ការវាយប្រហារខាង Cyber (អ៊ីនធឺណិត) របស់រុស្ស៊ី ៣ ប្រភេទ ដែលលោកខាងលិចខ្លាចបំផុត

បច្ចេកវិទ្យាថ្ងៃព្រហស្បត្តិ៍ ទី24 ខែមិីនា ឆ្នាំ2022 ម៉ោង 7:48 នាទី ល្ងាច

 

ប្រែសម្រួលពីវេបសាយ bbc\Thai

ដោយ សូរ្យរិទ្ធ៖

ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដេន (Joe Biden) បានអំពាវនាវដល់ក្រុមហ៊ុន និងអង្គការនានានៅក្នុងសហរដ្ឋអាមេរិកឱ្យ «ចាក់សោទ្វារឌីជីថលរបស់ពួកគេឲ្យតឹងរ៉ឹង» ដោយសារការស៊ើបការណ៍សម្ងាត់ដែលបង្ហាញថា រុស្ស៊ីកំពុងរៀបចំផែនការវាយប្រហារតាមអ៊ីនធឺណិត (Cyber) ប្រឆាំងនឹងសហរដ្ឋអាមេរិក ។

រដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស ក៏បានគាំទ្រការអំពាវនាវរបស់សេតវិមានផងដែរ ដែលបានផ្តល់សញ្ញា«ការបង្កើនការប្រុងប្រយ័ត្នសុវត្ថិភាពតាមអ៊ីនធឺណិត» ទោះបីជាវាមិនបានផ្តល់ភស្តុតាងថារុស្ស៊ីកំពុងរៀបចំផែនការវាយប្រហារក៏ដោយ ។

កន្លងមក រុស្សីបានសំដៅលើការចោទប្រកាន់ប្រភេទនេះថាជាលទ្ធផលនៃ «ការស្អប់ជនជាតិរុស្ស៊ី» ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសរុស្ស៊ីគឺជាមហាអំណាចអ៊ីនធឺណិត ដែលមានទាំងឧបករណ៍ និងពួក Hacker មានសមត្ថភាពរំខានការវាយប្រហារតាមអ៊ីនធឺណិត ហើយ​អាច​បង្ក​ការ​ខូច​ខាត​យ៉ាង​ធ្ងន់ផងដែរ ។

អ៊ុយក្រែន មិនទាន់ប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរជាមួយការវាយប្រហារតាមអ៊ីនធឺណិតពីរុស្ស៊ីនៅឡើយទេ ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​បារម្ភ​ថា រុស្ស៊ី​អាច​នឹង​ដាក់​គោលដៅ​ទៅ​សម្ព័ន្ធមិត្ត​របស់​អ៊ុយក្រែន​ជំនួស​វិញ។

លោក ជេន អេលីស (Jane Ellis) មកពីក្រុមហ៊ុនសន្តិសុខ Cyber Rapid7 បាននិយាយថា «ការព្រមានរបស់លោក បៃដេន ហាក់ដូចជាសមហេតុផល ជាពិសេសនៅពេលដែលប្រទេសលោកខាងលិចបង្កើនការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ។

ភ្នាក់ងារព័ត៌មាន BBC បានប្រមូលការវាយប្រហារតាមអ៊ីនធឺណិតចំនួនបីរបស់រុស្ស៊ី ដែលអ្នកជំនាញលោកខាងលិចខ្លាចបំផុត គឺៈ

 

១. BlackEnergy - កំណត់គោលដៅវាយប្រហារប្រព័ន្ធឧបករណ៍ប្រើប្រាស់សំខាន់ៗ

អ៊ុយក្រែនច្រើនតែប្រៀបធៀបជាមួយ «សួនកុមារ» នៃពួក Hacker រុស្ស៊ី ដែលជារឿយៗធ្វើការវាយប្រហារ ដើម្បីសាកល្បងបច្ចេកទេស ឬឧបករណ៍ផ្សេងៗ។

នៅឆ្នាំ ២០១៥ បណ្តាញអគ្គិសនីរបស់ប្រទេសអ៊ុយក្រែនត្រូវបានរំខាន បន្ទាប់ពីការវាយប្រហារតាមអ៊ីនធឺណិតដោយប្រើមេរោគ មានឈ្មោះថា BlackEnergy បានធ្វើឱ្យអ្នកប្រើប្រាស់អគ្គិសនីប្រមាណ ៨០.០០០ នៅភាគខាងលិចអ៊ុយក្រែនគ្មានអគ្គិសនីប្រើបណ្តោះអាសន្ន ។

ជិតមួយឆ្នាំក្រោយមក ក៏មានការវាយប្រហារជាថ្មីមួយទៀតរបស់មេរោគ (Malware) ដែលមានឈ្មោះថា Industroyer បានបណ្តាលឱ្យដាច់ចរន្តអគ្គិសនីគ្របដណ្តប់មួយភាគប្រាំនៃទីក្រុងគៀវរយៈពេលប្រហែលមួយម៉ោង ។ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) បាននិយាយថា ពួក Hacker យោធារុស្ស៊ីជាអ្នកនៅពីក្រោយឧប្បត្តិហេតុទាំងពីរនេះ ។

លោកស្រី ម៉ារីណា ក្រូតូហ្វីល អ្នកជំនាញខាងសន្តិសុខ Cyber របស់អ៊ុយក្រែន បានប្រាប់ថា «រុស្ស៊ីអាចព្យាយាមវាយប្រហារបែបលក្ខណៈដូចគ្នា ទៅលើប្រទេសលោកខាងលិច » ។

ទោះយ៉ាងណាក៏ដោយ លោកស្រីបង្ហាញថា កន្លងមក មិនមានការវាយប្រហារតាម Cyber ដែលបង្កការដាច់ចរន្តអគ្គិសនីនោះទេ ព្រោះការវាយប្រហារប្រព័ន្ធវិស្វកម្មវាពិបាកខ្លាំងណាស់ ហើយពេលខ្លះស្ទើរតែមិនអាចធ្វើទៅរួចក្នុងការខូចខាតធ្ងន់ធ្ងរក្នុងរយៈពេលយូរទៀតផង ដោយសារតែប្រព័ន្ធទាំងនេះមានប្រព័ន្ធការពារដែលភ្ជាប់មកជាមួយ ។

លោកស្រី ក្រូតូហ្វីល នៅបានឲ្យដឹងទៀតថា ការវាយប្រហារលក្ខណៈនេះ អាចបញ្ចូនផលប៉ះពាល់ប្រយោជន៍ចំពោះរុស្ស៊ីទៅវិញទេ ពីព្រោះធុរកិច្ចជាច្រើននៅក្នុងលោកខាងលិច មានពាក់ព័ន្ធជាមួយបណ្តាញរុស្ស៊ីដូចគ្នា ។

 

២. NotPetya - ការខូចខាតចេញពីការគ្រប់គ្រង

មេរោគ NotPetya ត្រូវបានគេជឿថា ជាការវាយប្រហារដែលធ្វើឲ្យមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ ដែលមន្ត្រីអាមេរិក ចក្រភពអង់គ្លេស និង​សហភាព​អឺរ៉ុប​បាន​ចង្អុល​បង្ហាញ​ថា វា​ជា​ស្នាដៃ​របស់​ក្រុម Hacker យោធា​រុស្ស៊ី ។

មេរោគនេះប្រភេទនេះ ត្រូវបានលាក់នៅក្នុងកម្មវិធី (Software) គណនេយ្យដែលប្រើនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែបានរីករាលដាលពាសពេញពិភពលោក និងបំផ្លាញប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុនរាប់ពាន់កន្លែង បណ្ដាល​ឲ្យ​ខូច​ខាត​គិត​ជា​ទឹក​ប្រាក់​ប្រហែល ១០​ ពាន់​លាន​ដុល្លារ ។

មេរោគ WannaCry ក៏បានវាយប្រហារទៅលើទិន្នន័យរបស់កុំព្យូទ័រប្រហែល ៣០០.០០០ គ្រឿងក្នុង ១៥០ ប្រទេសជុំវិញពិភពលោក ។ ការិយាល័យសុខភាពជាតិរបស់ចក្រភពអង់គ្លេស ក៏ជាជនរងគ្រោះផងដែរ ដែលបណ្តាលឱ្យត្រូវលុបចោលការណាត់ជួបសេវាអ្នកជំងឺមានជាច្រើនសន្ធឹក ។

លោក ជេន អេលីស (Jane Ellis) សមាជិក Rapid7 បាននិយាយថា «ការវាយប្រហារបែបនេះមានសក្តានុពលនាំទៅរកការរំខានដ៏ធំមួយ អស្ថិរភាពសេដ្ឋកិច្ច ឬ​សូម្បី​តែ​ការ​បាត់​បង់​ជីវិត»។

ទោះយ៉ាងណាក៏ដោយ សាស្ត្រាចារ្យ អាឡាន់ វូដវើដ អ្នកវិទ្យាសាស្ត្រផ្នែកកុំព្យទ័រ ពីមហាវិទ្យាល័យ សឺរីយ៍ ក្នុងប្រទេស​អង់គ្លេស បង្ហាញថា ការវាយប្រហារបែបនេះ ក៏បណ្តាលឲ្យគ្រោះថ្នាក់ដល់រុស្ស៊ីដូចគ្នា ។

«ការ Hack បែបនេះគឺដូចជាសង្គ្រាមជីវសាស្រ្ត ក្នុងន័យថា វាជាការលំបាកខ្លាំងណាស់ក្នុងការកំណត់គោលដៅប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងទីតាំងជាក់លាក់, WannaCry និង NotPetya ក៏មានរងគ្រោះនៅក្នុងប្រទេសរុស្ស៊ីផងដែរ»។

 

៣. Ransomware - ឧក្រិដ្ឋជន Cyber វាយប្រហារឥតឈប់ឈរ

នៅខែឧសភា ឆ្នាំ ២០២១ ស្ថានភាពអាសន្នត្រូវបានប្រកាសនៅក្នុងរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក បន្ទាប់ពីពួក Hacker មួយក្រុមបានវាយប្រហារជាមួយមេរោគ Ransomware បណ្តាលឱ្យការដឹកជញ្ជូនប្រេងតាមបំពង់ត្រូវបានផ្អាក ។

ក្រុមហ៊ុន Colonial Pipeline  ជាអ្នកផ្គត់ផ្គង់ប្រេងឥន្ធនៈ ៤៥% ទៅភាគខាងកើតសហរដ្ឋអាមេរិក ការ​វាយប្រហារ ​ធ្វើ​ឱ្យ​មាន​ការ​ភ័យ​ស្លន់​ស្លោ ខណៈ​មនុស្ស​សម្រុក​ទៅ​ចាក់​សាំង ព្រោះខ្លាចមានការខ្វះខាត ។ ការ​វាយ​ប្រហារ​នេះ​មិន​មែន​ដោយ​ពួក Hacker រដ្ឋាភិបាល​រុស្ស៊ី​ទេ វាគឺជាក្រុម Ransomware DarkSide ដែលគេជឿថា មានមូលដ្ឋាននៅក្នុងប្រទេសរុស្ស៊ី ។

ក្រុមហ៊ុន Colonial Pipeline បានសារភាពថា បានបង់ប្រាក់លោះដល់ឧក្រិដ្ឋជនក្រុមនេះ ចំនួន ៤,៤ លានដុល្លារ ប្តូរជាមួយ bitcoins វាពិបាកតាមដាន ជាថ្នូរនឹងការបម្រុងទុកទិន្នន័យ ហើយក៏ធ្វើឱ្យប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុនដំណើរការឡើងវិញ ។

ប៉ុន្មានសប្តាហ៍ក្រោយមក ក្រុមហ៊ុន JBS ដែលជាក្រុមហ៊ុនកែច្នៃសាច់គោដ៏ធំបំផុតរបស់ពិភពលោកក្នុងប្រទេសប្រេស៊ីល បានធ្លាក់ខ្លួនរងគ្រោះដោយសារមេរោគ Ransomware ដែរ ដោយក្រុមមួយដែលមានឈ្មោះថា REvil ធ្វើឲ្យប៉ះពាល់ដល់ការដឹកជញ្ជូនសាច់ទៅលក់។

កង្វល់ដ៏ធំបំផុតមួយដែលអ្នកជំនាញផ្តោតលើរុស្ស៊ី គឺរដ្ឋាភិបាលរុស្ស៊ីអាចដឹកនាំឧក្រិដ្ឋជនតាមអ៊ីនធឺណិត (Cyber) វាយប្រហារគោលដៅផ្សេងៗក្នុងសហរដ្ឋអាមេរិក ដើម្បីទទួលបានការខូចខាតជាអតិបរមា។

ប្រសិនប្រទេសសមាជិក ណាតូ ធ្លាក់ជាគោលដៅវាយប្រហារខាង Cyber ដែលបង្កឲ្យបាត់បង់ជីវិត ឬមហន្តរាយដ៏ធំ មិនអាចជួសជុលបាន នោះ ណាតូ ក៏​នឹង​ប្រើ​មាត្រា ​៥ ដែល​ចែង​ថា «​វាយប្រហារ​លើ​សមាជិក​នៃ​ប្រជាជាតិ​ណា​មួយ នឹង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​វាយ​ប្រហារ​រួម​លើ​សមាជិកទាំងអស់»។

ប៉ុន្តែអ្នកជំនាញនិយាយថា នេះអាចអូសទាញ ណាតូ ចូលទៅក្នុងសង្រ្គាមដែលពួកគេមិនចង់បាន ហើយ​ការ​សងសឹក​ទំនង​ជា​អាមេរិក និងសម្ព័ន្ធមិត្តជិតស្និទ្ធជំនួសវិញ ។ លោក បៃដេន ធ្លាប់បាននិយាយថា «យើងត្រៀមខ្លួនរួចជាស្រេចដើម្បីសងសឹក» ​ប្រសិនបើរុស្ស៊ីបើកការវាយប្រហារដ៏ធំមួយលើសហរដ្ឋអាមេរិក ។

ទោះបីជាយ៉ាងណាក៏ដោយ ភាពខ្វល់ខ្វាយខាង Cyber ដែលមាននៅក្នុងប្រទេសអ៊ុយក្រែនជាប្រវត្តិសាស្ត្រក្នុងប៉ុន្មានសប្តាហ៍ថ្មីៗកន្លងទៅនេះ វាបង្ហាញថា ស្ថានការណ៍អាចកើនឡើងយ៉ាងងាយស្រួល ដូច្នេះ​រាល់​សកម្មភាព​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម