រុស្ស៊ីព្រមាន អាមេរិក និង ណាតូ ទៀតហើយ! «ផលអាក្រក់ដែលនឹកស្មានមិនដល់» ប្រសិននៅតែបញ្ជូនសព្វាវុធទៅឲ្យអ៊ុយក្រែនទៀត

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី17 ខែមេសា ឆ្នាំ2022 ម៉ោង 5:24 នាទី ល្ងាច

 

ប្រភពពី bbc\thai

ដោយ សូរ្យរសេង៖

តើការព្រមានរបស់រុស្ស៊ីនេះ វាមានន័យថា គេចង់ប្រើអាវុធគីមី ឬអាវុធនុយក្លេអ៊ែរកម្រិតតូច ត្រឹមបំផ្លាញទឹកដីរបស់អ៊ុក្រែន ?

រដ្ឋាភិបាលរុស្ស៊ីបានបញ្ជូនសារព្រមានជាផ្លូវការ ទៅកាន់ក្រសួងការបរទេសអាមេរិក ក្នុងទម្រង់ជាកំណត់ទូត តាមរយៈស្ថានទូតរុស្ស៊ី នៅទីក្រុងវ៉ាស៊ីនតោន ឯកសារ​ពីរ​ទំព័រ​ចែង​ថា សហរដ្ឋ​អាមេរិក និង​សមាជិក​របស់​អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាង​ជើង ឬ NATO បើនៅតែផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនតទៅទៀត គឺដូចទៅនឹងការ «បញ្ឆេះ» ជម្លោះ ហើយ​វា​អាច​ឈាន​ដល់​អ្វី​ដែល​អ្នក​ការទូត​រុស្ស៊ី​ហៅថា «ផលវិបាករបស់ពួកគេគឺមិនអាចទាយទុកជាមុនបាន»។

ការ​ព្រមាន​នេះ​ត្រូវ​បាន​ចេញ​នៅ​ថ្ងៃ​អង្គារ ទី​១២ ខែ​មេសា មុន​ពេល​អាមេរិក ប្រកាសជំនួយយោធាថ្មីដល់អ៊ុយក្រែន មានតម្លៃ ៨០០ លានដុល្លារ ជំនួយ​នេះ​រួម​មាន​ការ​បញ្ជូន​អាវុធ​កាំភ្លើង​ធំ​រយៈ​ចម្ងាយ​ឆ្ងាយ​ជា​ច្រើន​ប្រភេទ ដូចជា howitzer ត្រូវបានផ្គត់ផ្គង់ដំបូងដោយសហរដ្ឋអាមេរិកដល់អ៊ុយក្រែន ដើម្បី​បង្កើន​សមត្ថភាព​ប្រយុទ្ធ​របស់​កងទ័ព​អ៊ុយក្រែន​ឱ្យ​ស្មើ​នឹង​កងទ័ព​រុស្ស៊ី។

គ្រឿងសព្វាវុធរបស់សហរដ្ឋអាមេរិក ដែលត្រូវបានដឹកជញ្ជូនជាលើកដំបូង នឹងធ្វើដំណើរទៅអ៊ុយក្រែននៅប៉ុន្មានថ្ងៃនេះ ​ស្រប​ពេល​ដែល​កង​កម្លាំង​រុស្ស៊ី​បង្កើន​ការ​វាយ​ប្រហារ​របស់​ខ្លួន​លើ​តំបន់ Donbass ភាគ​ខាង​កើត និងម៉ារីយូប៉ូល ។

មេដឹកនាំអ៊ុយក្រែនព្រមានពិភពលោក ឲ្យត្រៀមគ្រោះភ័យនុយក្លេអ៊ែររបស់រុស្ស៊ី

ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ សេលេនស្គី បានព្រមានពិភពលោកឱ្យត្រៀមខ្លួនឲ្យហើយទៅ ដើម្បីទប់ទល់នឹងលទ្ធភាពដែលរុស្ស៊ីអាចប្រើអាវុធនុយក្លេអ៊ែរវាយប្រហារអ៊ុយក្រែន ។

នៅក្នុងបទសម្ភាសន៍ជាមួយ CNN លោក សេលេនស្គី បាននិយាយថា គាត់មានការព្រួយបារម្ភដោយការព្រមានពីនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល (CIA) របស់សហរដ្ឋអាមេរិក ដែលថារុស្ស៊ីអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ (tactical nuclear weapon)  ឬអាវុធនុយក្លេអ៊ែរខ្នាតតូច ដែលបង្កការខូចខាតក្នុងកម្រិតលើអ៊ុយក្រែន។

នៅពេលសំណួរសួរលោក សេលេនស្គី ថា​តើ​សង្គ្រាម​នឹង​បន្ត​ដល់​ពេល​ណា? មេដឹកនាំអ៊ុយក្រែនបាននិយាយថា នេះអាស្រ័យលើកត្តាសំខាន់ពីរ រួមទាំងសមិទ្ធិផលយោធារបស់កងទ័ពអ៊ុយក្រែននៅក្នុងសមរភូមិ និងទណ្ឌកម្មលើរុស្ស៊ី ពីសហគមន៍អន្តរជាតិ ។ បច្ចុប្បន្ន​ទាំងពីរ​នេះ​កំពុង​ដំណើរការ​ល្អ​ ប៉ុន្តែ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ដើម្បី​បញ្ឈប់​រុស្ស៊ី​បានទាំងស្រុងនៅឡើយ ។

«អ្នក​ខ្លះ​និយាយ​ថា សង្គ្រាម​អាច​អូស​បន្លាយ​ច្រើន​ឆ្នាំ ប៉ុន្តែយើងអាចបញ្ចប់វាក្នុងរយៈពេលដ៏ខ្លី យើងទទួលបានអាវុធកាន់តែច្រើន និងកាន់តែលឿន យើងនឹងកាន់តែរឹងមាំ ហើយសន្តិភាពនឹងមកដល់ឆាប់ៗ» លោក សេលេនស្គីនិយាយ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម