អត្ថបទ សាវុឌ្ឍ៖
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់អាស៊ាន បានកំណត់ការធ្វើដំណើរទៅកាន់មីយ៉ាន់ម៉ា នៅថ្ងៃទី ២០-២៣ ខែមីនា ដើម្បីដើរតួជាអ្នកសម្រុបសម្រួលដោះស្រាយជម្លោះនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ា ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាប្រធាននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅឆ្នាំនេះ បានថ្លែងថា លោក ប្រាក់ សុខុន បេសកជនពិសេសថ្មីរបស់អាស៊ាន គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី ២០-២៣ ខែមីនា ខាងមុខនេះ ។ ទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជាមិនបានបញ្ជាក់ទេថា តើលោក ប្រាក់ សុខុន គ្រោងនឹងជួបមនុស្ស ឬក្រុមនយោបាយណាខ្លះក្នុងប្រទេសមីយ៉ាន់ម៉ា?
កន្លងមក លោក ប្រាក់ សុខុន ធ្លាប់បាននិយាយថា លោកសង្ឃឹមថា របបយោធាមីយ៉ាន់ម៉ា នឹងអនុញ្ញាតឲ្យលោកជួប និងពិភាក្សាជាមួយរដ្ឋាភិបាលរួបរួមជាតិ (NUG) ដែលសមាជិកក្រុមមនុស្សនៅក្នុងរដ្ឋាភិបាលស៊ីវិល ដែលត្រូវរដ្ឋាភិបាលរដ្ឋប្រហារហៅថា រដ្ឋាភិបាលស្រមោល ដោយចោទប្រកាន់ថា ជាក្រុមភេរវករ មិនអាចចរចាជាមួយបាន ប៉ុន្តែបើរបបយោធាមិនចរចាជាមួយ NUG លោក សុខុន សុំគាត់ធ្វើជាស្ពាន ជាអ្នកសម្របសម្រួលទំនាក់ទំនងរវាងភាគីទាំងពីរ ៕