលជ្រើមនោះ មិនមែនហៅ«ទិវានៃសេចក្តីស្រឡាញ់» ទេ តែត្រូវបាននាំគ្នាហៅថា «ថ្ងៃនៃសេចក្តីស្នេហា» រហូតនារីមិនតិចអ្នកទេ ដោយយល់ថា ជាថ្ងៃកាដូខ្លួនប្រាណឲ្យសង្សារទៅវិញ ។ នេះពិតជាសផ្តេសផ្តាសហួសហេតុ ដែលខ្លះប្រើពាក្យថា «ថៃ្ងបងណាក់ (ផ្ទះសំណាក់)» ។ ប៉ុន្តែដោយឥទ្ធិពលរបស់ក្រសួងអប់រំ និងរាល់សារព័ត៌មានបានផ្សព្វផ្សាយណែនាំជារៀងរាល់់ឆ្នាំ ទើបឆ្នាំក្រោយៗមក យើងសង្កេតឃើញត្រឹមតែ ទិញ​ផ្កាកុលាប និង កាដូ តូចធំ ឲ្យគ្នា និងគ្រួសារទៅវិញទៅមក ។

Valentine's រឿង​រ៉ាវ​​នោះ​បាន​​ពាក់​ព័ន្ធ​​​​​​​​​​​​​នឹង​​​​សម័យ​កាល​​ ចក្រភព​​​រ៉ូម​​ ពេល​ព្រះ​វិហារ​កាតូលិក បាន​​​ទទួល​ស្គាល់​ សម្ដេច​​សង្ឃ​​បី​​នាក់​ផ្សេង​គ្នា ឲ្យ​​ឈ្មោះ​ថា លោក Valentine ឬ Valentinus ដែល​ជា​​អ្នក​បូជា​ជីវិត​​ឲ្យ​សាសនា ។ មាន​រឿង​មួយ​ដំណាល​ទាក់ទង​​អំពី បព្វជិត​​ម្នាក់​គឺ លោក Valentine ​ដែល​បាន​បម្រើ​​សាសនា​​ ក្នុង​សតវត្ស​រ៍ទី ៣ ដែល​បាន​ជួយ​ការពារ​​នៃ​សេចក្ដី​ស្រលាញ់​ដល់​គូ​ស្នេហ៍​​ជន​ជាតិ រ៉ូម៉ាំង។ ​​​

សម័យនោះ​​ ​អធិរាជ ចក្រភព​​​រ៉ូម Claudius II បាន​យល់​ថា បុរស​ៗ​ដែល​នៅ​លីវ​ជា​ច្រើន គឺ​ជា​​កង​ទ័ព​ដែល​​​មាន​សមត្ថភាព​​ជាង​ បុរស​ៗ​ដែល​មាន​​​ប្រពន្ធ​និង​គ្រួសារ​ ដូច​នោះ​ហើយ អធិរាជ​បាន​សម្រេច​​​ប្រកាស​ដាក់​ឲ្យ ការ​​រៀប​ការ​​សម្រាប់​បុរស​ៗ​យុវវ័យ​ គឺ​ជា​រឿង​ខុស​ច្បាប់។ នៅ​ពេល​ ឃើញ​រឿង​​​​​​​អយុត្តិធម៌​បែប​នេះ លោក Valentine ដែល​ជា​ សង្ឃ​គ្រិស្តសាសនា បាន​ប្រឆាំង​ជំទាស់​​​នឹង​​ច្បាប់​របស់​អធិរាជ​​​ដោយ​លួច​លាក់​ ដោយ​​លោក​ជួយ​​រៀប​ចំ​ផ្សំ​ផ្គុំ​​ពិធី​រៀប​ការ​ឲ្យ គូ​ស្នេហ៍​​ក្មេង​ៗ​ជា​សម្ងាត់។ ក្រោយ​ពេល​ អធិរាជ​​ដឹង​រឿង​នោះ ក៏​បាន​បញ្ជា​ឲ្យ​​​​ចាប់​ លោក​ Valentineដាក់​​គុក​​និង​​កាត់​ទោស​ប្រហារ​ជីវិត ។ 

ប្រភព​​ដើម​នៃ​ទិវា​នៃ​ក្ដី​ស្រលាញ់ Valentine's Day ត្រូវ​គេ​ជឿ​ថា គឺ​ប្រារព្ធ​ឡើង​​នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ ដើម្បី​រំឭក​​ពី​ខួប​នៃ​មរណ​ភាព​​របស់ លោក Valentine។ ការ​ប្រារព្ធ​​នោះ បាន​ចាប់​ធ្វើ​ឡើង​ក្នុង​អំឡុង​ឆ្នាំ​ ២៧០ មុន​គ្រិស្តសករាជ។ ជា​មួយ​គ្នា​នោះ ការ​អះ​អាង​​ជា​ច្រើន​ទៀតថា ព្រះ​វិហារ​កាតូលិក បាន​​សម្រេច​​កំណត់​យក​ថ្ងៃ​បុណ្យ​ Valentine Day នៅ​​ពាក់​កណ្ដាល​ខែ​កុម្ភៈ ​ដើម្បី​​ឲ្យ​​​​​​មាន​​ការ​ញ៉ាំង​​​ឲ្យ​មាន​ការ​ជឿ​​គ្រិស្តសាសនា ពី​លើ​​​​​​ពិធី​ Lupercalia ។ ពិធី​ Lupercalia ជា​​ពិធី​បុណ្យ​​រំឭក​ដល់ Faunus អាទិទេព​​​​​នៃ​កសិកម្ម​ របស់​ចក្រភព​រ៉ូម និង​ឧទ្ទិស​ដល់​អ្នក​បង្កើត​​ក្រុង​រ៉ូម គឺ ​Romulus និង Remus ផង​ដែរ។ នា​ចុង​​សតវត្ស​ទី​ ៥ សម្ដេច​​ប៉ាប Gelasius បាន​ប្រកាស​ថា ថ្ងៃ​ ១៤ កុម្ភៈ​​ជា​ថ្ងៃ St. Valentine's Day ដែល​ក្រោយ​មក​ វា​ក្លាយ​ជា​ថ្ងៃ​​ពាក់​ព័ន្ធ​នឹង​​ក្ដី​ស្រលាញ់។ នា​ថ្ងៃ ១៤ កុម្ភៈ នៅ​ប្រទេស អង់គ្លេស​ និង​ ប្រទេស​បារាំង ជឿ​ថា ជា​ថ្ងៃ​នៃ រដូវ​កាល​​ចាប់​ផ្ដើម​ រក​គូ នៃ​សត្វ​បក្សី​ផង​ដែរ ដែល​នោះ​ជា​គំនិត​​​បង្ហាញ​ថា ថ្ងៃ​ Valentine's Day ជា​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់។

​​ហេតុ​អ្វី​បាន​ជា​ផ្កា​កុលាប​ ពាក់​ព័ន្ធ​ជា​មួយ​ថ្ងៃValentine's Day ?

ផ្កា​កុលាប ត្រូវ​បាន​ចាត់​ទុក​ជា​តំណាង​នៃ​ក្ដី​​ស្រលាញ់​ចាប់​តាំង​ពី មុន​​ទសវត្ស​ឆ្នាំ​ ១៧០០ ដោយ​​ស្ដេច Charles II នៃ​ប្រទេស​ស៊ុយអែត​ នាំ​យក​ ​សិល្បៈ​នៃ​ផ្កា ទៅ​តំបន់​អឺរ៉ុប។ ផ្កា​​កុលាប ពណ៌​ក្រហម ត្រូវ​គេ​ជឿ​ថា ជា​ផ្កា​​របស់ Venus អាទិទេព​នៃ​ក្ដី​​ស្រលាញ់ ​របស់​ចក្រភព រ៉ូម ជា​តំណាង​នៃ​ក្ដី​ស្រលាញ់៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម