«ទះក្បាល អង្អែលខ្នង» មេរៀនឈាម-ទឹកភ្នែករបស់អ៊ុយក្រែន

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី31 ខែមិីនា ឆ្នាំ2022 ម៉ោង 8:43 នាទី ល្ងាច

 

ពីកាសែតបរទេស ដោយ សូរ្យរិទ្ធ៖

សហភាពអឺរ៉ុប ឬ EU គឺជាអង្គការមួយដែលជា «សសរស្តម្ភ» នៃតំបន់ បន្ថែមពីលើការអភិវឌ្ឍន៍សេដ្ឋកិច្ច សហភាពអឺរ៉ុបមានគោលនយោបាយស្វែងរកសន្តិភាព ប៉ុន្តែវិបត្តិនៅអ៊ុយក្រែនកំពុងបង្ហាញថា វាគឺ «មានតែទ្រឹស្តីប៉ុណ្ណោះ»។

ងាកត្រឡប់ទៅក្រោយ ក្នុងខែធ្នូ ឆ្នាំ ២០១២ គណៈកម្មាធិការណូបែលន័រវេស បានផ្តល់ពានរង្វាន់ណូបែលសាខាសន្តិភាពដល់សហភាពអឺរ៉ុប  ពីកិច្ចខិតខំប្រឹងប្រែងកសាងសន្តិភាព ការសម្របសម្រួល និងការលើកកម្ពស់ដំណើរការជំរុញលទ្ធិប្រជាធិបតេយ្យ ។ នៅឆ្នាំដែលបានទទួលរង្វាន់ វា​ក៏​ជា​ឆ្នាំ​នៃ​ការ​បង្កើតរយៈពេល​ ៦ ទសវត្សរ៍​នៃ​សហភាពផងដែរ ​។

មន្ត្រីជាន់ខ្ពស់ EU ទទួលរង្វាន់ណូបែលសាខាសន្តិភាព នៅទីក្រុងអូស្លូ ប្រទេសន័រវេស ឆ្នាំ ២០១២

ទោះយ៉ាងណាក៏ដោយ ១០ ឆ្នាំក្រោយមក ការភ័យខ្លាចរបស់ EU ក្លាយជាការពិត ។ ការ​ប្រយុទ្ធ​គ្នា​រវាង​រុស្ស៊ី និង​អ៊ុយក្រែន​បាន​ផ្ទុះ​ឡើង និងអូសបន្លាយតាំងពីថ្ងៃទី ២៤ ខែកុម្ភៈកន្លងមក វាជាសង្រ្គាមដ៏ធំមួយដែលបានកើតឡើងនៅលើទឹកដីអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ និងសង្គ្រាមយូហ្គោស្លាវី ភាពធ្ងន់ធ្ងរ និងភាពអាក្រក់នៃស្ថានកាណ៍ កាន់តែទន់ខ្សោយ កង្វះការរួបរួម និងភាពគ្មានប្រសិទ្ធភាពនៃគោលនយោបាយ ក្នុងចំណោមរដ្ឋសមាជិកសហភាពអឺរ៉ុបទាំង ២៧ ។

សរុបមក សហភាពអឺរ៉ុប និងសមាជិកឈានមុខគេដូចជា អាល្លឺម៉ង់ និងបារាំង ដើរតួក្នុងការជំរុញកម្លាំងគោលនយោបាយ ដើម្បីដាក់សម្ពាធលើរុស្ស៊ី ដែលផ្តោតសំខាន់លើទណ្ឌកម្ម ព្រោះគោលនយោបាយរបស់ប្រទេសនីមួយៗនៅតែខ្វះភាពស៊ីសង្វាក់គ្នា, ដើម្បីធ្វើឱ្យវាងាយបំផុតដែលអាចធ្វើទៅបាន គឺ«ធ្វើបែបអាមេរិក» ។

បន្ទាប់ពីបានវិភាគយ៉ាងលម្អិតរួចមក ឃើញថា ស្ទើរតែគ្រប់ប្រទេសក្នុងសហភាពអឺរ៉ុប ត្រូវផ្តោតលើការដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនជាមុនសិន មិនថាអាល្លឺម៉ង់ទេ ដែលជា​រដ្ឋាភិបាល​ចម្រុះ​ថ្មី​ មិនសូវ​ចុះសម្រុង​គ្នា និង​មាន​អាកប្បកិរិយា​ត្រៀម​បែកបាក់​​គ្រប់​ពេល ។

ខណៈពេលដែលប្រទេសបារាំងយកចិត្តទុកដាក់ចំពោះផែនការយុទ្ធសាស្រ្តអាស៊ីប៉ាស៊ីហ្វិក ហើយរឿងសំខាន់គឺ ការបោះ ឆ្នោតប្រធានាធិបតី ដែលនឹងប្រព្រឹត្តទៅក្នុងខែមេសា ហើយប្រធានាធិបតី អេមម៉ានូអែល ម៉ាក្រង(Emmanuel Macron) មានគោលបំណងចង់បន្តតំណែងរបស់គាត់អាណត្តិទីពីរជាប់ៗគ្នា ប៉ុន្តែតួនាទីរបស់មេដឹកនាំបារាំងនៅអ៊ុយក្រែន វាគួរតែជួយជះឥទ្ធិពលដល់ប្រជាប្រិយភាព និងការសម្រេចចិត្តរបស់ជនជាតិបារាំង តិច​ឬ​ច្រើនតាមពេលវេលា ។

ទោះបីជាសមាជិកសហភាពអឺរ៉ុបស្ទើរតែទាំងអស់ គឺជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដែលច្បាស់ណាស់ថា ដែលជាសហភាពខាងយោធា ត្រូវតែពឹងផ្អែកជាចម្បងលើសហរដ្ឋអាមេរិក ខណៈ​ដែល​ឥទ្ធិពល ​និង​រូបភាព​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក្នុង​សម័យ​ក្រោយ​មក បានបន្តកាន់តែយ៉ាប់យឺន ។ ចំណែកផ្លូវដើរជាមួយចិនបានលេចធ្លោ​យ៉ាង​ឆាប់​រហ័ស។ អឺរ៉ុបប្រហែលជាត្រូវចោទសួរខ្លួនឯងបន្ថែមទៀតថា ការអនុវត្តគោលនយោបាយរបស់ខ្លួន នឹងនៅតែត្រូវអនុវត្តតាមក្រោយ ហើយ​តើ​ពួកគេ​នឹង​ពឹង​លើ​អាមេរិក​ដល់​ពេលណា​?​ លើសពីនេះ​ទៅទៀត ចិន​និង​រុស្ស៊ី​បង្ហាញ​យ៉ាងច្បាស់​ពី​ជំហរ​រួម​របស់​ពួកគេ ជាសម្ព័ន្ធមិត្តស្ថិរភាព និងជាដៃគូយុទ្ធសាស្ត្រ ។

សហភាពអឺរ៉ុបក៏អាចនឹងកំពុងចោទសួរខ្លួនឯងថែមទៀតថា ​នៅ​កណ្តាល​ស្ថានការណ៍មុខ​ពូថៅ​ដែល​កំពុង​កើត​ឡើង​ក្នុង​ប្រទេស​អ៊ុយក្រែន វាជៀសមិនផុតពីផលប៉ះពាល់ដល់ខ្លួនផ្ទាល់ ទោះបីជាអ៊ុយក្រែនមិនមែនជាសមាជិកEU ក៏ដោយ ។ ក្នុងពេលដែលទណ្ឌកម្មទាំងអស់ត្រូវបានអនុវត្ត ទាំងអស់គ្នាកំពុងធ្វើតាមសហរដ្ឋអាមេរិក ដែលនៅសងខាងនៃមហាសមុទ្រ តើសហភាពអឺរ៉ុបអាចឆ្លើយតបដោយខ្លួនឯងបានទេ? តើ​ត្រៀម​រយៈពេលយូរប៉ុនណា ដែលទទួលយកឥទ្ធិពលនៃទណ្ឌកម្ម ដែលខ្លួនឯងមាន «របួសដូចគ្នា» ហើយបានទទួលការកកិតច្រើនជាងសហរដ្ឋអាមេរិក ។

មកដល់ពេលនេះ វាលេចរូបភាពកាន់តែច្បាស់ថា រដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំង ២៧ ប្រទេស «មិនមានយន្តការខ្លាំង» ដែលអាចប្រើជា «កណ្តាប់ដៃចុងក្រោយ» ជាមួយរុស្ស៊ី ដែល​ជា​លទ្ធផល​នៃ​ការ​មិន​ធ្វើ​ខ្លួន​ឯង និងកង្វះការរួបរួមក្នុងចំណោមសមាជិក EU តាំងពីដើមមក ។ ជាការពិត សង្គ្រាមនេះ​ជា​ជម្លោះ​ផ្ទាល់​រវាង​រុស្ស៊ី និង​អ៊ុយក្រែនទេប៉ុន្តែ​វា​ជា​មេរៀន​សំខាន់​សម្រាប់​គ្រប់​ភាគី ស្តីពីការបរាជ័យនៃគោលនយោបាយទំនាក់ទំនងអន្តរជាតិ និងភូមិសាស្ត្រនយោបាយពិភពលោក ដោយអ៊ុយក្រែន «ទទួលយកមេរៀនទាំងអស់» នេះ ។

គ្មាននរណាម្នាក់អាចទស្សន៍ទាយបាននោះទេ តើវិបត្តិនេះនឹងបញ្ចប់នៅត្រង់ណា និងនៅពេលណា? វា​គួរ​តែ​ជា​ចលនា​មួយ​ដើម្បី​បង្កើត​សន្តិភាព «ពិតប្រាកដ» ជាង «ទះក្បាល រួចស្ទាបខ្នង» ជាមួយនឹងការដាក់ទណ្ឌកម្ម បន្ទាប់មកផ្ញើសញ្ញាសុំចរចា ហើយក្នុងពេលតែមួយ មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបជាច្រើននាក់ទៀត បន្តប្រើសុន្ទរកថា ដែលនឹងធ្វើឱ្យមានជម្លោះកាន់តែដុតភ្លើងកំហឹង ៕

រូបភាព GETTY IMAGES


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម