ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យុិនទៀង អញ្ជើញបើកកម្មវិធីផ្តល់សេវាសុខភាព ឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ២ សង្កាត់ ក្នុងខណ្ឌទួលគោក

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី09 ខែឩសភា ឆ្នាំ2022 ម៉ោង 1:22 នាទី ល្ងាច

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យុិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញ បើកកម្មវិធីផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋសង្កាត់ផ្សារដើមគរ និង សង្កាត់បឹងកក់ទី ២ ក្នុងខណ្ឌទួលគោក នៅថ្ងៃ ច័ន្ទ ទី ៩ ខែឧសភា ឆ្នាំ ២០២២ ទីតាំងវត្តនាគវ័ន្ត។

កម្មវិធីនេះរៀបចំដោយអង្គភាពប្រឆាំងអំពើពុករលួយ និងលេខាធិការដ្ឋានគណៈកម្មការជាតិប្រឆាំងភេរវកម្ម សហការជាមួយក្រសួងសុខាភិបាល និងសមាគមក្រុមគ្រូពេទ្យជំនាញវះកាត់ដើម្បីកម្ពុជា (Surgeons for Cambodia-SFC) និងសមាគមចក្ខុខ្មែរ (Khmer Sight Foundation-KSF) ដែលមានរយៈពេលពេញមួយថ្ងៃ ។

ការផ្តល់សេវាពិនិត្យ និង ព្យាបាលជំងឺទូទៅ និង ភ្នែកជូនប្រជាពលរដ្ឋក្នុងខណ្ឌទួលគោក ចំនួន ១០ សង្កាត់ ចាប់ផ្តើមថ្ងៃដំបូង មាន ២ សង្កាត់ គឺសង្កាត់ផ្សារដើមគរ និង សង្កាត់បឹងកក់ទី ២ ។

ក្នុងឱកាសនោះ ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត ឱម យ៉ិនទៀង បានមានប្រសាសន៍ថា  សម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសក៍ដ៏ឆ្នើមរបស់កម្ពុជាដែលមិនអាចខ្វះបាន ដែលតែងតែយកចិត្តដាក់លើការបម្រើប្រជាជន ជាពិសេសលើសុខុមាលភាព និងការគ្រប់គ្រងបានយ៉ាងល្អនៃការរីករាលដាលនៃជម្ងឺកូវីដ១៩ តាមរយៈនៃការចាក់ស្រោចវាក់សាំងដ៏រហ័សកន្លងមកនេះ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមគ្រូពេទ្យខ្មែរ-បរទេស ដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋ ជាការបង្ហាញពីទឹកចិត្តដ៏ស្មោះស្ម័គ្រនៃការចូលរួមយ៉ាងសកម្មក្នុងការបម្រើប្រជាជនអស់ពីចិត្តពីថ្លើម និងជាកម្មវិធីពិសេសមួយប្រៀបដូចជាការចុះពិនិត្យសុខភាពដល់ផ្ទះជូនប្រជាជនយើងផ្ទាល់តែម្តង ។

ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ឱម យ៉ិនទៀង ក៏បានចុះជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យខ្មែរ-បរទេសដែលប្រចាំការនៅតាមបន្ទប់ពិនិត្យភ្នែក និងពិនិត្យជំងឺទូទៅជូនប្រជាពលរដ្ឋផងដែរ ។

ក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ ៧០ បានប្រគល់រថយន្តដឹកទំនិញ ១ គ្រឿងជូនអង្គភាព អ.ប.ព. ហើយឯកឧត្តម ទេសរដ្ឋមន្ត្រី បានប្រគល់ជូនទៅសាលាខណ្ឌទួលគោក ។

សមាគមក្រុមគ្រូពេទ្យជំនាញវះកាត់ដើម្បីកម្ពុជា (Surgeons for Cambodia-SFC) គឺជាអង្គការមិនមែនរដ្ឋាភិបាល ដែលមានលោក Steve Swartz ជាប្រធានផ្នែកបច្ចេកទេស, លោកស្រី បាន រតនា ជាប្រធានអ្នកសម្របសម្រួលក្នុងប្រទេស ។ បេសកកម្មរបស់ SFC គឺជួយផ្តល់សេវាវះកាត់ជូនប្រជាពលរដ្ឋក្រីក្រ និងបានចុះ MOU ជាមួយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីផ្តល់សេវាវះកាត់ជូនប្រជាពលរដ្ឋកម្ពុជា  ។ ចំណែកសមាគមចក្ខុខ្មែរ (Khmer Sight Foundation-KSF) មានគោលដៅលុបបំបាត់ពិការភ្នែកដែលអាចព្យាបាលបាន និងផ្តល់ការបណ្តុះបណ្តាលគ្រូពេទ្យឯកទេសភ្នែក ។ ប្រភេទជំងឺដែលបានទទួលការព្យាបាល៖ ជំងឺក្លន គ្រោះក្នុងថង់ប្រម៉ាត់  វះកាត់កែសម្ជស្ស ភ្នែកឡើងបាយ កន្ទុយថ្លែន ឆែបមាត់ ឆែបក្រអូមមាត់ ផ្សេងៗ ៕

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម