យក្សតូចតៃវ៉ាន់ ព្រមានយក្សធំចិន ថា មីស៊ីលផលិតដោយខ្លួនឯង បាញ់ដល់ប៉េកាំង ! ឯចិនព្រមានវិញថា កុំយកពងមាន់ មកជល់នឹងថ្មណា៎!

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី19 ខែមិថុនា ឆ្នាំ2022 ម៉ោង 7:08 នាទី ល្ងាច

 

អត្ថបទ សូរ្យរិទ្ធ៖

យូ ស៊ី គុន ប្រធានសភាតៃវ៉ាន់ បាននិយាយថា តៃវ៉ាន់មានមីស៊ីលចម្ងាយឆ្ងាយ ល្បឿនលឿនជាងសម្លេង ផលិតដោយខ្លួនឯង អាចបាញ់ដល់ទីក្រុងប៉េកាំង និង កណ្តាលនៃប្រទេសចិនដីគោក ហើយថា តៃវ៉ាន់មិនចង់ប្រឈមមុខជាមួយចិនទេ ប៉ុន្តែ​វា​ជា​សក្ដានុពល​ក្នុង​ការ​វាយ​បក​ដោយ​កម្លាំងវិញ ។ ក្នុងករណីមានជម្លោះ តៃវ៉ាន់​នឹង​មិន​មែន​ជា​អ្នក​វាយ​ប្រហារ​ចិន​មុន​​នោះ​ទេ ប៉ុន្តែ​មុន​នឹង​ចិន​គិត​ចង់​វាយ​ប្រហារ​តៃវ៉ាន់​ត្រូវ​គិត​ជាមុន​សិន! តៃវ៉ាន់ក៏មានសមត្ថភាពវាយប្រហារផងដែរ ។

តៃវ៉ាន់បានចំណាយថវិកាជាង 400 លានដុល្លារក្នុងឆ្នាំ 2018 ដើម្បីបង្កើនសមត្ថភាពនៃកាំជ្រួច Cruise របស់ខ្លួនឈ្មោះ Yung Feng ដោយពង្រីករយៈចម្ងាយអតិបរមារបស់ខ្លួនដល់ទៅ 1,200 ម៉ាយ ដែលអាចបាញ់បានឆ្ងាយដល់ទីក្រុងប៉េកាំង។

ចំណែកខាងចិន និយាយវាយបកទៅតៃវ៉ាន់វិញថា ការវាយប្រហារបែបណារបស់តៃវ៉ាន់ នឹងហុចផលដ៏អាក្រក់ចំពោះខ្លួនឯងទៅវិញទេ ។ បើតៃវ៉ាន់ហ៊ានយកពងមាន់ ជល់នឹងថ្ម វានឹងបង្កើនល្បឿនគ្រោះថ្នាក់ដល់ខ្លួនឯងដល់ទីបញ្ចប់កាន់តែលឿន ។

ការ​លើក​ឡើង​របស់​តៃវ៉ាន់​បែប​នេះ បានកើតឡើងបន្ទាប់ពីសប្តាហ៍នេះ ប្រទេស​ចិន​ទើប​តែ​ដាក់​ឱ្យ​ដំណើរការ​នាវា​ផ្ទុក​យន្តហោះ​ទី​៣ ​របស់​ខ្លួន ជា​លើក​ដំបូង​ដែល​អភិវឌ្ឍ​ទាំងស្រុង​ដោយ​ចិនខ្លួនឯង វាមានឈ្មោះថា «ហ្វូជៀន(Fujian )» ឬ«ហុកកៀន» ហើយត្រូវបានគេចាត់ទុកថាជានាវាចម្បាំងទំនើបបំផុតមួយរបស់យោធាចិន ។ អ្នកជំនាញនិយាយថា Fujian អាចប្រៀបបាននឹងនាវា USS Gerald R Ford ដែលជានាវាផ្ទុកយន្តហោះថ្មីបំផុតរបស់អាមេរិក ភាព​ខុស​គ្នា​ត្រង់​ថា Fujian មិន​ប្រើ​ថាមពល​នុយក្លេអ៊ែរ​ដូច​នាវា​អាមេរិក​ ៕

នាវាផ្ទុកយន្តហោះរបស់ចិន ហ្វូជៀន

នាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក USS Gerald R Ford

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម