ថ្មីទៀតហើយ ! រុស្ស៊ី ដាក់លក្ខខណ្ឌ ៤ ចំណុចឲ្យអ៊ុយក្រែនធ្វើតាម ខ្លួននឹងបញ្ឈប់វាយប្រហារភ្លាម!

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី08 ខែមិីនា ឆ្នាំ2022 ម៉ោង 3:15 នាទី ល្ងាច

 

អត្ថបទ សូរ្យរិទ្ធ៖

សង្គ្រាមដើរមកដល់ចំណុចនេះ ទើបឃើញក្រឡាអុករបស់លោក ពូទីន ច្បាស់ថា តើចង់បានអ្វី នោះគឺ លក្ខខណ្ឌទាំង ៤ ខាងក្រោមនេះហើយ ក្នុងនេះចំណុចថ្មី គឺចង់ឲ្យអ៊ុយក្រែនទទួលស្គាល់រដ្ឋឯករាជ្យ ដូណេស និង លូនហានស៍ រួមទាំងទឹកដីគ្រីមៀរផង ។ គេសួរសួរថា ម៉េចមិននិយាយគ្នាពីមុនមកឲ្យហើយទៅ ចាំព្រម ឬ មិនព្រម ចាំវាយគ្នា តែនេះរុស្ស៊ីចេញក្រឡាសា «កំញើញក្រុមអឺរ៉ុប ប្រទេសលោកខាងលិច រួមទាំងអាមេរិក ថា «អញ គឺអញ, ពូទីន គឺពូទីន ម៉ាត់ណា ម៉ាត់នឹង! » ។

ពីភ្នាក់ងារព័ត៌មាន REUTERS រាយការណ៍ថា រុស្ស៊ីបានជូនដំណឹងទៅអ៊ុយក្រែនថា ខ្លួនសុខចិត្តបញ្ឍប់វាយប្រហារភ្លាម ប្រសិនអ៊ុយក្រែនប្រតិបត្តិតាមលក្ខខណ្ឌ ៤ ចំណុច ។

១. បញ្ឈប់ប្រតិបត្តិការយោធា

២. អ៊ុយក្រែនត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ​ដើម្បី​ធ្វើ​ឱ្យ​មាន​អព្យាក្រឹត​ជាង​មុន

៣. អ៊ុយក្រែន​ត្រូវ​ទទួល​ស្គាល់​គ្រីមេ​ជា​របស់​រុស្ស៊ី

៤. អ៊ុយក្រែនត្រូវតែទទួលស្គាល់ស្ថានភាពនៃរដ្ឋឯករាជ្យនៃដែនដី ដូណេស(Donetsk) និង លូហានស៍ (Luhansk) ។

លើ​បញ្ហា​ទាក់ទង​នឹង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ឲ្យ​មាន​ភាព​អព្យាក្រឹត អ្នកនាំពាក្យរុស្ស៊ី ប៉េស្កូវ (Peskov) ពន្យល់ ថា អ៊ុយក្រែន​ក៏​ត្រូវ​បញ្ជាក់​ថា​ខ្លួន​បដិសេធ​មិន​ចូល​រួម​ស្ថាប័ន​សហ​ប្រតិបត្តិការ​លោក​ខាង​លិច​ណា​មួយ​ដែរ ។ អ៊ុយក្រែន​មិន​ទាន់​មាន​ប្រតិកម្ម​ណា​មួយ​ពី​រដ្ឋាភិបាល​ក្រុង​គៀវ​ទេ ។

ការផ្តល់ជូននេះគឺជាសេចក្តីថ្លែងការណ៍ដ៏តឹងតែងបំផុតដែលរុស្ស៊ីបានធ្វើចំពោះអ៊ុយក្រែន ចាប់តាំងពីកងទ័ពរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពី ១២ ថ្ងៃមក ។

ការ​ចរចា​ជុំ​ទី​បី​មិន​មាន​ដំណើរ​ការ​ទេ

ជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍មកថា មិន​មាន​ការ​រីក​ចម្រើន​ច្រើន​ទេ​ក្នុង​ការ​ចរចា​ជុំ​ទី​បី​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី ។ មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​ថា ​មាន​ការ​រីកចម្រើន​តិចតួច​ក្នុង​ការ​រៀបចំ «ច្រករបៀងមនុស្សធម៌» ដើម្បីអនុញ្ញាតឱ្យប្រជាជនជម្លៀសចេញពីតំបន់សង្រ្គាម ។ អ្នកចរចារុស្ស៊ីបាននិយាយថា៖ ចង់ឱ្យច្រកនោះកើតឡើងនៅថ្ងៃអង្គារ ទី ៨ មីនានេះ ។

វិបត្តិ​មនុស្សធម៌​នៅ​អ៊ុយក្រែន​កាន់​ធ្ងន់ធ្ងរ​ខ្លាំង​ឡើង​កាល​ពី​ថ្ងៃ ​ចន្ទ ទី ៧ មីនា ខណៈ​ដែល​កងទ័ព​រុស្ស៊ី​បន្ត​បើក​ការ​វាយ​ប្រហារ​លើ​ទីក្រុង​នានា​នៅ​ភាគ​ខាងជើង និង​ខាង​ត្បូង​អ៊ុយក្រែន ដោយ​សារ​តែ​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ទាំង​នោះ​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​ស្បៀង​អាហារ ទឹក ភ្លើង និង​ថ្នាំ​ពេទ្យ ។

រូបភាពរបស់ Dimitar DILKOFF / AFP

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម