រឿងរអើលខ្នងពីកំពង់ផែរាម

នយោបាយថ្ងៃអាទិត្យ ទី12 ខែមិថុនា ឆ្នាំ2022 ម៉ោង 8:12 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

ជិប៊ូទី (Djibouti) គឺជាប្រទេសតូចបំផុតទីបីនៅឧបទ្វីបនៃទ្វីបអាហ្រ្វិកភាគឦសាន ដែលមានផ្ទៃដីប្រមាណ 32.200 គីឡូម៉ែត្រការ៉េ ជាចំណុចយុទ្ធសាស្ត្រសំខាន់ ដែលស្ថិតនៅច្រកចូលសមុទ្រក្រហម និងផ្លូវសមុទ្រដែលឆ្លងកាត់ព្រែកជីក ស៊ុយអេដ ដែលជាផ្លូវសមុទ្រដ៏មមាញឹកបំផុតមួយរបស់ពិភពលោក ។ វាមិនមែនជាការបំផ្លើសទេក្នុងការចាត់ទុកជីប៊ូទីជាចំណុចប្រសព្វនៃពិភពលោក មានទ្វីបអឺរ៉ុប អាស៊ី និងអាហ្រ្វិក ដែលជាចំណុចយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយ។

ជាប្រទេសមាននយោបាយបើកទូលាយ ដែលអនុញ្ញាតឲ្យតាំងមូលដ្ឋានទ័ពបរទេសបាន វាមិនត្រូវបានកំណត់ចំពោះការធានាអព្យាក្រឹតភាព និងឯករាជ្យរបស់ប្រទេសនោះទេ ហើយក៏ជាមធ្យោបាយរកប្រាក់ចំណូលពីការជួលតំបន់ និងជួយជំរុញសេដ្ឋកិច្ចរបស់ប្រទេសដែលមានផ្ទៃដីតិចតួចសម្រាប់ដាំដុះ និងគ្មានធនធានអ្វីទាំងអស់។

ទីក្រុងកំពង់ផែ ដូរ៉ាឡេក (Doraleigh) ស្ថិតនៅផ្នែកខាងលិចនៃរដ្ឋធានីជីប៊ូទី ជាលទ្ធផល មូលដ្ឋានយោធានៃប្រទេសមួយចំនួនដូចជា បារាំង សហរដ្ឋអាមេរិក អ៊ីតាលី និងជប៉ុន មានទីតាំងនៅក្បែរនោះ រួមជាមួយព្រលានយន្តហោះអន្តរជាតិ មានចម្ងាយជាង 10 គីឡូម៉ែត្រភាគខាងត្បូងនៃប្រទេស គឺជាអ្នករកប្រាក់ចំណូលសំខាន់ដែលមានមនុស្សត្រឹមតែ 922.000 នាក់ប៉ុណ្ណោះ ដូចនោះសាធារណរដ្ឋប្រជាមាននិតចិន ជាប្រទេសដំបូងដែលតាំងមូលដ្ឋានទ័ពតាំងពីឆ្នាំ ២០១៧ ។

បាទ ! ឥឡូវនេះងាកមកមើលកំពង់ផែរាម របស់ប្រទេសកម្ពុជា ដែលធ្លាប់ជាផ្លូវទឹកធ្វើសឹកសង្គ្រាមរបស់អាមេរិកជាមួយវៀតណាម ដើម្បីកម្ចាត់វៀតកុង ដូចនេះកំពង់ផែរាម គឺជាសន្តិសុខយុទ្ធសាស្ត្ររបស់អាមេរិកក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិក ទោះសង្គ្រាមនេះបានបញ្ចប់ជាង ៤០ ឆ្នាំមកហើយក៏ដោយ ពេលនេះនៅតែជារឿងរអើលខ្នងរបស់អាមេរិក និងលោកខាងលិច ថាជាកំពង់ផែតាំងទីលំនៅរបស់មូលដ្ឋានទ័ពចិន ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបដិសេធជាញយដងហើយថា រដ្ឋធម្មនុញ្ញកម្ពុជាចែងហាមមូលដ្ឋានទ័ពបរទេសតាំងនៅនៅលើទឹកដីកម្ពុជា ហើយកម្ពុជាបើកទូលាយការជួយឧបត្ថម្ភពីប្រទេសនានា ។ គម្រោងការសាងសង់កំពង់ផែរាមនេះ ធ្វើឡើងដើម្បីភាពទាន់សម័យ រួមបញ្ចូលគ្នានូវការសាងសង់បន្ថែម និងការកែលម្អកំពង់ផែស្ងួត ចំណត និងកំពង់ផែ ដើម្បីធ្វើឱ្យប្រសើរឡើងនូវមូលដ្ឋានទ័ពជើងទឹករបស់កម្ពុជា ដើម្បីការពារជាតិ ទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា ។

សម្តេចសេនាពិជ័យបញ្ជាក់ទៀតថា កំពង់ផែនេះនឹងបើកចំហសម្រាប់ប្រទេសទាំងអស់ដែលចង់ប្រើប្រាស់វា រួមទាំងការទស្សនាដោយនាវាចម្បាំង ហើយ​កម្ពុជា​មាន​ឆន្ទៈ និង​បើក​ចំហ​រួច​ហើយ​ក្នុង​ការ​ទទួល​ជំនួយ​យោធា​ពី​គ្រប់​ប្រទេស។

លោក បណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានផ្តល់សម្ភាសជាមួយកាសែតកម្ពុជាថ្មីថា រឿងកំពង់ផែរាមដែលបរទេសចោទថាជាមូលដ្ឋានទ័ពចិន គឺតាមពិតជារឿងសេដ្ឋកិច្ច! អ្វីទៅរឿងសេដ្ឋកិច្ច? លោក សុខ ទូច មានប្រសាសន៍ថា សព្វថ្ងៃពាណិជ្ជកម្មស្រុកយើងត្រូវឆ្លងកាត់សមុទ្រវៀតណាម និងថៃ ទើបមកដល់ខ្មែរ ។ ទំនិញដែក និងផ្សេងៗទៀតដែលនាំចូលពីចិន ត្រូវផ្ទេរត្រឹមប្រទេសវៀតណាម ហើយត្រូវដឹកជញ្ជូនតាមផ្លូវគោកមកកាន់កម្ពុជា ដូច្នេះរឿងនេះបើកម្ពុជាមានកំពង់ផែទឹកជ្រៅនៅរាម យើងពិតជាងាយស្រួល និងចំណេញច្រើន ។ នេះហើយរឿងរសើប និយាយហើយនិយាយទៀត ច្រំដែលថាជាមូលដ្ឋានទ័ពចិន! វៀតណាម និង អាមេរិក មានផលប្រយោជន៍ជាមួយគ្នា, វៀតណាមយកអាមេរិកធ្វើខ្នងរឿងសមុទ្រចិនខាងត្បូងផង បង្កប់រឿងសេដ្ឋកិច្ច ពាណិជ្ជកម្មផង ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម