ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ៖​ ការរើសយកគណបក្សប្រជាជន គឺជា «ដួងជីវិតរបស់យើង»

នយោបាយថ្ងៃអាទិត្យ ទី01 ខែឩសភា ឆ្នាំ2022 ម៉ោង 12:36 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

សត្វនៅក្នុងទឹក នៅពេលគេកាប់ជម្រកពាយអស់ទៅ វាតែងហែលទៅប្រមូលផ្តុំរកជម្រកផ្សេងដើម្បីឲ្យបានត្រជាក់ត្រជុំ ។ សមនឹងសុភាសិតមួយឃ្លាពោលថា «ទឹកត្រជាក់ត្រីកុម» ។

មានន័យដូចថ្ងៃនេះដែរ ១ ឧសភា ឆ្នាំ ២០២២  សមាជិកបក្សថ្មី ដែលមកពី ៣ សង្កាត់ គឺសង្កាត់ផ្សារដេប៉ូទី ១, សង្កាត់ផ្សារដេប៉ូទី ២ និង សង្កាត់ផ្សារដេប៉ូទី ៣ ក្នុងខណ្ឌទួលគោក បានស្ម័គ្រដោយឯកចិត្ត សុំចូលជាសមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលចេនឡា ដោយសារតែពួកគាត់ចំនួន ៧៦៤ នាក់ បានមករក«ទឹកត្រជាក់» នោះមានន័យថា ពួកគាត់កំពុងរស់នៅក្នុងសង្គមមួយដ៏សែនសុខសាន្ត មានសន្តិភាព មានសុភមង្គល មានសិទ្ធិសេរីភាពដើរហើរបានគ្រប់ពេល ហើយបានវាយតម្លៃ និងបានក្រឡេកឃើញការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានគោលនយោបាយត្រឹមត្រូវ មានឧត្តមគតិខ្ពង់ខ្ពស់ ដឹកនាំប្រទេសបានរីកចម្រើនលើគ្រប់វិស័យ ទើបសម្រេចចិត្តសុំចូលរួមរស់ ចុះឈ្មោះជាសមាជិកគណបក្សប្រជាជន ដោយបានលើកឡើងថា គ្មាននរណាមានសមត្ថភាពភាពវៃឆ្លាត រហ័សរហួន និងគុណធម៌ដូចសម្តេច ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាឡើយ  ហើយថែមទាំងបានគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគត ។

បន្ទាប់ពីតំណាងសមាជិកថ្មី ឡើងប្តេជ្ញាចិត្តរួច ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ជាសមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា ប្រធានគណៈគម្មាធិការគណបក្ស គ៧៨ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌទួលគោក បានវាយតម្លៃខ្ពស់មិនអាចកាត់ថ្លៃបាន ថាពិតជាមានអត្ថន័យដ៏ជ្រាលជ្រៅណាស់ ចំពោះការដាក់ចិត្ត ដាក់កាយ ស្ម័គ្រមករួមរស់ជាមួយគណបក្សប្រជាជន នេះគឺជា «ដួងជីវិតរបស់យើង» មានគណបក្សប្រជាជន គឺយើងបានរស់ទាំងអស់គ្នា ។ ក្នុងពេលអនាគត បងប្អូនគឺជាអ្នកបន្តវេន ជាកម្លាំងថ្មី  ប្រែក្លាយជាភាពចាស់ទុំ និងលើកដម្កើងសាមគ្គីភាព នៅក្នុងគណបក្សប្រជាជនតែមួយ ។

ឯកឧត្តម ក៏បានផ្តាំផ្ញើហើយ ផ្តាំផ្ញើទៀតថា «ចំពោះសមាជិកម្នាក់ គឺជាសន្លឹកឆ្នោតមួយសន្លឹក» ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលនៅសល់ ១ ខែ ៤ ថ្ងៃទៀតប៉ុនណោះ ។

អត្ងន័យនេះ ចង់លើកឡើងចំពោះមនុស្សដែលមានមេត្តាធម៌ គុណធម៌ ព្រហ្មវិហារធម៌ គិតគូរយកចិត្តទុកដាក់ មិនរត់ចោលស្រុក នោះប្រាកដជាមានមនុស្សគោរព ស្រឡាញ់ ចូលចិត្ត ប្រៀបដូច «ទឹកត្រជាក់» ហើយត្រីតែងនាំគ្នាមករស់នៅជុំហ្វូងដូច្នោះដែរ ។ ប៉ុន្តែចំពោះមនុស្សដែលមានចិត្តមិនល្អ ចង្អៀតចង្អល់ ភូតកុហក គេចពីបញ្ហា អ្នកផងតែងមិនចូលចិត្ត ឬមិនរាប់រក ហាក់ដូចជាទឹកក្តៅ ធ្វើឲ្យត្រីចាកចេញពីទីនោះ ៕

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម