មានសង្ឃឹមទេ? ចិន​ត្រៀមជាអ្នកកណ្តាលសម្រាប់​ចរចា រុស្ស៊ី - អ៊ុយក្រែន

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី09 ខែមិីនា ឆ្នាំ2022 ម៉ោង 7:57 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

លោក ហ្វាង យី (Wang Yi) រដ្ឋមន្ត្រីក្រសួងការបរទេសចិន បានបញ្ជាក់កាលពីថ្ងៃទី ៧ ខែមីនាថា ទំនាក់ទំនងជិតស្និទ្ធរវាងចិន និងរុស្ស៊ី នៅដដែល ទោះបីរុស្ស៊ីបានប្រឈមមុខនឹងការថ្កោលទោសអន្តរជាតិចំពោះការលុកលុយរបស់អ៊ុយក្រែនក៏ដោយ ប៉ុន្តែ​លោក​ថា ចិន​នៅ​តែ​ត្រៀម​ខ្លួន​ជួយ​សម្រុះសម្រួល​ក្នុង​ការ​ចរចា​សន្តិភាព ។

លោក ហ្វាង បាន​បញ្ជាក់​ដូច្នេះថា មិត្តភាពរវាងប្រជាជាតិទាំងពីរគឺរឹងមាំដូចថ្ម ខណៈពេលដែលអនាគតនៃកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរមានភាពទូលំទូលាយ ប៉ុន្តែប្រទេសចិនចង់ធ្វើការជាមួយសហគមន៍អន្តរជាតិដើម្បីសម្រេចបាននូវការសម្របសម្រួលនៅពេលណាដែលចាំបាច់ ។

ការលើកឡើងរបស់លោក ហ្វាង កើតឡើងបន្ទាប់ពីប្រទេសចិនបានអនុវត្តគោលនយោបាយការទូតអភិរក្សបំផុតរបស់ខ្លួន ចំពេលមានវិបត្តិ ចិន​ក៏​ធ្លាប់​បាន​ប្រកាស​ដែរ​ថា ប្រទេស​ទាំង​ពីរ​ជា​សម្ព័ន្ធមិត្ត​យុទ្ធសាស្ត្រ​ ខណៈពេលដែលប្រទេសចិនបានជៀសវាងការថ្កោលទោសដោយផ្ទាល់ចំពោះសង្គ្រាមរបស់រុស្ស៊ី ។

ការ​លើក​ឡើង​របស់​ចិន​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​តំណាង​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​បរទេស និង​គោលនយោបាយ​សន្តិសុខ​របស់​សហភាព​អឺរ៉ុប លោក ចូសេប បូរ៉ែល (Josep Borrell) បាន​ជំរុញ​ឱ្យ​ចិន​ធ្វើ​ជា​អ្នក​សម្រុះសម្រួល​ក្នុង​កិច្ចចរចា​សន្តិភាព​រវាង​រុស្ស៊ី ​និង​អ៊ុយក្រែន ដោយសារតែមហាអំណាចលោកខាងលិចមិនអាចមានតួនាទីនេះបាន ។

យ៉ាង​ណា​ក៏​ដោយ ចិន​បាន​និយាយ​អំពី​តម្រូវ​ការ​ក្នុង​ការ​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​អំពាវនាវ​ឲ្យ​មាន​ការ​សន្ទនា​ដើម្បី​ដោះស្រាយ​វិបត្តិ ប៉ុន្តែ​ចិន​មិន​ដែល​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ចូលរួម ឬ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ចរចា​សន្តិភាព​ណាមួយ​ឡើយ ។

ឥរិយាបថ​របស់​ចិន​បាន​កើត​ឡើង​ក្នុង​ថ្ងៃ​តែមួយ ​ដែល​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី ស្កុត ម៉ូរីសុន (Scott Morrison) ចេញ​មក​អំពាវនាវ​ឲ្យ​ចិន​បង្ហាញ​ពិភពលោក​ថា ចិន​ឲ្យ​តម្លៃ​សន្តិភាព​ពិភពលោក និង​គោលការណ៍​អធិបតេយ្យភាព​រដ្ឋ និងបានពិពណ៌នាអំពីវិបត្តិនៅអ៊ុយក្រែនថាជា «ពេលវេលានៃជម្រើសសម្រាប់ប្រទេសចិន» ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម