វិបត្តិស្បៀងអាហារក្នុងប្រទេសសិង្ហបុរី

សេដ្ឋកិច្ចថ្ងៃអង្គារ៍ ទី14 ខែមិថុនា ឆ្នាំ2022 ម៉ោង 8:12 នាទី ល្ងាច

 

 

by Mr. Savuth

ប្រទេសសិង្ហបុរី ជាប្រទេសកោះតូចមួយ ផ្អែកទៅលើការនាំចូលស្ទើរទាំងស្រុង ដើម្បីតម្រូវការប្រើប្រាស់របស់មនុស្សប្រមាណ ៥,៨ លាននាក់នៅក្នុងផ្នែកអាហារ ដូចជា ការនាំចូល ត្រី អង្ករ បន្លែ គ្រាប់ធញ្ញជាតិ សាច់ជ្រូក និងសាច់មាន់ ។ល។

ដូច្នេះប្រសិនបើមានបញ្ហាជាមួយនឹងខ្សែចង្វាក់ផ្គត់ផ្គង់សកល ​សិង្ហបុរីនឹងត្រូវរងផលប៉ះពាល់ ច្បាស់បំផុតនៅពេលនេះ គឺថាម៉ាឡេស៊ីបានប្រកាសផ្អាកការនាំចេញសាច់មាន់ តាំង​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ដើម្បី​សន្តិសុខ​ស្បៀង​ក្នុង​ប្រទេស ។

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី ស៊ានឡុង (Lee Hsien Loong) បាននិយាយថា ផលប៉ះពាល់លើសិង្ហបុរីគឺជា «ការគួរឲ្យខកចិត្ត» ប៉ុន្តែទោះយ៉ាងណា ត្រូវតែទទួលយកវា និងត្រៀមខ្លួន លើកនេះនិយាយអំពីមាន់ ប៉ុន្តែនៅពេលក្រោយ វាអាចជាអ្វីផ្សេងទៀតដែលនឹងមានឥទ្ធិពលកាន់តែទូលំទូលាយ ។

រដ្ឋាភិបាលសិង្ហបុរីអាចដោះស្រាយស្ថានការណ៍បាន តាមរយៈ​ការ​នាំ​ចូល​សាច់​មាន់​ត្រជាក់​បន្ថែម​ពី​អូស្ត្រាលី និង​ថៃ ស្របពេលបង្កើននាំចូលសាច់មាន់ក្លាស្សេមកពីប្រទេសប្រេស៊ីល និងសហរដ្ឋអាមេរិក ។ ចំណែក សាច់មាន់ស្រស់ រដ្ឋាភិបាល​សិង្ហបុរី​បង្កើន​ការ​នាំ​ចូល​ពី​ប្រទេស​ថៃ​រហូត​ដល់ ​១០ ​ដងឯណោះ ។

អាជ្ញាធរចំណីអាហារសិង្ហបុរី (SFA) បានចេញផ្សាយរបាយការណ៍ «ស្ថិតិម្ហូបអាហារសិង្ហបុរី»កាលពីឆ្នាំមុន អំពីការផលិតម្ហូបអាហារសម្រាប់ប្រើប្រាស់ក្នុងស្រុក សិង្ហបុរីមានសមត្ថភាពផលិតបន្លែ ៤% អាហារសមុទ្រ ៨% និងស៊ុត ៣០% ហើយបានកំណត់គោលដៅសម្រេចបាន ៣០% នៃផលិតកម្មអាហារសំខាន់ៗទាំងនេះនៅឆ្នាំ ២០៣០ ដែលរដ្ឋាភិបាលសិង្ហបុរីហៅថា «គោលដៅ 30 x 30» ។

សន្តិសុខស្បៀងគឺ ចាត់ទុកជា«បញ្ហាដែលប៉ះពាល់ដល់អស្ថិរភាព» សម្រាប់សិង្ហបុរី នេះ​បើ​តាម​ការ​វិភាគ SFA ដែលនិយាយផងដែរថា ច្រើនជាង 90% នៃអាហារប្រើប្រាស់នៅក្នុងប្រទេសនេះ បានមកពីការនាំចូល ហើយមានតែ 1% ប៉ុណ្ណោះ ដែលបានទទួលចំណែកសម្រាប់កសិកម្ម ។

ទោះបីជាប្រាក់ចំណូលរបស់ប្រទេសសឹង្ហបុរីក្នុងមួយគ្រួសារ គឺស្ថិតក្នុងចំណោមប្រទេសដែលខ្ពស់ជាងគេក្នុងពិភពលោក ប៉ុន្តែគ្រួសារនៅសិង្ហបុរីចំណាយតិចតួចណាស់លើអាហារ ។

ជាលទ្ធផល ទោះបីជាសិង្ហបុរីសម្រេចបានគោលដៅ 30×30 ក៏ដោយ ក៏ 70% ដែលនៅសល់នឹងនៅតែពឹងផ្អែកលើប្រទេស 180 ផ្សេងទៀតនៅលើភពផែនដី ដែលសិង្ហបុរីនាំចូលអាហារ ទោះជាយ៉ាងណាក៏ដោយប្រសិនបើការខ្វះខាតបែបនេះកើតឡើងម្តងទៀត មិនទាន់មាននរណាម្នាក់អាចទស្សន៍ទាយបានច្បាស់លាស់នៅឡើយទេថា តើ​សិង្ហបុរី​នឹង​អាច​ទប់ទល់ និង​ដោះស្រាយ​បញ្ហា​នេះ​បាន​កម្រិត​ណា?

បើ​តាម​ការ​បង្ហាញ​របស់​រដ្ឋាភិបាលថា ​បរិមាណ​អង្ករ​បម្រុងទុកក្នុង​ស្តុក​បច្ចុប្បន្ន ​គឺ​ល្មមសម្រាប់រយៈពេល ​៣​ ខែ​ទៀត ខណៈ​ដែល​គេ​រាយការណ៍​មក​ថា ក្នុង​អំឡុង​ពេល​វិបត្តិ​កង្វះ​សាច់​មាន់លើកនេះ ក្រុមហ៊ុន ហ្វែរហ្វ្រាយ ដែល​ជា​ខ្សែចង្វាក់​លក់​រាយ​ធំ​បំផុត​របស់​សិង្ហបុរី មាន​សាច់​មាន់​ក្លាស្សេ​ទុកបាន​រយៈពេល​ប្រហែល ៤ ខែ

លើសពីនេះទៀតវិធីមួយផ្សេងទៀតដើម្បីដោះស្រាយបញ្ហាបែបនេះ ដែលអាចកើតឡើងនាពេលអនាគត គឺ​រដ្ឋាភិបាល​សិង្ហបុរី​គួរ​មាន​កិច្ច​សន្យា ​ឬ​កិច្ច​ព្រម​ព្រៀង​លើ​វិស័យ​កសិកម្ម​ជាមួយ​បរទេស ជាពិសេសប្រទេសដែលអាចផលិតអាហារបានយ៉ាងគ្រប់គ្រាន់ ៕

រូបភាព GETTY IMAGES


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម