អង្គភាពប្រឆាំងអំពើពុករលួយ នាំគ្រូពេទ្យស្ម័គ្រចិត្តខ្មែរ - បរទេស មកពិនិត្យ និងព្យាបាលឥតគិតថ្លៃ ជូនពលរដ្ឋក្នុងខណ្ឌទួលគោក

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី14 ខែឩសភា ឆ្នាំ2022 ម៉ោង 2:45 នាទី ល្ងាច

អត្ថបទ សូរ្យសែង រូបថត គឹមសួគ៌៖

ទោះក្នុងដំណាក់កាលណាក៏ដោយ អង្គភាពប្រឆាំងអំពើពុករលួយ ដៃម្ខាងប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងសង្គម និង​ដៃម្ខាងទៀត ចូលរួមជាមួយរាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងនឹងភាពក្រីក្ររបស់ប្រជាពលរដ្ឋ ទំនុកបម្រុងសុខុមាលភាព ស្ត្រី កុមារ ចាស់ជរា ជនពិការ នៅក្នុងមូលដ្ឋានខណ្ឌទួលគោករបស់ខ្លួន ទាំងក្នុងបរិបទកូវីដ-១៩ និងក្រោយកូវីដ រួមទាំងរួមចំណែកដ៏ធំធេងក្នុងការកសាងវិស័យព្រះពុទ្ធសាសនា  ។

អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ដឹកនាំដោយឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌទួលគោក បានដឹកនាំក្រុមគ្រូពេទ្យឯកទេសជនជាតិបរទេស​ និងខ្មែរ ដែលមានលោក Steve Swartz ជាប្រធានផ្នែកបច្ចេកទេស លោកស្រី បាន រតនា ជាប្រធានអ្នកសម្របសម្រួលក្នុងប្រទេស មកពិនិត្យ និងព្យាបាល ជូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌទួលគោកដោយឥតគិតថ្លៃ និងគ្មានការរើសអើងចំនួន ១០ សង្កាត់ ។

នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២២ នេះ ធ្វើឡើងចំពោះសង្កាត់ទឹកល្អក់ទី ៣ មួយប៉ុនណោះ នៅទីតាំងវិទ្យាល័យទឹកល្អក់ ក្នុងសង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលលោក រាជធានីភ្នំពេញ បន្ទាប់ពីបានដំណើរការលើកទី ១ បានពីរសង្កាត់ កាលពីថ្ងៃទី  ៩ ខែឧសភា ឆ្នាំ ២០២២ ហើយជាបន្តបន្ទាប់នឹងដំណើរការនៅសង្កាត់ផ្សេងៗទៀត ដែលរួមសហការពីរដ្ឋបាលខណ្ឌទួលគោក និងសង្កាត់សាម៉ី និងក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ និងលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ។

ខណ្ឌទួលគោកមានទាំងអស់ ១០ សង្កាត់ ក្រោមកិច្ចចុះជួយមូលដ្ឋានខណ្ឌទួលគោកឥតងាករេ របស់ឯកឧត្តម កិត្តិនីកោសលបណ្ឌិត ទាំងកន្លងមក និងបច្ចុប្បន្ន បានប្រែក្លាយមុខមាត់ ឲ្យរីកចម្រើន និងផ្តល់ភាពកក់ក្តៅជូនប្រជាពល​រដ្ឋក្នុងខណ្ឌទួលគោកទាំងមូល ទោះក្នុងដំណាក់កាលកូវីដ-១៩ រាតត្បាតក៏ដោយ ឲ្យមានទំនុកចិត្ត និង ការគោរពស្រឡាញ់តបស្នងរបស់ពួកគាត់វិញចំពោះរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ សែន បិតាសន្តិភាពរបស់កម្ពុជា ជាអ្នកកាច់ចង្កូតនាវាកម្ពុជា ឲ្យមានការអភិវឌ្ឍ និងលូតលាស់លើគ្រប់វិស័យ ។

ការពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋក្នុងខណ្ឌទួលគោក ដោយឥតគិតថ្លៃ គឺមានតាំងពីឆ្នាំ ២០១៦ មកម៉្លេះ ដែលឯកឧត្តម ទេសរដ្ឋមន្ត្រី បាននាំគ្រូពេទ្យពីមន្ទីរពេទ្យរដ្ឋជាច្រើនមកពិនិត្យ និងព្យាបាលជូនប្រជាជនទាំង ១០ សង្កាត់ក្នុងខណ្ឌទួលគោកម្តងរួចមកហើយ ហើយក្នុងពេលឥឡូវនេះ កំពុងដំណើរការបន្តបន្ទាប់ទាំង ១០ សង្កាត់ ។ នេះជាគោលបំណងសំខាន់ដែលពួកយើងបានបំពេញចិត្តប្រជាពលរដ្ឋ ។

សមាគមក្រុមគ្រូពេទ្យជំនាញវះកាត់ដើម្បីកម្ពុជា (Surgeons for Cambodia-SFC) គឺជាអង្គការមិនមែនរដ្ឋាភិបាល និងបានចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីផ្តល់សេវាវះកាត់ជូនប្រជាពលរដ្ឋកម្ពុជាក្រីក្រ  ។

ចំណែកសមាគមចក្ខុខ្មែរ (Khmer Sight Foundation-KSF) មានគោលដៅលុបបំបាត់ពិការភ្នែកដែលអាចព្យាបាលបាន និងផ្តល់ការបណ្តុះបណ្តាលគ្រូពេទ្យឯកទេសភ្នែក ព្យាបាលទៅលើប្រភេទជំងឺក្លន ក្រួសក្នុងថង់ប្រម៉ាត់  វះកាត់កែ​សម្ជស្ស ភ្នែកឡើងបាយ កន្ទុយថ្លែន ឆែបមាត់ ឆែបក្រអូមមាត់ ផ្សេងៗ ។

នេះជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ផ្តល់ភាពសុខដុមរមនា ផ្តល់នូវភាពកក់ក្តៅ ទំនុកចិត្តទោះក្នុងកាលៈទេសៈណាក៏ដោយ គឺយើងរួមគ្នាដើម្បីជាតិ ដើម្បីប្រជាពលរដ្ឋរបស់យើង រស់នៅសុខសាន្ត សន្តិភាព ក្រោមម្លប់បារមី នៃអង្គព្រះមហាក្សត្រនៃយើង ៕

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម