ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង គ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ ២០២៣

ព័ត៌មានសង្គមថ្ងៃសុក្រ ទី04 ខែមិីនា ឆ្នាំ2022 ម៉ោង 8:08 នាទី ល្ងាច

បន្ទាប់ពីការទន្ទឹងរង់ចាំដំណឹងដ៏អន្ទះសា ជាយូរមកហើយ ឥឡូវនេះទីតាំងសម្រាប់សាងសង់ស្ពាន ឆ្លងទន្លេពីរ ទន្លេសាប និងទន្លេមគង្គ ដែលជាជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចជ្រើសរើសជាផ្លូវការហើយ ។ ស្ពានមួយខ្សែនេះ នឹងត្រូវសាងសង់ចេញពីផ្សាររាត្រី ស្ថិតនៅក្បែរផ្សារចាស់ ក្នុងខណ្ឌដូនពេញ ហើយភ្ជាប់ទៅដីជ្រោយចង្វារ ក្បែរសណ្ឋាគារសុខា រួចទើបសង់បន្តឆ្លងទន្លេមេគង្គឆ្ពោះទៅការឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន និយាយថា «សម្តេចតេជោនាយករដ្ឋមន្ត្រី បានឯកភាពអនុញ្ញាតឱ្យក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចរចាជាមួយស្ថាប័នពាក់ព័ន្ធរបស់ភាគីកូរ៉េ សម្រេចយកជម្រើសសាងសង់ស្ពានមិត្តកម្ពុជា-សាធារណរដ្ឋកូរ៉េ នៅទីតាំងពីផ្សាររាត្រី ដោយសង់ស្ពានប្រភេទខ្សែកាបយោងខ្ពស់ទាំងពីរតែម្តង»។

តាមការវិភាគលំអិត និងសិក្សាលើកត្តាចម្បងសំខាន់ៗលើការសាងសង់ស្ពាននៅទីតាំងនេះ រួមមាន៖ ស្ថានភាពចរាចរណ៍ប្រចាំថ្ងៃ ភូមិសាស្រ្តអំណោយផលគ្រប់ជ្រុងជ្រោយ ទាំងទិដ្ឋភាពបច្ចេកទេស-ហិរញ្ញវត្ថុ និងផលប៉ះពាល់សង្គម និងសេដ្ឋកិច្ច បរិស្ថាន ព្រមទាំងការគិតគូរផងដែរនូវការទាក់ទាញវិស័យទេសចរណ៍ ជាពិសេសកត្តាសោភ័ណភាព និងការលើកនូវសម្រស់រាជធានីភ្នំពេញ ។ ក្រុមហ៊ុនកុងសុលតង់ បានផ្តល់នូវអនុសាសន៍ជារួមថា ការសាងសង់មិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ពីចំណុចផ្សាររាត្រី ភ្ជាប់អរិយក្សត្រ គឺជាជម្រើសសមស្រប និងល្អជាងជម្រើសផ្សេង ។

 

 បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានឱ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង គ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៣ ខាងមុខនេះ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម