ព្រឺសម្បុរ និងគួរអាណោចអធម្មណាស់! សុនខ(ឆ្កែ) ពី ២-៣ លានក្បាលក្នុងមួយឆ្នាំ ត្រូវគេសម្លាប់យកសាច់ជាអាហារនៅកម្ពុជា

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី14 ខែមិីនា ឆ្នាំ2022 ម៉ោង 6:13 នាទី ល្ងាច

 

ដោយ សូរ្យសែងៈ 

វេបសាយរបស់ថៃ mgronline បានចេញផ្សាយនៅពេលថ្មីៗនេះថា អង្គការ​ការពារ​សត្វ Four Paws ​ក្នុង​ប្រទេស​កម្ពុជា ​បាន​ចេញ​ផ្សាយ​ការ​សិក្សា​មួយ​ដែល​បង្ហាញ​ថា សត្វសុនខ(ឆ្កែ) ​យ៉ាង​ហោច​ណាស់​ពី​ ២ ទៅ​ ៣ លាន​ក្បាល​ ត្រូវ​បាន​គេ​សម្លាប់​ជា​រៀងរាល់​ឆ្នាំ​ដើម្បី​យក​សាច់ទៅលក់ ដោយអ្នក​បរិភោគភាគ​ច្រើន ​គឺ​នៅ​ខេត្ត​សៀមរាប ហើយអ្នក​ផ្គត់​ផ្គង់​សាច់​សុនខ​សំខាន់នៅទូទាំង​ប្រទេស​ទាំង​មូល ​ក៏​មក​ពី​ខេត្ត​សៀមរាប​ដែរ ។

ទោះយ៉ាងណាក៏ដោយ តំណាងអង្គការខាងលើនិយាយថា អាជ្ញាធរប្រចាំខេត្ត ដោយឡែកមន្ត្រីមកពីការិយាល័យកសិកម្ម បានរៀបចំវិធានការយ៉ាងតឹងរឹង ដើម្បីបញ្ឈប់ការបរិភោគសាច់សុនខនៅទូទាំងប្រទេស ។ មន្ត្រីឲ្យដឹងទៀតថា មានការជូនដំណឹងដល់ប្រជាជនឲ្យបញ្ឈប់ការសម្លាប់ និងលក់សាច់សុនខ ហើយ​ប្រសិន​បើ​រក​ឃើញ​ជន​ណា​ដែល​នៅ​តែ​ប្រព្រឹត្ត​បែប​នេះ​នឹង​ត្រូវ​មានទោស ។

មន្ត្រីខាងលើបាននិយាយថា នរណាក៏ដោយ បើរកឃើញថា ទិញ លក់ ឬសម្លាប់សត្វឆ្កែ ត្រូវប្រឈមនឹងការពិន័យជាប្រាក់រហូតដល់ ៧ លានរៀល (ស្មើ ១.៧០០ ដុល្លារ) ក្រោមច្បាប់សុខភាព និងផលិតផលសាច់សត្វ ហើយប្រសិនបើមានកំហុសជាលើកទី ២ នឹងត្រូវបានផ្តន្ទាទោសពីបទល្មើស និងប្រឈមមុខមានទោស និងពិន័យជាប្រាក់ពី ១០ ទៅ ១៥ លានរៀល ហើយប្រសិននៅតែបន្តល្មើសច្បាប់លើសពីពីរដងទៀត ជននោះនឹងត្រូវប្រឈមមុខផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ១០-៥០ លានរៀល ។

ស្ថាបនិក និងជានាយកអង្គការ Animal Rescue Cambodia បាននិយាយថា សាច់សុនខនៅក្នុងភោជនីយដ្ឋាន មានមកពីខេត្តសៀមរាប ហើយត្រូវបានដឹកជញ្ជូនមកភ្នំពេញដើម្បីបរិភោគផងដែរ ។

អស់ជាច្រើនទស្សវត្សរ៍មកហើយ ដែលសត្វសុនខនៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះ រក្សាសន្តិសុខជាតិ និងជាដៃគូដ៏ស្មោះត្រង់របស់មនុស្ស ប៉ុន្តែទោះបីជាមានទំនាក់ទំនងពិសេសរវាងមនុស្ស និងសត្វឆ្កែក៏ដោយ ប៉ុន្តែសត្វឆ្កែរាប់លានក្បាលនៅក្នុងប្រទេសនៅតែត្រូវបានគេលួច ចាប់យកទៅលក់ និងសម្លាប់យកសាច់ទៅបរិភោគ ។

ថ្មីៗនេះ សមត្ថកិច្ចបានបង្ក្រាបក្រុមចាប់-ទាក់សុនខ បាន ៩ នាក់ ដែលធ្វើសកម្មភាពជាជំនួញ ច្រើនទាក់ និងដាក់ថ្នាំបំពុលសុនខពេលយប់ ដែលកន្លងមក ប្រជាជនជាម្ចាស់ខំចិញ្ចឹមដើម្បីចាំការពារេផ្ទះ បាត់សុនខរបស់ខ្លួនមិនតិចទេ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម