មីយ៉ាន់ម៉ា-ស៊ីរី ប្រកាសនៅខាងរុស្ស៊ី

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី01 ខែមិីនា ឆ្នាំ2022 ម៉ោង 6:55 នាទី ព្រឹក

 

អត្ថបទ សូរ្យសែង៖

ប្រធានាធិបតីស៊ីរី លោក បាសារ អាល់-អាសាដ (Bashar al-Assad) បានសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានា ធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន (Vladimir Putin) មួយថ្ងៃក្រោយការវាយប្រហារ ដោយសម្តែងការពេញចិត្តចំពោះការលុក លុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលបានចង្អុលបង្ហាញថា ជាការដោះស្រាយប្រវត្តិសាស្រ្ត និងស្តារតុល្យភាពនៃសណ្តាប់ធ្នាប់ពិភពលោក បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត ។ ស្របពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យរដ្ឋាភិបាលយោធា មីយ៉ាន់ម៉ាថ្លែងថា ក៏សូមគាំទ្រកងទ័ពរុស្ស៊ី គឺជាការត្រឹមត្រូវក្នុងការរក្សាអធិបតេយ្យភាពប្រកបដោយនិរន្តរភាព ។

រូបឯកសារ ប្រធានាធិបតីស៊ីរី បាសារ អាល់-អាសាដ ចាប់ដៃជាមួយលោកប្រធានាធិបតី ពូទីន (Getty Images)

 

 

លោក អាសាដ ក៏​បាន​ប្រាប់​លោក ពូទីន ទៀតថា ស៊ីរី​​ឈរជាមួយ​រុស្ស៊ី​ ស្ថិត​លើ​មូលដ្ឋាន​នៃ​ការ​ជឿជាក់​​ជំហរ​ត្រឹមត្រូវ ហើយ​ដោយសារ​ការ​ប្រឈមមុខ​នឹង​ការពង្រីក​អង្គការ​ណាតូ​ជា​សិទ្ធិ​របស់​រុស្ស៊ី បស្ចិមប្រទេស​ក៏​ទទួលខុសត្រូវ​ចំពោះ​ភាពចលាចល និង​ការបង្ហូរឈាម​ផងដែរ ដោយ​ប្រើ​ល្បិច​កខ្វក់​ដើម្បី​គាំទ្រ​ភេរវជន​នៅ​ស៊ីរី និង​ពួក​ណាស៊ី​នៅ​អ៊ុយក្រែន ។

មេដឹកនាំ​រុស្ស៊ី​ជា​សម្ព័ន្ធមិត្ត​សំខាន់​របស់​លោក​ អាសាដ លោកបានសម្រេចចិត្តធ្វើអន្តរាគមន៍ក្នុងសង្គ្រាមស៊ីវិលស៊ីរីក្នុងឆ្នាំ ២០១៥ ដោយបើកការវាយប្រហារតាមអាកាស ដើម្បីគាំទ្រដល់កងទ័ពរបស់ អាសាដ និងបញ្ជូនទាហានជាង ៦៣.០០០ នាក់ទៅកាន់ប្រទេសស៊ីរី ។ ការអន្តរាគមន៍របស់រុស្ស៊ីគឺជាចំណុចរបត់ដ៏សំខាន់មួយនៅក្នុងសង្គ្រាមនេះ អនុញ្ញាត​ឱ្យ​កងទ័ព​អាសាដ​ដណ្តើម​យក​ទឹកដី​ដែល​បាត់​បង់​មក​វិញ​ ។

រូបឯកសារឧត្តមសេនីយ័ជាន់ខ្ពស់ មីន អងឡាយ (ឆ្វេង) ចាប់ដៃជាមួយលោក សឺរហ្គេ សយគូ រដ្ឋមន្ត្រីការពាររុស្ស៊ី (Getty Images)

ចំណែកជំហររបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរដ្ឋាភិបាលលោក ហ្ស័រ មិន តុន (Zaw Min Tun) បាននិយាយកាលពីចុងសប្តាហ៍មិនថា កងទ័ពរុស្ស៊ីបានធ្វើអ្វីដែលខ្លួនមានហេតុផល ដើម្បីនិរន្តរភាពនៃអធិបតេយ្យភាពរុស្ស៊ី ហើយ​រុស្ស៊ី​បាន​បង្ហាញ​ពិភពលោក​ពី​ជំហរ​ខ្លួន​ជា​មហាអំណាច​ពិភពលោក ។

រុស្ស៊ី​ជា​សម្ព័ន្ធមិត្ត​ដ៏សំខាន់ និង​ជា​អ្នក​នាំ​ចេញ​អាវុធ​ដ៏​សំខាន់​មួយ​ដល់​មេទ័ព​មីយ៉ាន់ម៉ា ហើយជារឿយៗការពារមីយ៉ាន់ម៉ានៅអង្គការសហប្រជាជាតិ ។ របាយការណ៍​របស់​អ្នក​ជំនាញ​ឯករាជ្យ​ប្រចាំ​អង្គការ​សហប្រជាជាតិ​ចេញ​ផ្សាយ​ក្នុង​សប្តាហ៍​នេះ​បាន​និយាយ​ថា​ រុស្ស៊ី​និង​ចិន​ដែល​ជា​សម្ព័ន្ធមិត្ត​សំខាន់​មួយ​​របស់​មីយ៉ាន់ម៉ា នៅតែផ្តល់អាវុធដល់រដ្ឋាភិបាលយោធានេះ រួមទាំងយន្តហោះចម្បាំង និងរថពាសដែកផង ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម