ថៃចោទក្រុម Miss Universe របស់ខ្មែរចម្លងរូប«រាហ៊ូចាប់ច័ន្ទ» យល់យ៉ាងណាដែរ​បងប្អូនខ្មែរ?

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី30 ខែឩសភា ឆ្នាំ2022 ម៉ោង 2:07 នាទី ល្ងាច

រូបខាងឆ្វេង ថៃថាជាស្នាដៃរបស់គេ រូបខាងស្តាំ Miss Cambodian

 

អត្ថបទ សូរ្យសែង៖

Admin របស់យើង សរសេររឿងនេះមិនមែនមានបំណងញុះញង់ស្អប់ជាតិសាសន៍នរណាទេ តែយើងបានបកប្រែតាមច្បាប់ដើម ដើម្បីឲ្យក្រសួងវប្បធម៌កម្ពុជាបកស្រាយអំពីការចោទប្រកាន់របស់ជនជាតិថៃ ។

អាខោនហ្វេសប៊ុករបស់ជនជាតិថៃមួយឈ្មោះ ធិទិ កេតុថាំ (ฐิติ เกตุธรรม) បានសរសេរ ហើយត្រូវបាមវេបសាយរបស់ថៃ kapook.com ផុសផ្សាយ ដាក់ចំណងជើងថា «រាហ៊ូចាប់ច័ន្ទ ស្នាដៃរបស់ថៃ ត្រូវកម្ពុជាចម្លងធ្វើឈុតបវរកញ្ញា» ។

ឈុតបវរកញ្ញានោះ ថៃសំដៅទៅលើកញ្ញា ហង្ស ម៉ានីតា (HANG MANITA) ជា Miss Universe Cambodia 2022 បានផុសនៅលើផេក Team Cambodia ។

ខ្លឹមសារវេបសាយសរសេរថា «ពួក​គេ​មិន​បាន​សួរ​មួយ​ពាក្យ ឬ​ជជែកគ្នា​​ទេ តើខ្ញុំអាចទាមទារកម្មសិទ្ធិបានទេ? Share ឲ្យបានច្រើន សូមឲ្យវាខ្មាសអៀន #យ៉ាប់ណាស់» ។ ខ្ញុំបានឃើញជនកម្ពុជា Comment មកជាច្រើន។

ម្ចាស់ហ្វេសប៊ុក (ฐิติ เกตุธรรม) បានអំពាវនាវឲ្យខាងថៃចាត់ការនៅបន្ទប់ផ្លាស់សម្លៀកបំពាក់របស់កម្ពុជា ដែលលួចស្នាដៃរាហ៊ូចាប់ច័ន្ទ ជាសិល្បៈរបស់ថៃ ! ខ្លឹមសារនិយាយទៀតថា «កម្ពុជាតែងរិះគន់រឿងកម្មសិទ្ធិបញ្ញាក្នុងប្រទេសខ្លួនឯង ប៉ុន្តែមិនអ៊ីចឹងទេ ប្រជាពលរដ្ឋខ្មែរ ក្រៅតែពីមិនដឹងពីការរំលោភកម្មសិទ្ធិបញ្ញា ក៏យកមនុស្សទៅបង្ហោះលើ Facebook ផ្តួលម្ចាស់ស្នាដៃជំនួសវិញ ។ ខ្ញុំ​ពិត​ជា​ចង់​ឱ្យ​​ដោះ​ស្រាយ​ យ៉ាង​ហោច​ណាស់​គួរ​តែ​មាន​អារម្មណ៍​នៃ​ការ​សុំទោស» ។

វេបសាយនិយាយទៀតថា នាយកដ្ឋានកម្មសិទ្ធិបញ្ញា បាន Comment ថា «នាយកដ្ឋានកម្មសិទ្ធិបញ្ញា បានដឹងហើយពី​មូលហេតុ​ដែល​អ្នក​បង្កើត​ថៃ​ អះអាង​ថា ​បន្ទប់​ស្លៀកពាក់​របស់​ខ្មែរ​លួច​ចម្លង​ស្នាដៃ​របស់​ខ្លួន «រាហ៊ូចាប់ច័ន្ទ (Rahu Omchan)» និងសូមបញ្ជាក់ថា នាយកដ្ឋានកម្មសិទ្ធិបញ្ញាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការទប់ស្កាត់ និងដោះស្រាយបញ្ហាកម្មសិទ្ធិបញ្ញារបស់ប្រជាពលរដ្ឋថៃ ដែលកំពុងត្រូវបានរំលោភបំពាននៅក្រៅប្រទេស» ។

យើងមិនទាន់ដឹងថា ខាងក្រសួងវប្បធម៌កម្ពុជាយើង ទទួលជ្រាបនូវរឿងនេះឬអត់ សូមបកស្រាយពន្យល់ឲ្យច្បាស់កុំឲ្យមានការភាន់ច្រឡំរវាងប្រទេសទាំងពីរ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម