រឿងអ៊ុយក្រែន ៖ មេរៀនសំខាន់សម្រាប់ចិន ក្នុងការចង់វាយតៃវ៉ាន់!

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី26 ខែមិីនា ឆ្នាំ2022 ម៉ោង 11:20 នាទី ព្រឹក

 

ដោយលោក លៀង សូរ្យរិទ្ធ៖

រយៈពេលជាងមួយខែហើយ ដែលរុស្ស៊ីបានចាប់ផ្តើមការលុកលុយអ៊ុយក្រែនពីទិសដៅបីគឺ ខាងជើង ខាងកើត និងខាងត្បូង ប៉ុន្តែជាការសង្ឃឹមខ្ពស់ពេកដែលថាអ៊ុយក្រែនចុះចាញ់ ផ្ទុយទៅវិញ អ៊ុយក្រែនបានប្រយុទ្ធយ៉ាងស្វិតស្វាញ រហូតហាក់ដូចជាការឈ្លានពានរបស់រុស្ស៊ីបានបរាជ័យ ឬយ៉ាងហោចណាស់ បានថយចុះដូចជាក្នុងអំឡុងពេលការលុកលុយរបស់ណាស៊ីអាល្លឺម៉ង់លើ លេនីនហ្គ្រាដ, ម៉ូស្គូ និង ស្តាលីនហ្គ្រាដ នៅក្នុងសង្គ្រាមលោកលើកទី ២ ដែរ ។

មុន​ការ​ឈ្លានពាន​របស់​រុស្សី​មក​លើ​អ៊ុយក្រែន​ថ្មីៗ​នេះ លោក​ប្រធានាធិបតី ពូទីន បាន​ព្យាយាម​អះអាង​ថា អ៊ុយក្រែន​មិន​មែន​ជា​ប្រទេស​ពិត​ប្រាកដ ប៉ុន្តែ​វា​ជា​ផ្នែក​មួយ​នៃ​ប្រទេស​រុស្ស៊ី​សម្រាប់​រាប់​រយ​ឆ្នាំ​នៃ​ប្រវត្តិសាស្ត្រ វាត្រូវបានបង្កើតឡើងជារដ្ឋប្រឌិតនៅពេលដែលសហភាពសាធារណរដ្ឋសង្គមនិយមសូវៀត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩២២ ដោយលោក វ៉្លាឌីមៀរ លេនីន (Vladimir Lenin) ។

ចំណុចនេះមិនដូចសាធារណរដ្ឋប្រជាមានិតចិន ដែលបានចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិនតាំងពីឆ្នាំ ១៩៤៩ នោះទេ ហើយតែងតែទទូចថា នៅពេលដែលតៃវ៉ាន់ប្រកាសឯករាជ្យជាផ្លូវការ សាធារណរដ្ឋ​ប្រជាមានិត​ចិន​នឹង​ប្រើប្រាស់​កម្លាំង​យោធា​ដើម្បី​វាយ​តៃវ៉ាន់ ។បើ​​ចិន​ពិត​ជា​ឈ្លានពាន​តៃវ៉ាន់មែន ជំហរ​របស់​អាមេរិក​ប្រហែល​ស្រដៀង​នឹង​អ៊ុយក្រែន​ដែរ ពោល​គឺ​មិន​ជួយ​ផ្ទាល់​ទេ គ្រាន់តែ​គាំទ្រ​ខាង​អាវុធ​ប៉ុណ្ណោះ ព្រោះ​គ្មាន​សន្ធិសញ្ញាណា​ដែល​ចង​អាមេរិក​ឲ្យ​ចូល​រួម​សង្គ្រាម​ជាមួយ​ប្រទេសណាមួយឡើយ តួយ៉ាង ការ​ឈ្លានពាន​ទាំង​អ៊ុយក្រែន និង​តៃវ៉ាន់ និង ដូចប្រទេសទាំងអស់ដែលជាសមាជិកអង្គការណាតូ, ជប៉ុន, កូរ៉េខាងត្បូង និងអារ៉ាប៊ីសាអូឌីត ជាដើម ។

ចំពោះការក្រែងរអែងថា ចិននឹងទាញយកឱកាសដែលពិភពលោកកំពុងចលាចលរឿងឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ចង់លុកលុយតៃវ៉ាន់ដូចគ្នា ឬអត់ គួរ​ពិចារណា​ថា ចិន​បាន​រៀន​មេរៀន​ពីរ ​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន គឺ៖

១. បញ្ហា​យុទ្ធសាស្ត្រ​ខាងយោធា​ដែល​សាធារណរដ្ឋ​ប្រជាមានិត​ចិន គ្មានជំនាញ​ក្នុងការ​ប្រយុទ្ធលើគោក ​ដើម្បី​ឈ្លានពាន​តៃវ៉ាន់​គឺ វាប្រៀបដូចជាទាហានរុស្ស៊ីមិនមានបទពិសោធន៍ប្រយុទ្ធពិតប្រាកដដូច្នោះដែរ ដោយសារតែពួកគេភាគច្រើនជាទាហានកំណែនដែលមានកំណត់ពីរឆ្នាំ ហើយយោធារបស់រុស្ស៊ីសម្បូរទៅដោយអំពើពុករលួយដូចស្ថាប័នផ្សេងៗ ដូច្នេះវាគឺជាធម្មជាតិនៃប្រទេសផ្តាច់ការ ធ្វើឱ្យការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនទទួលបរាជ័យ ។

ទោះបីជាប្រធានាធិបតី ហ្ស៊ី ជិនពីង (Xi Jinping) បានសង្កត់ធ្ងន់លើការប្រឆាំងអំពើពុករលួយជាគោលនយោបាយចម្បងចាប់តាំងពីលោកបានឡើងកាន់តំណែងក្នុងឆ្នាំ ២០១៣ ក៏ដោយ និងទោះបីជាបញ្ហាអំពើពុករលួយរបស់ប្រទេស ចិនមានលក្ខណៈស្រាលជាងរុស្ស៊ីក៏ដោយ ប៉ុន្តែនៅតែមិនអាចជឿទុកចិត្តបាន ។

២. ចិន​ត្រូវ​ខ្លាចរអា ​បើ​ចិន​ចូល​ឈ្លានពាន​ទឹកដី​តៃវ៉ាន់ ។ ប្រទេសអភិវឌ្ឍន៍ ដែលជាអតិថិជនសំខាន់ខាងពាណិជ្ជកម្មអន្តរជាតិ ដែលជាបេះដូងនៃប្រទេសចិន នឹងបង្រួបបង្រួមទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងសាធារណរដ្ឋប្រជាមានិតចិនក្នុងកម្រិតដែលពួកគេបានធ្វើ ប្រឆាំងដូចគ្នានឹងរុស្ស៊ីនាពេលបច្ចុប្បន្នដែរ ។ ប្រទេសចិនពិតជានឹងមិនអាចទទួលបានកម្រិតនៃទណ្ឌកម្មសេដ្ឋកិច្ច ដូចរុស្ស៊ីកំពុងប្រឈមមុខនាពេលនេះទេ ដោយសារ​តែ​សេដ្ឋកិច្ច​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​មាន​ទំនាក់ទំនង​ជាមួយ​ពាណិជ្ជកម្ម​ពិភពលោក​ច្រើន​ជាង​រុស្ស៊ីឆ្ងាយ ។

ដូច្នេះហើយ មេរៀនចំណុចទាំងពីរនេះ ដែលចិនទទួលបានពីស្ថានការណ៍ឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គួរតែជាចម្លើយថា តើសាធារណរដ្ឋប្រជាមានិតចិន គួរនឹងឆក់ឱកាសពីភាពចលាចលរបស់ពិភពលោកពេលបច្ចុប្បន្ន ថាតើត្រូវឈ្លានពានតៃវ៉ាន់ឬអត់? ពិចារណាតាមការគួរ!


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម