ពូទីន ទម្លាប់ធ្វើសង្គ្រាមបានសម្រេចរហូត វាយចូលចូលឆេឆេន, ហ្សកហ្ស៊ី, ឧបទ្វីបគ្រីមៀ ចុះចុងក្រោយអ៊ុយក្រែនបានសម្រេចឬអត់? លក្ខខណ្ឌ ៤ ចំណុច អ៊ុយក្រែនមិនព្រម ២ ចំណុចដាច់ខាត

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី17 ខែមិីនា ឆ្នាំ2022 ម៉ោង 7:29 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

រហូតមកដល់ ២០ ឆ្នាំ ដែលប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន គ្រងអំណាចប្រទេសរុស្ស៊ី គាត់បានធ្វើសង្គ្រាមទទួលជ័យជម្នះដ៏ងាយស្រួល មិនថាការបង្ក្រាបក្រុមបំបែកទឹកដីនៅ ឆេឆេន ដោយកងទ័ពរុស្ស៊ីបានវាយចូលអធិបតេយ្យភាពនៃសាធា​រណរដ្ឋឆេឆេន គឺជាការបញ្ចប់ទាំងស្រុងនៃឯករាជ្យភាព ក្លាយរបស់រុស្ស៊ីក្នុងឆ្នាំ ១៩៩៩ ។

តមក ពូទីន វាយចូលហ្សកហ្ស៊ី ធ្វើសង្គ្រាមតែ ៥ ថ្ងៃក៏អាចយកឈ្នះយ៉ាងពេញលេញក្នុងឆ្នាំ ២០០៨ ហើយនៅក្នុងឆ្នាំ ២០១៤ លោក ពូទីន អាចចូលកាន់កាប់ និងបញ្ចូលឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែនយ៉ាងងាយស្រួលក្នុងរយៈពេលត្រឹមតែ ១ខែ ៦ ថ្ងៃប៉ុណ្ណោះ។

សមិទ្ធផលយោធាដ៏ងាយស្រួលបែបនេះ បានផ្តល់ឱ្យលោក ពូទីន មានទំនុកចិត្តខ្លាំងពេកនៅក្នុងការសម្រេចចិត្តឈ្លាន​ពានអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍ ទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ បន្ទាប់ពីការកសាងកងទ័ពដ៏យូរនៅព្រំដែនអ៊ុយក្រែនអស់​រយៈពេលជាងមួយឆ្នាំ ដោយការលុកលុយភាគខាងកើត និងខាងត្បូងនៃអ៊ុយក្រែន ជារលកទីមួយ ហើយ​រលក​ទី​ពីរ​បានបញ្ជូនកងពលរុស្ស៊ី រំកិល​ចូល​អ៊ុយក្រែនឆ្លងកាត់បេឡារុស្ស​នៅទិសខាង​ជើង ។

ពីរបីថ្ងៃមុនការវាយឆ្មក់ ប្រទេសរុស្ស៊ីបានទទួលស្គាល់រដ្ឋឯករាជ្យនៃសាធារណរដ្ឋដូណេតក៍ (Donatsk) និងសាធារណរដ្ឋ លូហានស៍ (Luhansk) ដែលបានបំបែកចេញពីអ៊ុយក្រែនកាលពី ៨ ឆ្នាំមុន ព្រមទាំងគំរាមប្រទេសស៊ុយអ៊ែដ និងហ្វាំងឡង់ កុំឱ្យបន្តចូលជាសមាជិកណាតូ នាពេលអនាគត ព្រោះរុស្ស៊ីប្រាកដជានឹងបើកសង្រ្គាមជាមួយប្រទេសទាំងពីរនេះ ដូចការឈ្លានពានអ៊ុយក្រែនយ៉ាងដូច្នេះដែរ ។

វាប្រាកដថា ប្រជាជនភាគច្រើនរបស់អ៊ុយក្រែន បានត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធប្រឆាំងនឹងការស្លាប់សង្គ្រោះមាតុភូមិ រួមជាមួយនឹងមេដឹកនាំដ៏អស្ចារ្យរបស់ពួកគេ ដែលជាអតីតតារាកំប្លែង និងជាតារាក្នុងរឿងភាគទូរទស្សន៍បែបកំប្លែង រឿង «អ្នកបម្រើប្រជាជន» ។

ផែនការរុស្ស៊ីថានឹងវាយអ៊ុយក្រែនត្រឹម ៤៨ ម៉ោង តែឥឡូវចូលដល់ ២១ថ្ងៃហើយ មិនទាន់វាយបែកទីក្រុងគៀវ ។ រថក្រោះរបស់រុស្ស៊ីមិនតិចឡើយដែលសំចតស្ងៀម ដោយសារខ្វះប្រេង នេះបង្ហាញថា ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន គឺផ្តោតជាយុទ្ធសាស្ត្រលើសមរភូមិ ប៉ុន្តែការមិនអើពើនឹងការផ្គត់ផ្គង់កងទ័ព គឺច្បាស់ណាស់ថាជាអ្នកស្ម័គ្រចិត្តជាជាងអ្នកជំនាញ​ច្បាំង ។

លើសពីនេះ ការដាក់ទណ្ឌកម្មជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី ដោយបណ្តាប្រទេសលោកខាងលិច គឺសំដៅធ្វើឱ្យវិស័យហិរញ្ញវត្ថុរបស់រុស្ស៊ីមានភាពពិការ នេះ​រួម​បញ្ចូល​ទាំង​ការ​រារាំង​ការ​ចូល​ដំណើរ​ការ​របស់​រុស្ស៊ី​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ពិភពលោក​ និង​ក៏​នឹង​ក្លាយ​ជា​គោលដៅ​ដំបូង​គេ​សម្រាប់​ធនាគារ​កណ្តាល​រុស្ស៊ី ។ ការទប់ទល់នឹងធនាគារកណ្តាលរុស្ស៊ី បានកំណត់គោលដៅជាង 600 ពាន់លានដុល្លារនៅក្នុងទុនបម្រុងរូបិយប័ណ្ណបរទេស ដែលរុស្ស៊ីត្រៀមគាំទ្ររូបិយបណ្ណរូប្លិ៍របស់ខ្លួន ។

នៅ​ពេល​ដែល​រុស្ស៊ី​ប្រឈម​នឹង​ទណ្ឌកម្ម​កាន់​តែ​ខ្លាំង​ឡើងពីលោកខាងលិច តម្លៃនៃរូបិយប័ណ្ណរុស្ស៊ីបានធ្លាក់ចូលទៅក្នុងរណ្តៅជ្រៅបំផុត និងបានជំរុញឱ្យមានការកើនឡើងដ៏គួរឱ្យភ័យខ្លាចនៃអតិផរណានៅក្នុងប្រទេសរុស្ស៊ី នេះបណ្តាលឱ្យប្រាក់រូប្លិ៍បានធ្លាក់ចុះដល់កម្រិតទាបបំផុតនៅពេលជួញដូរធៀបនឹងដុល្លារអាមេរិក ហើយក៏បានធ្វើឱ្យទីផ្សារភាគហ៊ុនរបស់រុស្ស៊ីទទួលរងដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងកំណត់ត្រា រហូត​ដល់ ​ពូទីន ​ត្រូវ​ចេញ​មុខ​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ និង​បង្ហាញ​ក្តីអស់សង្ឃឹម​យ៉ាង​ពិត​ប្រាកដ ។

លក្ខខណ្ឌ ៤ ចំណុចរបស់រុស្ស៊ីដែលដាក់អ៊ុយក្រែន គឺ៖

១. កែរដ្ឋធម្មនុញ្ញ មិនឲ្យចូលជាសមាជិកណាតូ និងសហគមន៍អឺរ៉ុប

២. ឲ្យបញ្ឈប់ប្រតិបត្តិការខាងយោធាទាំងអស់ និងកាត់បន្ថយទំហំយោធា

៣. ឲ្យទទួលស្គាល់ឯករាជ្យភាពរបស់សាធារណរដ្ឋដូណេតស៍ និង លូហានស៍ ដែលញែកចេញពីអ៊ុយក្រែន

៤. ព្រមទទួលស្គាល់គ្រីមៀ ជាចំណែកមួយរបស់រុស្ស៊ី

 

លោក សេលេនស្គី និយាយថា អ៊ុយក្រែនអាចយល់ព្រមតែ ១ ចំណុចប៉ុនណោះ ។ ចំណុចទី ៣ និង ទី៤ អ៊ុយក្រែនមិនព្រមដាច់ខាត ។ ដូច្នេះសង្គ្រាមនឹងអូសបន្លាយយូរ នោះប្រជាជនអ៊ុយក្រែននឹងស្លាប់រាប់ម៉ឺនសែន ជាមួយនឹងផ្ទះសម្បែងខ្ទេចខ្ទី ហើយរដ្ឋាភិបាលអ៊ុយក្រែននឹងត្រូវផ្លាស់ទីបញ្ជាការទៅបរទេស ដើម្បីតស៊ូប្រយុទ្ធបែបទ័ពព្រៃ ។ ឯ​រុស្ស៊ី​ត្រូវ​រង​​ទណ្ឌកម្ម​អន្តរជាតិ​ធ្ងន់ធ្ងរឡើងៗជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដោយធ្វើពហិការរូបិយប័ណ្ណដោយផ្ទាល់ ហើយ​មិន​អាច​ទ្រាំទ្រ​នឹង​តម្លៃ​នៃ​សង្គ្រាម​បាន​ឡើយ រហូត​ទាល់​តែ​គាត់​ត្រូវ​ដក​ថយ​ដោយ​ខ្លួន​ឯង ទើបចប់ ៕

 

រូប Aris Messinis / AFP


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម