អត្ថបទ សូរ្យរិទ្ធ៖
ដឹងពីប្រវត្តិប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ សេលេនស្គី ដែលកំពុងកើតសង្គ្រាមដ៏ធំជាប្រវត្តិសាស្ត្រ ចាប់តាំងពីបំបែកខ្លួនពីអតីតសហភាពសូវៀត ឆ្នាំ ១៩៩១ ។ លោកជាអតីតតួត្លុកកំប្លែង បានក្លាយជាប្រធានាធិបតី ។
លោក សេលេនស្គី បច្ចុប្បន្នក្នុងវ័យ ៤៤ ឆ្នាំ ពីអតីតជាតួត្លុកកំប្លែង និងធ្លាប់សម្តែងក្នុងភាពយន្ត Servant of the People ។ គាត់មិនធ្លាប់មានបទពិសោធខាងនយោបាយទេ ប៉ុន្តែនៅពេលរកសំឡេងឆ្នោតមានប្រជាប្រិយភាពរហូតទទួលបានជ័យជម្នះ ៧០% ។ លោកមានឆន្ទៈបង្ក្រាបការកេងប្រវញ្ច ប្រឆាំងអំពើពុករលួយ មានយុត្តិធម៌ខាងច្បាប់នៅតំបន់ខាងកើតប្រទេស ។
លោក សេលេនស្គី ជាប្រធានាធិបតីទី ៦ របស់អ៊ុយក្រែន ដោយឡើងកាន់តំណែងកាលពីខែឧសភា ឆ្នាំ ២០១៩ ។ មិនអាច បដិសេធចំពោះការពិតបានដែលថា ទោះបីជាលោក សេលេនស្គី មិនមានបទពិសោធខាងនយោបាយពីមុនក៏ដោយ ប៉ុន្តែគាត់បានដឹកនាំប្រទេសលើបញ្ហាទំនាក់ទំនងអន្តរជាតិ ដល់ចំណុចមួយនៃការចង់ក្លាយជាសមាជិកនៃអង្គការណាតូ (NATO) ឬអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬអូតង់ ហើយដែលធ្វើឱ្យអ្វីៗទាំងអស់មានជម្លោះជាមួយរុស្ស៊ី។ មកដល់ចំណុចនេះហើយ ទើបរុស្ស៊ីក្រោមការដឹកនាំរបស់លោក វ្ល៉ាឌីមៀ ពូទីន មិនចង់ឲ្យអ៊ុយក្រែនចូលក្នុងអង្គការអូតង់ទេ ទើបភ្លើងសង្គ្រាមផ្ទុះឡើងនៅពេលនេះ ។
ក្នុងអំឡុងពេលនេះ នៅពេលមានភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន លោក សេលេនស្គី កំពុងប្រឈមមុខនឹងបញ្ហាដ៏ធំបំផុតក្នុងជីវិតរបស់គាត់ ព្រោះនេះជាយុគសម័យប្រវត្តិសាស្ត្ររបស់អ៊ុយក្រែន។
ទោះយ៉ាងណា សេលេនស្គី បានសារភាពថា គ្មានមេដឹកនាំប្រទេសលោកខាងលិចណាឆ្លើយតប OK ទេ គាត់ធ្លាក់ទឹកចិត្តយ៉ាងខ្លាំង ។ មតិរបស់ប្រជាជនអ៊ុយក្រែនបែងចែកជាពីរភាគី គឺការទទួលនិងលើកទឹកចិត្តលោក សេលេនស្គី ដែលត្រូវទទួលបន្ទុកធ្ងន់ណាស់ ហើយអ្នកដែលមិនចូលចិត្ត បានបន្ទោសគាត់ ក្នុងការនាំប្រទេសនេះឈានដល់ការផ្ទុះសង្គ្រាមដែលមនុស្សយ៉ាងហោចណាស់ ១៣៧ នាក់ត្រូវបានសម្លាប់ហើយ ៕