អង្គភាពប្រឆាំងអំពើពុករលួយ ប្រារព្ធពិធីសិតទៀនព្រះវស្សានៅវត្តនាគវន្ត សង្កាត់បឹងកក់២ ខណ្ឌទួលគោក

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី03 ខែកក្កដា ឆ្នាំ2022 ម៉ោង 12:07 នាទី ល្ងាច

នៅព្រឹកថ្ងៃអាទិត្យ ទី ៣ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ ចិន ច័ន្ទមុនី ឧបការី និងជាប្រធានក្រុមប្រឹក្សាវិន័យ និងបទបញ្ជាផ្ទៃក្នុង នៃអង្គភាពប្រឆាំងអំពើពុករលួយ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កិតិ្តនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោកជំទាវមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឡុង វិសាខា យ៉ិនទៀង បានអញ្ជើញបំពេញបុណ្យកុសល ពិធីសិតទៀនព្រះវស្សានៅវត្តនាគវន្ត សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងវេរទេយ្យទាន និងរាប់បាត្រ ដែលបច្ច័យសរុបចំនួន ១៥.៦៤៥.០០០ រៀល និង ៥០០ ដុល្លារ ស្មើនឹងក្រមួនទៀនចំនួន ១.៤៧០ គីឡូក្រាម បានពីសទ្ធាដ៏ជ្រះថ្លារបស់មន្ត្រី និងថ្នាក់ដឹកនាំ អ.ប.ព. និងក្រុមការងារគ៧៨ ចុះជួយខណ្ឌ ទួលគោក ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តនាគវ័ន ជាកិច្ចបង្ហើយពិធី ។

ពិធីបុណ្យសិតទៀនវស្សានេះ សូមឧទ្ទិសចំពោះមហាឧបាសក ឱម យ៉ិន និង មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ នាង ធីដា ដែលជាបិតា មាតារបស់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត រួមទាំងបុព្វការីជនស្នេហាជាតិនិងញាតិកាទាំង ៧ សន្តានរបស់យើងទាំងអស់គ្នា ដែលបានចែកឋានទៅ សូមទៅកាន់បរលោក និងសូមដួងវិញ្ញាណក្ខន្ធរបស់លោកអោយពរជ័យដល់ប្រទេសជាតិ និងកូនចៅដែលនៅរស់បានសេចក្តីសុខ សេចក្តីចម្រើនតរៀងទៅ។

 

ពិធីបុណ្យសិតទៀនវស្សា និងបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារសំខាន់ក្នុងព្រះពុទ្ធសាសនារបស់យើង ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ ពិធីបុណ្យនេះគឺជាការរៀបចំឲ្យឈប់សម្រាកនៅទីណាមួយ ឬក្នុងវត្តអារាមណាមួយក្នុងរយៈពេល៣ ខែក្នុងរដូវធ្លាក់ភ្លៀង និង មិនអនុញ្ញាតអោយនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានធុរៈសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ ឬនិមន្តទៅសម្តែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញក្នុងរយៈពេល ៧ថ្ងៃ ។

ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ ១រោចខែអាសាឍដល់ថ្ងៃ ១៥ កើត ខែអស្សុជ តែពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី ១៥កើត ខែអាសាឍ ដោយមានការចូលរួមពីពុទ្ធបរិស័ទចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា និងសម្ភារប្រគេនព្រះសង្ឃ។ នៅពេលព្រឹកឡើងនៅថ្ងៃទី ១រោច ខែអាសាឍ មានម្ហូបអាហារ បង្អែម ប្រគេនព្រះសង្ឃ ហើយក្នុងអំឡុងរយៈ ៣ខែនេះ បងប្អូនដែលមានទម្លាប់គោរពសក្ការៈព្រះពុទ្ធសាសនា ក៏និយមបន្តធ្វើម្ហូប នំចំណី និងគ្រឿងប្រើប្រាស់ផ្សេងៗមកប្រគេនជាបន្តបន្ទាប់សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សានេះក្នុងអំឡុងពេលនេះដែរ។​

ក្រៅពីរបស់ប្រើប្រាស់ និងម្ហូបអាហារសម្រាប់ចង្ហាន់ បងប្អូនខ្មែរក៏បានជាវទៀនវស្សាទៅប្រគេនព្រះសង្ឈផងដែរ ព្រោះយើងមានជំនឿ​ថា ប្រទេសជាតិមានអនាគតភ្លឺស្វាងស្រស់បំព្រង និងមានសេចក្តីសុខចម្រើន ប្រកបដោយអំពើល្អ សេចក្តីល្អ ។ មួយវិញទៀតជាការជួយដល់វត្តអារាមក្នុងការមានទៀនប្រើប្រាស់ដើម្បីដុតបំភ្លឺនៅពេលយប់ផងដែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម