ចាប់ពី​ឆ្នាំ​២០២៩ តទៅ​ បុណ្យចូលឆ្នាំ​ខ្នែ​រ គឺ​ចាប់ពី​ថ្ងៃទី​១៤​ មេសា លែងមាន​ថ្ងៃទី​១៣​មេសា​ទៀតហើយ​

ព័ត៌មានសង្គមថ្ងៃសុក្រ ទី15 ខែមេសា ឆ្នាំ2022 ម៉ោង 1:58 នាទី ល្ងាច

លោកអនុបណ្ឌិត អ៊ឹម បូរិន្ទ អគ្គ​លេខាធិការ​គណៈកម្មាធិការ​រៀបចំ​បុណ្យ​ជាតិ​និង​អន្តរ​ជាតិនាយកនៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទំលាប់ខ្មែរ បានមានប្រសាសន៍ ទាក់ទងនឹងការតែងសៀវភៅមហាសង្ក្រាន្តខ្មែរ និងសៀវភៅទស្សន៍ទាយមួយចំនួនទៀត ឲ្យកូនខ្មែរបានដឹង។

លោក អនុបណ្ឌិត អ៊ឹម បូរិន្ទ បាននិពន្ធសៀវភៅ «មហាសង្ក្រាន្ត» ប្រចាំឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកទល់បច្ចុប្បន្ន។ នៅឆ្នាំ២០០៩ លោកបាននិពន្ធសៀវភៅ «មហាសង្ក្រាន្ត ខ្មែរ-ចិន-សកល» ប្រចាំឆ្នាំបន្ថែមទៀត ដែលនិយាយពីការឆុងឆ្នាំ ក្នុងការរើសគូស្រករ។
សៀវភៅ «មហាសង្ក្រាន្ត» ដែលលោកអ៊ឹម បូរិន្ទ តែងនិពន្ធ គឺបានយោងតាមឯកសារខ្មែរពីបូរាណ និងឯកសារបរទេសជាច្រើនទៀត (មាននៅក្នុងសៀវភៅ) ជាពិសេសការចុះផ្សាយប្រតិទិន គឺគណនាតាមសុរិយគតិ និងចន្ទគតិ ព្រមទាំងមានការទស្សន៍ទាយទំនាយប្រចាំឆ្នាំសម្ពង្ស សម្ពង្សតាមធាតុ ឆ្នាំសម្ពង្ស ឬ មិនសម្ពង្ស តម្រាមង្គលផ្សេងៗ តម្រាផ្សងជោគផ្សងព្រេង៘

សៀវភៅនេះ បានបោះពុម្ភប្រតិទិន បី ភាសា គឺអន្តរជាតិ (បារាំង) ខ្មែរ, និងចិន ។ ការគណនាប្រតិទិនរវាងខ្មែរ និងចិន ក្នុងមួយឆ្នាំល្អៀងគ្នា ១ ថ្ងៃប៉ុណ្ណោះ ហើយថ្ងៃចូលឆ្នាំក្នុងឆ្នាំខ្លះចូលក្នុងខែជាមួយគ្នា (គិតតាមចន្ទគតិ) ព្រោះឆ្នាំខ្លះខ្មែរលើកខែមុខចិន ឆ្នាំខ្លះលើក្រោយចិន។

លោកអ៊ឹម បូរិន្ទ បញ្ជាក់ថា ប្រតិទិនអឺរ៉ុប គេគិតប្រតិទិន៨០០ឆ្នាំម្តង គឺលេខ ២៩-២១-៩៤។ ចំណែកខ្មែរយើងក៏គិត៨០០ឆ្នាំម្តង គឺលេខ ២៩-២២-០៧ ដូចនេះអឺរ៉ុបគេធំជាងយើង ១៣ ថ្ងៃ ហើយក្នុងរយៈពេល ៦១ ឆ្នាំ យើងរំកិលមួយថ្ងៃ។ ដូច្នេះនៅឆ្នាំ២០២៩ ខ្មែរយើងចូលឆ្នាំនៅថ្ងៃទី១៤មេសា ជារៀងរហូត។
ចាប់ពីពេលនេះ គឺឆ្នាំ២០១២ , ២០១៦ , ២០២០, ២០២៤ និង២០២៨ យើងចូលឆ្នាំថ្ងៃទី១៣មេសា ។ ក្រៅពីនោះ ចូលឆ្នាំនៅថ្ងៃទី១៤ មេសារហូត ដែលមានរយៈពេល ៣​ថ្ងៃ ។ នៅឆ្នាំ២០៧៤ ខ្មែរយើងថ្ងៃឡើងស័ក នៅថ្ងៃទី១៧ មេសា ហើយនៅឆ្នាំ៤៤៥៦ ត្រូវនឹងព.ស ៥០០០ ថ្ងៃឡើងស័កនៅថ្ងៃទី២៥ ឧសភា ៕

តាមឯកសារបូរាណខ្មែរ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម