វាយខ្ទេចខ្ទី​ហើយ ឥឡូវរុស្ស៊ីប្រកាសជួយស្តារសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធនៅភូមិភាគដុនបាស់

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី19 ខែមិថុនា ឆ្នាំ2022 ម៉ោង 6:25 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

លោក មេន ទូរូហ្វ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់រុស្ស៊ីប្រកាសថា រុស្ស៊ីនឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ស្តារសេដ្ឋកិច្ចឡើងវិញចំពោះសាធារណរដ្ឋដូណេស និងសាធារណរដ្ឋប្រជាមានិតលូ នៃភូមិភាគដុនបាស់ ដែលបានខ្ទេចខ្ទាំនូវមហន្តរាយពីសង្គ្រាម ។

លោក ទូរូហ្វ និយាយថា «យើងបានជួបមេដឹកនាំទាំងពីរសាធារណរដ្ឋនោះហើយ បានពិភាក្សាគ្នាយ៉ាងលម្អិត ស្តីពីការស្តារសេដ្ឋកិច្ចឡើងវិញ» ។ ការលើកឡើងនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំសេដ្ឋកិច្ចអន្តរជាតិ នៅទីក្រុងសេនពីទើបឹក (SPIEF) កាលពីថ្ងៃទី ១៨ មិថុសនា ឆ្នាំ ២០២២ ។

លោក ទូរូហ្វ ក៏បាននិយាយផងដែរថា ប្រទេសរុស្ស៊ីនឹងពិគ្រោះ និងធ្វើសវនកម្មដំណើរការសម្រាប់ឧស្សាហកម្មលោហៈនៅក្នុងសាធារណរដ្ឋដុនបាស (Donbas) ក៏ដូចជាការជួយអាជីវកម្មក្នុងការចាប់ផ្តើមដឹកជញ្ជូនផលិតផលរបស់ពួកគេទៅកាន់ប្រទេសរុស្ស៊ី និងប្រទេសដទៃទៀត។

ស្របពេលដែល​ក្រសួង​សំណង់ក៏បានបញ្ជាក់ដែរថា នឹងជួយកសាងឡើងវិញ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងត្រៀមសម្រាប់រដូវរងារ ផ្តល់អាទិភាពដល់សាលារៀន មន្ទីរពេទ្យ និងមណ្ឌលថែទាំកុមារ រួមទាំងកន្លែងស្នាក់អាស្រ័យផង ។

ជាមួយគ្នានេះ សាធារណរដ្ឋដុនបាស់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយតំបន់មួយចំនួនរបស់រុស្ស៊ីរួចហើយ ដោយអភិបាលក្រុងម៉ូស្គូលោក Sergei Sobyanin ថ្មីៗនេះបានប្រកាសថា អ្នកជំនាញនៅទីក្រុងម៉ូស្គូចំនួន ៣០០ នាក់កំពុងធ្វើការដើម្បីស្តារប្រព័ន្ធផ្គត់ផ្គង់ទឹកនៅដូណេស ។

លោក Denis Puchilin មេដឹកនាំក្រុមផ្តាច់ខ្លួននៃសាធារណរដ្ឋប្រជាមានិតដូណេស បាននិយាយថា កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខាដើម្បីទិញស្បៀងអាហារ និងសម្ភារសំណង់ពីប្រទេសអ៊ីរ៉ង់ ។ លោកក៏បាននិយាយផងដែរថា ដូណេស គ្រោងនឹងលក់ដែក ដែកថែប ឧបករណ៍រុករករ៉ែ ជី និងទំនិញផ្សេងៗទៀតទៅឱ្យប្រទេសអ៊ីរ៉ង់ផងដែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម