សញ្ញាល្អរវាងអាមេរិក និងចិន ! អាមេរិកបន្តការលើកលែងពន្ធលើផលិតផលចិន ជាង ៣៥០ មុខ

សេដ្ឋកិច្ចថ្ងៃសុក្រ ទី25 ខែមិីនា ឆ្នាំ2022 ម៉ោង 7:29 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បាននិយាយកាលពីថ្ងៃពុធ ទី ២៣ មីនាថា ការលើកលែងពន្ធ ៣៥២ មុខ ពីប្រទេសចិនត្រូវបានស្ដារឡើងវិញ តែតិចជាងផែនការលើកលែងពន្ធពីដើម ។

ទំនិញជាង ៣០០ ដែលនឹងត្រូវបានលើកលែងពន្ធនាំចូល រួមទាំងផ្នែកឧស្សាហកម្មផងដែរ មានដូចជា ម៉ាស៊ីនបូម ម៉ូទ័រ អេឡិចត្រិច គ្រឿងបន្លាស់រថយន្ត សារធាតុគីមី កាបូបស្ពាយ កង់ ម៉ាស៊ីនបូមធូលី និងគ្រឿងឧបភោគ បរិភោគ រួមទាំងផលិតផលប្រើប្រាស់ផ្សេងៗទៀត ដែលចូលជាធរមានកាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៣១ ខែធ្នូឆ្នាំនេះ គ្របដណ្តប់លើការនាំចូលរបស់ចិនដែលមានតម្លៃប្រហែល ៣៧០ ពាន់លានដុល្លារ ដែលសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដែលបានដំឡើងពីកម្រិត ៧,៥% ទៅ ២៥% ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ ខែ​មីនាថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកមានសារសំខាន់ណាស់ ក្នុងការរក្សាកម្រិតពាណិជ្ជកម្មនៅក្នុងទំនិញទាំងនោះ ហើយ​សង្ឃឹម​ថា​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន ​នឹង​វិល​មក​រក​ភាព​ប្រក្រតីឡើង​វិញ ។

កន្លងមក ក្រុមការងាររបស់អតីតប្រធានាធិបតី ត្រាំ បានផ្តល់ការលើកលែងពន្ធច្រើនជាង ២.២០០ មុខ ដើម្បីកាត់បន្ថយផលប៉ះពាល់លើឧស្សាហកម្មមួយចំនួន និងអាជីវកម្មលក់រាយ ការលើកលែងពន្ធភាគច្រើនបានផុតកំណត់ទៅហើយ ប៉ុន្តែផលិតផលចំនួន ៥៤៩ មុខ ត្រូវបានពន្យារបន្ថែម ។

កាល​ពី​ខែ​តុលា ឆ្នាំ​កន្លង​ទៅ អ្នក​តំណាង​ពាណិជ្ជកម្ម​អាមេរិក ​លោកស្រី ខាធើរីន តៃ (Katherine Tai) បាន​ពិចារណា​ថា ​តើ​ត្រូវ​ដាក់​ការ​លើក​លែង​ចំនួន ៥៤៩ ឡើង​វិញ​ឬ​អត់ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់លោកស្រី សម្រាប់ការប្រឈមមុខដាក់គ្នាពាណិជ្ជកម្មជាមួយប្រទេសចិនលើការអនុវត្តពាណិជ្ជកម្ម ។ ខណៈ​ការ​ពិភាក្សា​តាម​អ៊ីនធឺណិត​រវាង​តំណាង​ពាណិជ្ជកម្ម​អាមេរិក ​និង​ចិន ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ដែលផ្តួចផ្តើមឡើងក្នុងសម័យអតីតប្រធានាធិបតី ត្រាំ មានវឌ្ឍនភាពតិចតួច ។

តើការបន្ថយពន្ធរបស់អាមេរិកចំពោះប្រទេសចិន ជាការយកចិត្ត លួងបេះដូង ដើម្បីកុំឲ្យប៉េកាំងគាំទ្ររុស្ស៊ី ក្នុងសង្គ្រាមអ៊ុយក្រែន? សព្វថ្ងៃ ប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាមេរិកផង កំពុងចង់ញែកចិនពីរុស្ស៊ី ដើម្បីឲ្យចិន «ឈប់លែងចូល» រុស្ស៊ី ហើយដាក់សម្ពាធដូចប្រទេសដទៃទៀត ឲ្យទាហានរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែន ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម