តោះ មកមើលផែនទីបង្ហាញផ្ទៃដីដែលរុស្ស៊ីវាយអ៊ុយក្រែនបាន

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី24 ខែមិថុនា ឆ្នាំ2022 ម៉ោង 7:32 នាទី ល្ងាច

 

ដោយ សូរ្យសែង៖ 

ការច្បាំងបង្ហូរឈាមដណ្តើមទឹកដីសំខាន់ៗជាច្រើនកន្លែងរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន កំពុងបន្តយ៉ាងសាហាវនៅតំបន់ប៉ែកខាងកើត ។ ខាងរុស្ស៊ីនិយាយថា «ប្រយុទ្ធដើម្បីរំដោះតំបន់ដុនបាស់» ដែលមានសមរភូមិដូណេតស៍ និង លូហាន់ ។ តាមពិតតំបន់ទាំងនេះ ត្រូវពួកឧទ្ទាមបែងចែកទឹកដី ដែលគាំទ្ររុស្ស៊ីបានគ្រប់គ្រងមុនរុស្ស៊ីវាយចូលទៅទៀត ។ ពួកគេវាយចូលយឺតៗ ប៉ុន្តែគ្រប់យ៉ាងអាចគ្រប់គ្រងភូមិភាគលូហាន់បាន ៩០% ទៅហើយ ។

បច្ចុប្បន្ន រុស្ស៊ីវាយជុំវិញតំបន់ឧស្សាហកម្មអាហ្សត (Azot) ដែលជាគោលដៅសំខាន់របស់រុស្ស៊ី ដោយសារភូមិភាគលូហាន់ស្ទើរទាំងស្រុងត្រូវរុស្ស៊ីគ្រប់គ្រង ។

នៅតំបន់ភាគខាងកើតរបស់អ៊ុយក្រែន ត្រូវរុស្ស៊ីវាយដណ្តើមបានភាគច្រើនទៅហើយ ប៉ុន្តែដោយសារបណ្តាញ ផ្សព្វផ្សាយព័ត៌មានរបស់រុស្ស៊ី ត្រូវគេបិទ ទើបគ្មានព័ត៌មានអ្វីលម្អិតចេញទៅក្រៅ ។ ត្រង់នេះមានតែព័ត៌មានរបស់លោកខាងលិចប៉ុណ្ណោះ ដែលជួយផ្សព្វផ្សាយសង្គ្រាមឲ្យអ៊ុយក្រែនតែម៉ាជ្រុងណាដែលមានសារសំខាន់ប៉ុនណោះឲ្យពិភពលោកបានឃើញ ។ នេះជាឥទ្ធិពលរបស់ព័ត៌មាន នៅលើពិភពលោកប្រទេសណាក៏ដោយ កុំមើលស្រាលខាងវិស័យសារព័ត៌មាន គេចាត់ទុកសារព័ត៌មានជាអាវុធវាយប្រហារយ៉ាងធំសម្បើម មិនថាព័ត៌មាន​សង្គ្រាមនោះទេ សូម្បីព័ត៌មានក្នុងសង្គមក៏ជះឥទ្ធិពលខ្លាំងណាស់ដែរ ។

 

កងទ័ពរុស្ស៊ីបាត់បង់ច្រើនមហាសាល

តាំងពីចាប់ផ្តើមវាយឈ្លានពានចូលអ៊ុយក្រែន កងទ័ពរុស្ស៊ីបានបាត់បង់ច្រើនមហាសាល ។ ក្រសួងការពារជាតិអង់គ្លេសនិយាយថា រុស្ស៊ីបាត់បង់មេបញ្ជាការជាន់ខ្ពស់តិច តែថ្នាក់កណ្តាលមានចំនួនច្រើន ហើយសព្វាវុធ និងយុទ្ធោករណ៍ជាច្រើនក៏ត្រូវខូចខាតសម្បើមណាស់ដែរ ។

 

រុស្ស៊ីត្រូវការគ្រប់គ្រងតំបន់ភាគខាងត្បូងទាំងអស់

គ្រាដំបូង កងទ័ពរុស្ស៊ីបានរុលចូលយ៉ាងឆាប់រហ័សទៅក្នុងតំបន់ភាគខាងត្បូងអ៊ុយក្រែន ដើម្បីគ្រប់គ្រងផ្លូវភ្ជាប់ទៅតំបន់គ្រីមៀ ដែលរុស្ស៊ីចាត់ទុកជាចំណែកមួយរបស់ខ្លួនតាំងពីឆ្នាំ ២០១៤ ជាមួយនឹងតំបន់ផ្សេងៗទៀត ដែលក្រុមឧទ្ទាមបំបែកទឹកដីគាំទ្ររុស្ស៊ី ដណ្តើមបាននៅដូណេតស៍ និង លូហាន់ ។

បច្ចុប្បន្នរុស្ស៊ីគ្រប់គ្រងទីក្រុងម៉ារិអ៊ូប៉ូលបានទាំងស្រុងហើយ ក្រោយពីឡោមព័ទ្ធរយៈពេល ២ ខែមក និងមានមនុស្សរស់នៅប្រមាណ ១០០.០០០ នាក់ប្រឈមខ្វះទឹកសាប និងមានរោគរាតត្បាត ។

កងទ័ពរុស្ស៊ីកំពុងតាំងគោលដៅគ្រប់គ្រងតំបន់អូដេសា និងកាត់ផ្លូវទៅសមុទ្រខ្មៅរបស់អ៊ុយក្រែន តែត្រូវរាំងស្ទះដោយកងទ័ពអ៊ុយក្រែន ធ្វើឲ្យកងទ័ពរុស្ស៊ីដកថយទៅកាន់តំបន់ឃែរសនវិញ ។

បណ្តាអ្នកវិភាគលើកឡើងថា រុស្ស៊ីបានបន្តពង្រឹងការការពារដែនអាកាសរបស់ខ្លួននៅលើកោះពស់ក្នុងសមុទ្រខ្មៅ ដើម្បីការពារនាវារបស់កងទ័ពជើងទឹក ដែលរារាំងឆ្នេរសមុទ្រអ៊ុយក្រែន និងបិទផ្លូវដឹកជញ្ជូនអ៊ុយក្រែន ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម