សំណួររបស់អ្នកកាសែតបរទេសសួរសម្តេចតេជោថា តើការតែងតាំងឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅពេលណា?  

នយោបាយថ្ងៃសុក្រ ទី27 ខែឩសភា ឆ្នាំ2022 ម៉ោង 7:41 នាទី ល្ងាច

 

 

ដោយ សូរ្យរិទ្ធ៖

នេះជាសំណួរអ្នកកាសែតជប៉ុន ដែលបានសួរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងសន្និសីទអន្តរជាតិលើកទី ២៧ ស្តីពីអនាគតរបស់អាស៊ី នាថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ ។

សម្តេចតេជោមានប្រសាសន៍ឆ្លើយតបថា «ខាងគណបក្សប្រជាជនបានសម្រេចជាផ្លូវការរួចហើយ អំពីអនាគតនូវបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន រឿងពេលណានោះ ត្រូវទុកបញ្ហានេះមួយអន្លើសិន ។ នៅការបោះឆ្នោតខាងមុខនេះ ខ្ញុំនៅតែជាបេក្ខជននាយករដ្ឋមន្ត្រី ឯកូនប្រុសរបស់ខ្ញុំ គឺជាបេក្ខជនបន្តវេនដែលត្រូវទទួលបាននូវការសម្រេចពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជារួចហើយ សម្រាប់ពេលវេលាពេលណា គឺអាស្រ័យលើស្ថានភាពជាក់ស្តែង» ។

 ចំពោះអ្នកទិះទៀន សម្តេចតេជោបានលើកឡើងថា «សូមទិទៀនបន្តទៀតចុះ យើងខ្ញុំនៅទីនេះប្រើការបោះឆ្នោត បើសិនគណបក្សប្រជាជនចាញ់ឆ្នោត វាមិនមែនបាត់ត្រឹម ហ៊ុន ម៉ាណែត ទេ គឺវាបាត់ទាំង ហ៊ុន សែន តែម្តង ដូច្នេះការប្រើវិធីបោះឆ្នោត វាមានអ្វីខុស ខ្ញុំបណ្តុះបណ្តាលកូនរបស់ខ្ញុំ មិនមែនមកឲ្យធ្វើមេចោរទេ ដូច្នេះនៅលើពិភពលោក មាននរណាចង់ឲ្យកូនរបស់ខ្លួនមានបាន ចង់អ្នកធំ... បើកូនខ្ញុំមិនស័ក្តិសមទេ ប្រហែលទាំងខ្លួនខ្ញុំ ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនផ្សេងទៀត ក៏មិនសម្រេចតែងតាំងឲ្យធ្វើជាបេក្ខជនបម្រុង បេក្ខជនបន្តវេននោះដែរ» ។

អ្នកកាសែតជប៉ុនដែលបានសួរសម្តេចតេជោ

សម្តេចបន្តទៀតថា «ខ្ញុំក៏មិនយល់ព្រមឲ្យកូនរបស់ខ្ញុំបំផ្លាញគណបក្សប្រជាជន ដែលជាគណបក្សមួយបានកសាងអាយុច្រើនជាងខ្ញុំទៅទៀត ។ គណបក្សនេះបានធ្វើសកម្មភាពច្រើនណាស់ ដូច្នេះអ្នកដទៃប្រឹងប្រែងដើម្បីឲ្យកូនខ្លួនឯងឡើងធំ ឲ្យខ្លួនឯងធ្វើការនេះ ធ្វើការនោះ ហេតុអ្វីខ្ញុំគ្មានសិទ្ធិដើម្បីគាំទ្រខ្លួនឯងឲ្យកាន់តំណែងនេះ តំណែងនោះ... ការបន្តវេន វាចំណុះទៅលើបញ្ហាប្រជាជនបោះឆ្នោតឲ្យឬអត់ ប្រសិនប្រជាជនបោះឆ្នោតឲ្យ គឺបញ្ហានេះវាមិនមែនជាបញ្ហា«ការផ្ទេរតំណែង»ដោយចិត្តឯងនោះទេ គឺប្រជាជនជាអ្នកគាំទ្រ អ៊ីចឹងនៅពេលបោះឆ្នោតខាងមុខ បើប្រជាជនបោះឆ្នោតឲ្យគណបក្សប្រជាជន បើមាន ហ៊ុន សែន ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រី ហើយ ហ៊ុន ម៉ាណែត ធ្វើជាបេក្ខជនបន្តវេន គឺបានន័យថា ប្រជាជនយល់ស្របឲ្យគណបក្សជាជនដឹកនាំ​ ដឹកនាំដោយ ហ៊ុន សែន តទៅដឹកនាំដោយ ហ៊ុន ម៉ាណែត គឺជារឿងធម្មតា ប៉ុន្តែបើគណបក្សប្រជាជនចាញ់ វាបាត់ទាំង ហ៊ុន សែន ហើយបាត់ទាំង ហ៊ុន ម៉ាណែត តែម្តង... បើយើងខ្ញុំមិនធ្វើការបោះឆ្នោត ហើយផ្ទេរអំណាចឲ្យកូន ទើបជាការត្រឹមត្រូវ ខ្ញុំទទួលយក ប៉ុន្តែនៅពេលមានការបោះឆ្នោតបែបនេះ ខ្ញុំមិនអាចទទួលយកការទិទៀនណាមួយទេ ហើយសុំអ្នកដទៃគិតគូរខ្លួនឯងឲ្យបានច្បាស់ មុននឹងនិយាយមកកាន់ខ្ញុំ» ។ បើសិនកូនខ្ញុំគ្មានចំណេះដឹង គ្មានលទ្ធភាពកគ្រប់គ្រាន់ ខ្ញុំក៏មិនបណ្តោយឲ្យសមិទ្ធផលរបស់ឪពុក រួមចំណែកជាមួយនឹងសមាជិក សមាជិកាគណបក្សប្រជាជន កសាងបានជាង ៤៣ ឆ្នាំ ឲ្យរបូតពីដៃនោះទេ...» ។

 

ចុងក្រោយសម្តេចតេជោមានប្រសាសន៍ថា «កូនរបស់ខ្ញុំ ៣ នាក់អាចមានលទ្ធភាពធ្វើនាយករដ្ឋមន្ត្រី ខ្ញុំអាចនិយាយបានដូច្នេះ ប៉ុន្តែពួកគេមិនដណ្តើមគ្នាធ្វើនាយករដ្ឋមន្ត្រីនោះទេ ។ ខ្ញុំបណ្តុះបណ្តាលកូនមានចំណេះដឹងខ្ហពង់ខ្ពស់ មិនមែនឲ្យមកធ្វើចោរទេ...ឯអ្នកដទៃ ខ្លួនឯងតស៊ូដើម្បីអី ដើម្បីអំណាច ហើយខ្លួនឯងក៏ចង់ឲ្យកូនចៅខ្លួនឯងឡើងធ្វើអ្នកធំដែរ» ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម