នាំគ្នាដាក់ទណ្ឌកម្មរុស្ស៊ី បែរជារុស្ស៊ីកាន់តែមានចំណូលកើនឡើង ត្រឹមតែ ១០០ ថ្ងៃ មានប្រាក់បញ្ចូលឃ្លាំងរាប់ម៉ឺនលានអឺរ៉ូ

សេដ្ឋកិច្ចថ្ងៃពុធ ទី15 ខែមិថុនា ឆ្នាំ2022 ម៉ោង 2:20 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

បើទោះជាមានទណ្ឌកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មពីប្រទេសលោកខាងលិចធ្ងន់ធ្ងរយ៉ាងណាក៏ដោយ រយៈពេលត្រឹមតែ ១០០ ថ្ងៃ រុស្ស៊ីរកចំណូលបាន  ៩៣.០០០ លានអឺរ៉ូបញ្ចូលរតនាគាររបស់ខ្លួន ពីការនាំចេញប្រេងឥន្ធនៈ ដែលភាគច្រើននាំទៅអឺរ៉ុប ។ ចំពេលមានការអំពាវនាវឱ្យដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើប្រទេសរុស្ស៊ីតាមគ្រប់មធ្យោបាយបន្ថែមទៀតដែលអាចធ្វើទៅបាន ។

​មជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត (CREA) ដែលជាអង្គការឯករាជ្យហ្វាំងឡង់ និងជាអ្នកបង្ហាញទិន្នន័យ បានបន្ថែម​ក្នុង​របាយការណ៍ថា សហភាពអឺរ៉ុបគឺជាអតិថិជនដ៏ធំបំផុតនៃប្រេងឥន្ធនៈពីប្រទេសរុស្ស៊ីក្នុងអំឡុងពេល ១០០ ថ្ងៃដំបូងនៃសង្រ្គាមអ៊ុយក្រែន ដែលមានចំនួន ៦១% ឬប្រហែល ៥៧.០០០ លានអឺរ៉ូ បន្ទាប់មកប្រទេសចិនមានចំនួន ១២.៦០០ លានអឺរ៉ូ និងអាល្លឺម៉ង់ ១២.១០០ លានអឺរ៉ូ និង អ៊ីតាលី ៧.៨០០ លានអឺរ៉ូ ។

ខណៈពេលដែលរុស្ស៊ីខ្លួនឯង រកចំណូលបានខ្ពស់បំផុតពីការនាំចេញប្រេងឥន្ធនៈក្នុងទម្រង់ជាប្រេងឆៅចំនួន ៤៦.០០០ លានអឺរ៉ូ បន្ទាប់មកឧស្ម័នបំពង់បង្ហូរប្រេង ផលិតផលប្រេង ឧស្ម័នធម្មជាតិរាវ (LNG) និងធ្យូងថ្ម ជាដើម ។

ទោះបីជាការនាំចេញរបស់រុស្ស៊ីបានធ្លាក់ចុះនៅក្នុងខែឧសភាក៏ដោយ ដោយសារប្រទេស និងក្រុមហ៊ុនផ្សេងៗនាំគ្នា ចៀសធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី ដោយសារការឈ្លានពានអ៊ុយក្រែន បណ្តាលឲ្យ ប្រេង​តម្លៃ​ឥន្ធនៈ​បាន​កើនឡើង​ជុំវិញ​ពិភពលោក ។ ប៉ុន្តែមានឯណា រុស្ស៊ី​នៅតែរកចំណូលចូលក្នុងឃ្លាំងប្រាក់​របស់ខ្លួនបានសន្ធឹកដដែល ហើយ​ចំណូលនេះឡើងដល់​កម្រិត​កំណត់ត្រា ដែលបច្ចុប្បន្ន ការ​នាំ​ចេញ​ប្រេងឥន្ធនៈ​មាន​ចំនួន​ខ្ពស់​ជាង​ឆ្នាំ​មុន​ប្រមាណ ៦០% ។

មជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត (CREA) ក៏ផ្តល់ព័ត៌មានផងដែរថា រុស្ស៊ីទំនងជាទទួលបានទ្រព្យសម្បត្តិកាន់តែច្រើន បន្ទាប់ពីប្រទេសមួយចំនួនបានបង្កើនការទិញថាមពលរបស់ពួកគេ ដូចជាប្រទេសចិន ឥណ្ឌា អារ៉ាប់រួមអេមីរ៉ាត ឬសូម្បីតែប្រទេសបារាំងក៏ដោយ ។

អ្នកវិភាគ Lori Milliveta របស់ CREA បាននិយាយថា «ខណៈដែលសហភាពអឺរ៉ុបកំពុងពិចារណាលើការដាក់ទណ្ឌកម្មកាន់តែរឹងត្អឹងលើប្រទេសរុស្ស៊ី បារាំង​បាន​បង្កើន​ការ​នាំ​ចូល​ពី​រុស្ស៊ី​ ក្នុង​នាម​ជា​ប្រទេស​ទិញ​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) ធំ​ជាង​គេ​របស់​ពិភពលោក ទោះបី​ជា​កិច្ចសន្យា​ទិញ​លក់​រយៈពេល​ខ្លី​ក៏ដោយ​»​ ។

ចំណែកអ៊ុយក្រែន​នៅតែបន្តស្រែកឲ្យដាក់​ទណ្ឌកម្ម​អន្តរជាតិ​កាន់តែធ្ងន់ធ្ងរថែមទៀតទៅលើ​រុស្ស៊ី​តាម​គ្រប់​មធ្យោបាយ ដើម្បីកុំឲ្យរុស្ស៊ី​​មានទុនបន្ត​សង្គ្រាមតទៅទៀត ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម