តើមេដឹកនាំអាស៊ាន ៩ ជាតិផ្សេងយល់ព្រមទេ នៅពេលម៉ាឡេស៊ីត្រៀមស្នើយកភាសាម៉ាឡេ ជាភាសាទី២ ប្រើក្នុងអាស៊ាន?

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី29 ខែមិីនា ឆ្នាំ2022 ម៉ោង 7:32 នាទី ល្ងាច

 

អត្ថបទ សូរ្យរិទ្ធ៖

រដ្ឋាភិបាលម៉ាឡេស៊ី ត្រៀមពិភាក្សាជាមួយមេដឹកនាំអាស៊ាន ៩ ប្រទេសផ្សេងទៀត ដើម្បីឲ្យ «បាហាសា ម៉ាឡាយ៉ូ» ឬ ភាសាម៉ាឡេស៊ី ជាភាសាប្រើជាផ្លូវការទី ២ នៅក្នុងប្លុកអាស៊ាន បន្ទាប់ពីភាសាអង់គ្លេស ។ នេះជាការថ្លែងរបស់លោក អ៊ីស្មាអ៊ីល សបប៊្រី យ៉ាខប នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ទៅកាន់ព្រឹទ្ធសភាក្នុងទីក្រុងគួឡាឡាំពួ កាលពីសប្តាហ៍មុន ។

យោងតាម ​​CNA Singapore ផ្សាយថា លោក អ៊ីស្មាអ៊ីល សបប៊្រី បាននិយាយថា ក្រៅពីប្រទេសម៉ាឡេស៊ី ភាសាម៉ាឡេក៏ត្រូវបានប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃផងដែរ នៅ​ក្នុង​ប្រទេស​ជា​ច្រើន​នៃ​អាស៊ាន ​ដូច​ជា ឥណ្ឌូណេស៊ី ប្រ៊ុយណេ សិង្ហបុរី ប្រជាជន​ថៃ​នៅ​ភាគ​ខាង​ត្បូង ហ្វីលីពីនខាងត្បូង និងនៅតាមបណ្តាខេត្តជាច្រើននៃប្រទេសកម្ពុជា ។

ពេលមកទស្សនកិច្ចនៅកម្ពុជាថ្មីៗនេះ នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​បាន​ប្រាប់​ថា ប្រជាជន​និយាយ​ភាសា​ម៉ាឡេ​ក្នុង​ប្រទេស​កម្ពុជា​មាន​ប្រមាណ ៨០ ម៉ឺន​នាក់ ដែល​មាន​ដើម​កំណើត​ចាម-ម៉ាឡេ ។ ចំណែកនៅ​ប្រទេស​វៀតណាម​មាន​ប្រហែល ១៦ ម៉ឺន​នាក់ ហើយ​ជនជាតិ​វៀតណាម​មួយ​ក្រុម​នេះ​ក៏​មាន​ដើម​កំណើត​ចាម-ម៉ាឡេ​ដែរ ។ រីឯប្រទេសលាវក៏មានមួយចំនួនដែរ ។

គ្រប់ប្រទេសនៃអាស៊ាន សុទ្ធតែមានអ្នកចេះនិយាយភាសាម៉ាឡេ តើមានហេតុផលទេ ដែលម៉ាឡេស៊ីនឹងជម្រុញ ភាសាម៉ាឡេជាភាសាប្រើជាផ្លូវការ នៃអង្គការភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចរួម ក្នុងភូមភាគអាស៊ីអាគ្នេយ៍ ? តើមេដឹកនាំអាស៊ាន ៩ ប្រទេសទៀត នឹងយល់ព្រមដែរទេ?

លោក អ៊ីស្មាអ៊ីល សបប៊្រី គ្រោងនឹងជួបជាមួយមេដឹកនាំអាស៊ានផ្សេងទៀត ដោយចាប់ផ្តើមពីប្រទេសដែលនិយាយភាសាម៉ាឡេ ។

អ៊ីស្មាអ៊ីល សបប៊្រី បាននិយាយទៅកាន់ក្រុមប្រឹក្សាជាន់ខ្ពស់ថា បច្ចុប្បន្ន​មាន​ប្រទេស​អាស៊ាន​តែ ​៤​ប៉ុណ្ណោះ​ក្នុង​ចំណោម​ប្រទេស​១០ ប្រើភាសាអង់គ្លេសផ្លូវការ នៅឯកិច្ចប្រជុំ ឬព្រឹត្តិការណ៍អន្តរជាតិ ប្រទេសចំនួន ៦ ផ្សេងទៀតប្រើភាសាកំណើតរបស់ពួកគេ ដែលត្រូវបកប្រែ ។

ក្នុង​ដំណើរ​ទស្សន​កិច្ច​បរទេស​ជា​ផ្លូវ​ការ​ម្តងៗ លោក អ៊ីស្មាអ៊ីល សាប៊្រី តែង​តែ​ស្នើ​ទៅ​ក្រសួង​ការ​បរទេស​ម៉ាឡេស៊ី រៀបចំកំណត់ចំណាំសម្រាប់ការប្រកាស និងឯកសារដែលពាក់ព័ន្ធតែនឹងភាសាម៉ាឡេ ។

រឿងនេះការចង់ប្រើភាសារបស់ខ្លួនទៅក្នុងប្លុកអន្តរជាតិ ដោយឡែកអាស៊ាន កន្លងមកប្រទេសថៃក៏មានបំណងចង់ស្នើអាស៊ាន ឲ្យប្រើភាសាថៃ ជាភាសាទី ២ សម្រាប់ប្រាស្រ័យទាក់ទងប្រចាំថ្ងៃក្នុងអាស៊ានផងដែរ តែប្រហែលទៅមិនរួចពីការមិនយល់ព្រមនៃជាតិ ៩ ផ្សេងទៀត ដូច្នេះលើកនេះទៀតសោត អាចគ្មានមេដឹកនាំណាយល់ព្រមងាយៗនោះទេ ៕

រូបភាព:GETTY IMAGES


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម