ប្រទេសសិង្ហបុរី ដែលកម្រេឃើញមានបាតុកម្ម បែរជាមានអ្នកតវ៉ាប្រឆាំងនឹងទោសប្រហារជីវិត

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី04 ខែមេសា ឆ្នាំ2022 ម៉ោង 6:49 នាទី ល្ងាច

អត្ថបទ ចាន់ធឿន៖

ប្រទេសអាស៊ានមួយនេះ ជាប្រទេសមិនធ្លាប់មានបាតុកម្ម ឬកុប្បកម្ម ហើយក៏ជាប្រទេសមានច្បាប់តឹងរឹងផងដែរ តែនៅថ្ងៃទី ៣ មេសា មានមនុស្សប្រមាណ ៤០០ នាក់ បានប្រឆាំងតវ៉ា ក្រោយមាននិន្នាការបង្កើតច្បាប់ប្រហារជីវិតអ្នកទោស ដោយព្យួរ.ក ។

ការតវ៉ាបានកើតឡើងនៅ «Speakers Corner» ដែលជាកន្លែងធ្វើបាតុកម្មតែមួយគត់ក្នុងប្រទេសសិង្ហបុរី ដោយមិនចាំបាច់មានការអនុញ្ញាតពីប៉ូលីស ។ ក្រុម​អ្នក​តវ៉ា​បាន​កាន់​បដា​បង្ហាញថា «ទោសប្រហារជីវិតមិនធ្វើឱ្យយើងមានសុវត្ថិភាពទេ» និង «កុំសម្លាប់ក្នុងនាមពួកយើង» ក្នុងនោះ ក៏មានសម្រែកស្រែកខ្លាំងៗប្រឆាំងនឹងទោសប្រហារជីវិតផងដែរ ។

បាតុកម្ម​នៅ​សិង្ហបុរី​គេកម្រ​ឃើញ​ណាស់ ទន្ទឹមនឹងនោះ សិង្ហបុរីតែងតែប្រឈមមុខនឹងការរិះគន់ចំពោះការគ្រប់គ្រងរបស់ខ្លួនលើសេរីភាពស៊ីវិល ។ ក្រៅតែពី «Speakers Corner» ការប្រមូលផ្តុំសាធារណៈក្នុងប្រទេសសិង្ហបុរីដោយគ្មានការអនុញ្ញាតពីប៉ូលីស ទោះបីជាវាគ្រាន់តែជាការបញ្ចេញមតិក៏ដោយ វាត្រូវបានចាត់ទុកថាជាការបំពានច្បាប់ផងដែរ ។

ការតវ៉ានេះកើតឡើងបន្ទាប់ពីលោក អាប់ឌុល ខាហា អតមេន (Abdul Khahar Orthman) ជនជាតិសិង្ហបុរី អាយុ ៦៨ ឆ្នាំ ត្រូវបានប្រហារជីវិតដោយការព្យួរកកាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២ ​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន ទោះបីជាមានការប្រឆាំងពីអង្គការសហប្រជាជាតិ និងក្រុមសិទ្ធិមនុស្សជាច្រើនក៏ដោយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម