ពូទីន ជាមនុស្សចិត្តដាច់ខ្លាំងណាស់ ! អ្នកជំនាញនាំគ្នាវិភាគ ថាតើ ពូទីន ហ៊ានចុចប៊ូតុងនុយក្លេអ៊ែរទេ?

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី02 ខែមិីនា ឆ្នាំ2022 ម៉ោង 7:22 នាទី ល្ងាច

ដោយបណ្ណាធិការ មតិអ្នក សូរ្យរិទ្ធ ៖

ក្នុងអតីតកាល ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ជាមនុស្សចិត្តដាច់ខ្លាមងណាស់ គាត់ហ៊ានសម្រេចធ្វើអ្វីគ្រប់យ៉ាងដែលគ្មានអ្នកណានឹកស្មានដល់ថាគាត់អាចធ្វើបាន សូម្បីការបញ្ចូលឧបទ្វីបគ្រីមៀ ការបញ្ឆេះសង្រ្គាមនៅតំបន់ ដុន​បាស (Donbas) ឬការលុកលុយពេញទំហឹងលើអ៊ុយក្រែនក៏ដោយ ។

ដូច្នេះ គ្មានអ្វីដែលលោក​​​ ពូទីន «ធ្វើមិនបាន» ឬ «ទម្លាក់ដៃ» នោះទេ ។ អ្វីគ្រប់យ៉ាងគឺអាចធ្វើទៅបានក្រោមការសម្រេចចិត្តរបស់អ្នកដឹកនាំ រួម​ទាំង​ការ​ដែល​លោក​ហ៊ាន​ចុច​ប៊ូតុង​បាញ់​អាវុធ​នុយក្លេអ៊ែរ​ប្រឆាំង​អ៊ុយក្រែន ឬប្រទេសអឺរ៉ុបដែលគាំទ្រអ៊ុយក្រែន? 

លោក ពូទីន ធ្លាប់​បាន​បញ្ជា​ឲ្យ​កងកម្លាំង​នុយក្លេអ៊ែរ​រុស្ស៊ី​ត្រៀម​ខ្លួន​ជា​ពិសេស ដែលជាសញ្ញាថាគាត់អាចនឹងប្រើការវាយប្រហារនុយក្លេអ៊ែរជាយុទ្ធសាស្ត្រចុងក្រោយរបស់គាត់ ដើម្បីដោះស្រាយជាមួយអ៊ុយក្រែន និងអឺរ៉ុប ហើយនេះមិនមែនជាលើកទីមួយទេ ដែលគាត់បានប្រើមហន្តរាយនៃសង្រ្គាមនុយក្លេអ៊ែរដើម្បីបំភិតបំភ័យគូប្រជែង ។

ការ​ព្រមាន​ដ៏​គួរ​ឲ្យ​ព្រឺព្រួច​មួយនេះ នៅ​ពេល​ចាប់​ផ្តើម​លុក​លុយ​ពេញ​លេញ​លើ​អ៊ុយក្រែន លោក ពូទីន បាន​បញ្ជាក់​ជា​ថ្មី​ទៀតថា «អ្នកណាដែលគិតចង់អន្តរាគមន៍ពីខាងក្រៅ ប្រសិនបើអ្នកធ្វើវាពិតប្រាកដ អ្នកនឹងត្រូវឃើញលទ្ធផលដ៏ធ្ងន់ធ្ងរជាងអ្វីដែលធ្លាប់បានឃើញក្នុងប្រវត្តិសាស្ត្រ!»។

លោក ឌីមីទ្រី មូរ៉ាតូវ (Dmitry Muratov) ម្ចាស់រង្វាន់ណូបែលសន្តិភាព និងជានិពន្ធនាយកកាសែត Novaya Gazeta បានប្រាប់ថា «ពាក្យរបស់លោក ពូទីន គឺដូចជាការគំរាមកំហែងដោយផ្ទាល់នៃសង្គ្រាមនុយក្លេអ៊ែរ គាត់​ប្រព្រឹត្ត​មិន​មែនជា​ម្ចាស់​វិមាន​ក្រឹមឡាំងទេ ប៉ុន្តែធ្វើដូចជាអនុត្តរភាពនៃពិភពលោក ។ លោក ពូទីន កំពុង​ធ្វើ​ដូច​ម្ចាស់​រថយន្ត​ប្រណិត​មួយគ្រឿង ឈរ​គ្រវី​សោ​រថយន្តបង្អួត​មនុស្ស​ទូទៅ ប៉ុន្តែ​លើក​នេះ​គាត់​កំពុងត្រៀមម្រាមដៃចុច​ប៊ូតុង​​នុយ​ក្លេអ៊ែរ​បង្ហាញ​ដល់​ពិភពលោក!»។

តាមពិតទៅ លោកប្រធានាធិបតី ពូទីន ធ្លាប់បាននិយាយក្នុងឯកសារមួយ ដែលត្រូវបានចេញផ្សាយក្នុងឆ្នាំ ២០១៨ ដែលគាត់បានព្រមានថា «ប្រសិនបើនរណាម្នាក់មានបំណងបំផ្លាញប្រទេសរុស្ស៊ី ប្រសិនបើបុគ្គលនោះធ្វើសកម្មភាពពិតប្រាកដ រុស្ស៊ីមានសិទ្ធិស្របច្បាប់ក្នុងការសងសឹក ទោះបីជាវាត្រូវបង្កមហន្តរាយដល់មនុស្សជាតិ និងពិភពលោកក៏​ដោយ!» ។

ក្រឡេកមើលស្ថានភាពបច្ចុប្បន្នយកមកពិចារណា លោក ផាវេល ហ្វេហ្គេនហួអឺ (Pavel Felgenhauer) អ្នកវិភាគយោធាដែលមានមូលដ្ឋាននៅទីក្រុងមូស្គូមើលឃើញថា «ពូទីន ស្ថិតក្នុងស្ថានភាពលំបាក និងតានតឹង ការ​លុកលុយ​អ៊ុយក្រែន​មិន​បាន​ជោគជ័យ ហើយដរាបណាធនាគារកណ្តាលរុស្ស៊ីត្រូវបានជាប់គាំងនៅក្រោមទណ្ឌកម្ម ប្រព័ន្ធហិរញ្ញវត្ថុរបស់រុស្ស៊ីនឹងដួលរលំ ដូច្នេះគាត់​មាន​ជម្រើស​តិចតួច​ដែល​នៅ​សេសសល់​ដើម្បី​រស់​»។

«មធ្យោបាយមួយគឺបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់អឺរ៉ុប ជម្រើសមួយទៀតគឺការប្រើប្រាស់អាវុធនុយក្លេអ៊ែរ វាអាចត្រូវបានបាញ់ទម្លាក់នៅសមុទ្រខាងជើងណាមួយចន្លោះចក្រភពអង់គ្លេស និងដាណឺម៉ាក»។

សម្រាប់សំណួរដែលសួរថា «តើប្រសិន ពូទីន សម្រេចចិត្តចុងប៊ូតុងនុយក្លេអ៊ែរពិតមែន នឹងមានទីប្រឹក្សា ឬអ្នកជិតដិតអាចជួយឃាត់គាត់ខ្លះដែរឬទេ? រឿងនេះលោក ឌីមីទ្រី បាននិយាយថា «ឥស្សរជននយោបាយរុស្ស៊ី មិនដែលឈរក្បែរទេ»។

«មិនមានដំណើរការត្រួតពិនិត្យ និងសមតុល្យសោះ គ្មាន​នរណា​ម្នាក់​ត្រៀម​ខ្លួន​ប្រឈម​មុខ​នឹងលោក ​ពូទីន ​ទេ... យើង​ស្ថិត​នៅ​កន្លែង​ដ៏​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់»៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម