ហេតុផល ៤ យ៉ាង ដែលរុញចិត្តរុស្ស៊ីឲ្យដណ្តើមយកទីក្រុងម៉ារីអ៊ុយប៉ូលឲ្យបាន

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី23 ខែមិីនា ឆ្នាំ2022 ម៉ោង 6:36 នាទី ល្ងាច

 

 អត្ថបទ សូរ្យរិទ្ធ៖

ជាង ៣ សប្តាហ៍កន្លងទៅហើយ ដែលទីក្រុងម៉ារីអ៊ុយប៉ូល (Mariupol) នៅភាគខាងជើងប្រទេសអ៊ុយក្រែន ត្រូវកងកម្លាំងរុស្ស៊ីឡោមព័ទ្ធ និង វាយប្រហារយ៉ាងសន្ធាប់ រហូតអគារ ផ្ទះ​ជិត 90% ​ត្រូវ​បាន​បំផ្លាញ ដែល​ធ្វើ​ឱ្យ​ទីក្រុងនេះ មិន​ខុស​ពី​ទីក្រុងអាលេបប៉ូ (Aleppo) ក្នុង​ប្រទេស​ស៊ីរីនោះទេ ដែលត្រូវបានវាយប្រហារយ៉ាងខ្លាំងដោយរុស្ស៊ី ជាមួយនឹងការប្រើប្រាស់អាវុធប្រល័យលោកជាច្រើនប្រភេទ ដើម្បីដាក់សម្ពាធឱ្យអ៊ុយក្រែនចុះចាញ់ ។

ប្រិយមិត្តមានឆ្ងល់ទេ! ហេតុអ្វី​បាន​ជា​រុស្ស៊ី​ចង់បានទីក្រុងម៉ារីអ៊ុយប៉ូលខ្លាំង​ម៉្លេះ? គឺមាន​ហេតុផល ៤ ​ដែល​នៅ​ពីក្រោយ​​ចំណុច​យុទ្ធសាស្ត្រ​សំខាន់នេះ ។

 

១. ជា«ស្ពានចម្លង» ភ្ជាប់គ្រីមៀជាមួយតំបន់ដុនបាស

ទោះជាទីក្រុងម៉ារីអ៊ុយប៉ូលមានទំហំតូចក៏ពិតមែន ប៉ុន្តែប៉ុន្តែ​តាម​ភូមិសាស្ត្រ ទីតាំង​នៃ​ទីក្រុង​នេះ​រារាំង​ច្រក​ចូល​ទៅ​ក្នុង​ទឹកដី​អ៊ុយក្រែន ប្រសិនបើ​រុស្ស៊ី​មាន​គម្រោង​ផ្លាស់ទី​ពី​តំបន់​គ្រីមៀ ហើយ​សាងសង់​ផ្លូវ​ដី​តភ្ជាប់​ទៅ​តំបន់ ដុនបាស ភាគ​ឦសាន ដែល​ជា​ឥទ្ធិពល​របស់​ក្រុម​ឧទ្ទាម​បំបែក​ខ្លួន​ដែល​មាន​និន្នាការ​គាំទ្រ​រុស្ស៊ី​កន្លងមក ដូច្នេះនឹងត្រូវចាប់យកទីក្រុងម៉ារីអ៊ុយប៉ូលជាមុនសិន ដើម្បីបង្កើត «ស្ពានដែនដី (land bridge)» ភ្ជាប់ផ្លូវដីគោកនៃទឹកដីរបស់រុស្ស៊ី ។

ប្រសិនបើរុស្ស៊ីបានកាន់កាប់ទីក្រុងនេះដោយជោគជ័យ នោះមានន័យថា គេអាចគ្រប់គ្រងបានជាង 80% នៃឆ្នេរសមុទ្រខ្មៅរបស់អ៊ុយក្រែន ធ្វើឱ្យអ៊ុយក្រែនមិនអាចធ្វើពាណិជ្ជកម្ម និងការដឹកជញ្ជូនតាមសមុទ្របានឡើយ នេះពិតជានឹងនាំឱ្យមានមហន្តរាយសេដ្ឋកិច្ច ។

ទោះ​ជា​យ៉ាង​ណា ការ​ការពារ​ដ៏​ខ្លាំង​របស់​ទីក្រុង​ដោយ​កង​កម្លាំង​អ៊ុយក្រែន បានរារាំងកម្លាំងរុស្ស៊ីពីការទម្លុះទីក្រុងជាច្រើនសប្តាហ៍មកហើយ រហូតដល់ពឹងផ្អែកជាចម្បងលើការទម្លាក់គ្រាប់បែក និងការបាញ់ប្រហារពីចម្ងាយ ។ រុស្ស៊ីក៏បានផ្លាស់ប្តូរយុទ្ធសាស្ត្រឡោមព័ទ្ធបែបបុរាណនៃយុគកណ្តាល គឺ​កាត់​ផ្តាច់​ការ​ដឹក​ជញ្ជូន​ ដែលជាបច្ច័យ​បួន​​ចាំបាច់​សម្រាប់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋទីក្រុង​ទាំង​អស់ ដើម្បី​បង្កភាពអត់​ឃ្លាន រហូតមិនអាចទ្រាំទ្រ​បាន ហើយ​ត្រូវ​ចុះចាញ់​នៅ​ទី​បញ្ចប់ ។

ប៉ុន្តែរហូតមកដល់ពេលនេះ កងកម្លាំងទីក្រុងម៉ារីអ៊ុយប៉ូលនៅតែមិនព្រមចាញ់ ហើយបានប្រកាសថា នឹងនៅតែឈរតស៊ូបន្តទៀត ទោះនៅសល់ទាហានតិចប៉ុនណាក៏ដោយ ។

ចុងក្រោយទាហានរុស្ស៊ីខ្លះ បានវាយលុកចូលដល់កណ្តាលក្រុងហើយ ហើយប្រសិនរុស្ស៊ីជាភាគីឈ្នះ នឹងអាចចល័តកម្លាំង ៦.០០០ នាក់ និងកងវរសេនាតូចយុទ្ធវិធីប្រហែល ១.០០០ នាក់ ដែលប្រយុទ្ធនៅសមរភូមិម៉ារីអ៊ុយប៉ូលជាយូរមកហើយ ដើម្បីពង្រឹងរណសិរ្សវាយកន្លែងផ្សេងទៀត អាចជាស្រុកអូដេស្សា (Odessa) ជិតទីក្រុងម៉ារីអ៊ុយប៉ូល, ទីក្រុងនីប្រូ (Nypro) នៅកណ្តាលអ៊ុយក្រែន ឬនៅតំបន់ដុនបាស (Donbas) ។

 

២. ជាមជ្ឈមណ្ឌលកណ្តាលនាំចេញ បម្រើសេដ្ឋកិច្ចរបស់អ៊ុយក្រែន

ទីក្រុងម៉ារីអ៊ុយប៉ូល គឺជាទីក្រុងកំពង់ផែធំបំផុត និងសំខាន់បំផុតនៅលើឆ្នេរសមុទ្រនៃសមុទ្រ អាហ្សូវ (Azov) ដែលជាផ្នែកមួយនៃសមុទ្រខ្មៅ ជាប្រភពនៃការផលិត និងនាំចេញដែក រួមទាំងជាកន្លែងនាំចេញធ្យូងថ្ម និងពោត ដែលជាផលិតផលចម្បងរបស់អ៊ុយក្រែនទៅកាន់មជ្ឈិមបូព៌ា និងប្រទេសផ្សេងទៀតជុំវិញពិភពលោក ។

រយៈពេល ៨ ឆ្នាំមកហើយ ចាប់តាំងពីប្រទេសរុស្ស៊ីបានបញ្ចូលគ្រីមៀនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ធ្វើឱ្យទីក្រុងកំពង់ផែម៉ារីអ៊ុយប៉ូល ស្ថិតក្នុងស្ថានភាពលំបាក ព្រោះវាជាប់តំបន់ឥទ្ធិពលរបស់រុស្ស៊ី ទាំងខាងលិច និងខាងកើត ។ ប្រសិនបើអ៊ុយក្រែនចាញ់សមរភូមិម៉ារីអ៊ុយប៉ូល នោះមានន័យថា ការខូចខាតសេដ្ឋកិច្ចដ៏ធំសម្បើម មិនធ្លាប់មាន ។

៣. ឱកាសមាសសម្រាប់ការឃោសនា

ទីក្រុងម៉ារីអ៊ុយប៉ូល ក៏ជាមូលដ្ឋានរបស់ «កងវរសេនាតូច Azov» ជាកងកម្លាំងស្តាំនិយមនៅអ៊ុយក្រែន ដែលអ្នកជំនាញនិយាយថា អាចមានពួក នីអូណាស៊ី (neo-Nazis ឬ «Nazis ថ្មី») ។ កាលពីមុនកងវរសេនាតូច Azov គឺជាកម្លាំងសំខាន់ដែលបានប្រយុទ្ធការការពារទីក្រុងម៉ារីអ៊ុយប៉ូល រួមជាមួយកងទ័ពអ៊ុយក្រែន។

ទោះបីជាកងវរសេនាតូចនេះមិនមានកងទ័ពច្រើនក៏ដោយ ជាចំណែក​មួយ​ភាគ​តូច​នៃ​កងទ័ព​អ៊ុយក្រែន​ទាំងមូល ប៉ុន្តែជារឿយៗរុស្ស៊ីបានប្រើកងវរសេនាតូច Azov​ នេះ ជាហេតុផលសម្រាប់ការឈ្លានពានអ៊ុយក្រែន ដោយបង្ហាញថា កងទ័ពរុស្ស៊ីកំពុងប្រយុទ្ធ «រំដោះប្រទេសជិតខាងពីពួកណាស៊ីថ្មី» ។

ប្រសិនបើកងកម្លាំងរុស្ស៊ីអាចចាប់យកទាហាននៃកងវរសេនាតូច Azov បាន សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលរុស្ស៊ីត្រូវបានរំពឹងទុកយ៉ាងប្រាកដ ដើម្បីបន្ថយភាព​ជឿជាក់​របស់​រដ្ឋាភិបាល​អ៊ុយក្រែន ដែល​រុស្ស៊ី​តែងតែ​ចោទ​ប្រកាន់​ថា​ជា​អ្នក​ណាហ្ស៊ី ។

៤. បង្កើតកម្លាំងចិត្តដ៏ធំធេងចំពោះទាហានរុស្ស៊ី

ប្រសិនបើរុស្ស៊ីអាចចាប់យកទីក្រុងម៉ារីអ៊ុយប៉ូលបាន ជ័យជម្នះលើក​នេះ​នឹង​ជះឥទ្ធិពល​ផ្លូវចិត្ត​យ៉ាង​ខ្លាំង​ដល់​ភាគី​​សង្គ្រាមទាំងសងខាង ដែលសម្រាប់ជនជាតិអ៊ុយក្រែន នេះ​នឹង​ជា​ការ​បាត់​បង់​ទីក្រុង​ធំ​ដំបូង​គេ​ដែល​មាន​សារសំខាន់​ជា​យុទ្ធសាស្ត្រ​ខ្ពស់ បន្ទាប់ពីការបាត់បង់ទីក្រុងឃើរសុន (Kherson) ដែលមិនសូវសំខាន់ពីមុនមក

ប៉ុន្តែសម្រាប់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី នឹង​ជា​ឱកាស​មួយ​ដើម្បី​បង្ហាញ​ស្នាដៃ​ដ៏​អស្ចារ្យ​ដល់​ប្រជាជន​រុស្ស៊ី ក៏​ដូច​ជា​ការ​ជំរុញ​ស្មារតី​ និងកម្លាំងចិត្តដល់​យោធា ដែលទទួលរងនូវការជាប់គាំង និងមិនអាចឈានទៅមុខស្ទើរតែគ្រប់សមរភូមិ ។

សម្រាប់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ការយក​ទីក្រុង​ម៉ា​រី​អ៊ុយ​ប៉ូ​លមកគ្រប់គ្រង​ ដូចជាការបំពេញក្តីស្រមៃរបស់គាត់ក្នុងការកសាងចក្រភពរុស្ស៊ីថ្មី (Novorossiya) យ៉ាដូច្នេះដែរ ដែលគ្រប់គ្រងឆ្នេរសមុទ្រខ្មៅទាំងមូល ដូចដែលបានធ្វើក្នុងសតវត្សទី ១៨ ឲ្យឈានមួយជំហានកាន់តែខិតទៅជិតការពិត ។ ជ័យជម្នះលើម៉ារីអ៊ុយប៉ូល ក៏អាចព្រមាន និងបង្ក្រាប ដូចទីក្រុងសំខាន់ៗផ្សេងទៀតរបស់អ៊ុយក្រែន ដែលនៅតែទប់ទល់ជាមួយកងទ័ពរុស្ស៊ី ​នៅ​ទី​បញ្ចប់​គេ​នឹង​មិន​អាច​យក​ឈ្នះ​រុស្ស៊ី​បាន​ទេ ហើយ​នឹង​រង​ការ​ខាត​បង់​យ៉ាង​ខ្លាំង​ប្រសិន​បើ​ពួក​គេ​នៅ​តែ​មាន​ចិត្ត​រឹង​រូស ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម