ប្រទេសលោកខាងលិចស្រងាកចិត្ត ដោយសារឥណ្ឌូនេស៊ីអញ្ជើញលោក ពូទីន ចូលរួមកិច្ចប្រជុំ ​G20

សេដ្ឋកិច្ចថ្ងៃពុធ ទី29 ខែមិថុនា ឆ្នាំ2022 ម៉ោង 6:13 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ

ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន មានគម្រោងចូលរួមកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌូនេស៊ី នាខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ តបតាមការអញ្ជើញពីប្រទេសឥណ្ឌូនេស៊ី ស្របពេលដែលប្រទេសលោកខាងលិច និងសហរដ្ឋអាមេរិក កំពុងព្រួតគ្នាដាក់ទណ្ឌកម្មមហាអំណាចរុស្ស៊ី ដែលកំពុងវាយយកទឹកដីអ៊ុយក្រែន ។ នេះជាការលើកឡើងរបស់ទីប្រឹក្សាជាន់ខ្ពស់វិមានក្រឹមឡាំង ។

«យើងបានទទួលការអញ្ជើញជាផ្លូវការ ហើយយើងឆ្លើយតបដោយវិជ្ជមាន» ។

ទោះយ៉ាងណា យើងនៅសល់ពេលជាច្រើនខែទៀត ដែលកិច្ចប្រជុំធ្វើឡើងនៅថ្ងៃទី ១៥-១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ ហើយអាចមានការប្រែប្រួលដោយប្រការណាមួយក៏មិនដឹងដែរ ។

ប្រទេសឥណ្ឌូណេស៊ី ដែល​ជា​ប្រធានវិលជុំ​នៅ​ឆ្នាំ​នេះ បង្កភាពចម្រូងចម្រាសដោយការអញ្ជើញរុស្ស៊ី ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នៃ​ប្រទេស​សេដ្ឋកិច្ច​ធំៗ​ទាំង​២០ ​របស់​ពិភពលោក ។ បណ្តាប្រទេសលោកខាងលិច ដឹកនាំដោយសហរដ្ឋអាមេរិក បានដាក់សម្ពាធទៅលើប្រទេសឥណ្ឌូនេស៊ី មិនឲ្យទីក្រុងម៉ូស្គូចូលរួមក្នុងកិច្ចប្រជុំនេះ ដោយចោទរុស្ស៊ីថាជាអ្នកឈ្លានពានទឹកដីអ៊ុយក្រែន និងជាឧក្រិដ្ឋសង្គ្រាម ។

លោក អូឡាហ្វ សូល អធិការបតីប្រទេសអាល្លឺម៉ង់ ដែលកំពុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រទេសឧស្សាហកម្​មទាំង ៧ ឬ G7 និយាយថា និយាយថា គាត់នឹងសម្រេចនាទីចុងក្រោយថា ចូលរួម ឬមិនចូលរួម មុនពេលវេលាមកដល់ ហើយឥណ្ឌូនេស៊ីក៏នឹងអញ្ជើញលោកប្រធានាធិបតីអ៊ុយក្រែន សេលេនស្គី ចូលរួមផងដែរ ។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ួស៊ូឡា វ៉ុន ដឺ ឡៃអេន (Ursula von der Leienne) ក៏បាននិយាយកាលពីថ្ងៃអាទិត្យ ទី ២៦ មិថុនាថា លោកស្រីនឹងមិនច្រានចោលលទ្ធភាពនៃការអង្គុយនៅតុជាមួយលោក ពូទីន ក្នុងកិច្ចប្រជុំកំពូល G20 នោះទេ ហើយលោកស្រីបាននិយាយថា វាមានសារសំខាន់សម្រាប់ពួកយើងក្នុងការប្រាប់គាត់ទល់មុខគ្នា នូវអ្វីដែលយើងគិត។

ប្រទេស G20 មានទិន្នផលសេដ្ឋកិច្ចសរុបរបស់ពិភពលោកប្រមាណ ៨០% ខណៈដែល G7 មានប្រហែល ៣១% ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម