#សេដ្ឋកិច្ច# ប្រទេសលាវឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ច

សេដ្ឋកិច្ចថ្ងៃអាទិត្យ ទី03 ខែកក្កដា ឆ្នាំ2022 ម៉ោង 7:13 នាទី ល្ងាច

ប្រជាជនលាវប្រជ្រៀតគ្នាចូលចាក់សាំងនៅស្ថានប្រេងមួយនៅទីក្ុរងវៀងច័ន្ទ

 

បកប្រែដោយ លោក សូរ្យរិទ្ធ ៖

ប្រទេសលាវជាប្រទេសតូចមួយមានប្រជាជនប្រហែល ៧,៥ លាននាក់កំពុងប្រឈមមុខនឹងវិបត្តិរតនាគារ និងការបាត់ បង់ទុនបម្រុងអន្តរជាតិ ហើយកើន​ឡើង​នៃ​អត្រា​អតិផរណា ។ ស្ថានភាព​នេះ​បាន​បង្ក​ក្តី​បារម្ភ​ដល់​ភាគី​ជាច្រើន​ ដែលត្រូវបានរំពឹងទុក ក្នុងស្ថានភាព​អាច​នឹងរាលដាលកាន់តែខ្លាំង ដូចគ្នានឹងវិបត្តិនៅប្រទេសស្រីលង្កា ។

កង្វះខាតប្រេងឥន្ធនៈរបស់ប្រទេសលាវ គឺជាសញ្ញាចុងក្រោយនៃភាពតានតឹងផ្នែកសេដ្ឋកិច្ច នេះ​ជា​លទ្ធផល​នៃ​ការ​ឡើង​ថ្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​ពិភពលោក ។ ទោះយ៉ាងណា ដោយសារប្រាក់គីបបន្តធ្លាក់ថ្លៃ បំណុលសាធារណៈរបស់ប្រទេសបាន កើនឡើង នេះ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​សម្រាប់​គណបក្ស​ប្រជាជន​បដិវត្តន៍​លាវ ដែលកាន់អំណាចទាំងស្រុងតាំងពីឆ្នាំ ១៩៧៥ មក ។

របាយ​ការណ៍​មួយ​របស់​ក្រុមហ៊ុន មូឌីស (Moody's Investors Service) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ប្រទេស​លាវ​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ទៅ​រកផ្លូវបំណុល នេះ​ជា​លទ្ធផល​នៃ​ការ​គ្រប់គ្រង​អភិបាលកិច្ច​ខ្សោយ បន្ទុកបំណុលសាធារណៈកើនឡើង ហើយទុនបម្រុងអន្តរជាតិមិនគ្រប់គ្រាន់ ប្រើដើម្បីដោះស្រាយបំណុល ។

ស្របពេលដែលរបាយការណ៍របស់ធនាគារពិភពលោក (World Bank) បញ្ជាក់ថា ស្ថិតិចុងក្រោយបំផុត (ខែធ្នូ ឆ្នាំ ២០២១) កន្លង​មក បរិមាណ​ទុនបម្រុង​អន្តរជាតិ​របស់​លាវ នៅប្រហែល ១,៣ ពាន់លានដុល្លារអាមេរិក ប៉ុន្តែតម្លៃនៃបំណុលបរទេសដែលត្រូវតែសងជារៀងរាល់ឆ្នាំ នៅតែស្ថិតក្នុងកម្រិតដដែលរហូតដល់ឆ្នាំ ២០២៥ «យ៉ាងហោចណាស់« ប្រហែលពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសលាវ ។

បក្សប្រជាជន​បដិវត្តន៍លាវ ​ទំនង​ជា​ជួប​ប្រទះ​នឹង​ការ​កកិត​ពី​ស្ថានការណ៍ខាង​ក្រៅ នោះគឺជា​លទ្ធផល​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មទេសចរណ៍ សង្គ្រាមអូសបន្លាយរវាងរុស្ស៊ី និងអ៊ុយក្រែន និង វិបត្តិនៅប្រទេសស្រីលង្កា ដែលគួរតែជា «ឧទាហរណ៍ច្បាស់បំផុត»​ ។

ទោះយ៉ាងណាក៏ដោយ មានលទ្ធភាពតិចតួចណាស់ ដែលប្រទេសលាវនឹងប្រឈមមុខ ដូចគ្នានឹងប្រទេសស្រីលង្កាដែរ ទំនង​ជា​រដ្ឋាភិបាល​លាវ «ព្យាយាមទិញពេលវេលា» រហូតដល់វិបត្តិនេះដោះស្រាយដោយខ្លួនឯង ។

នៅក្នុងឆ្នាំចុងក្រោយនេះ ប្រាក់​គីប​ធ្លាក់​ថ្លៃ​ជាង ៣៦% បើធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក បានហុចលទ្ធផលអតិផរណាដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០៤ គឺជិត ១៣% កាលពីខែឧសភា ចាត់ទុកថាជាភាវៈអាក្រក់ខ្លាំង ​ទាំង​ទ្រឹស្តី និង​ការ​អនុវត្ត ជាមួយនឹងប្រទេសដែលមានប្រជាជន ១ភាគ៣ រស់នៅក្រោមបន្ទាត់នៃភាពក្រីក្ររបស់អង្គការសហប្រជាជាតិ (UN)។

ការ​បន្ត​ធ្លាក់​ថ្លៃ​ប្រាក់​គីប​បែប​នេះ ជាការពិតណាស់ វាមានផលប៉ះពាល់យ៉ាងខ្លាំងលើការនាំចូលទំនិញ ជាពិសេសប្រេងឥន្ធនៈ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ពីស្ថានការណ៍នៅពេលនេះថា លាវ​មិន​ទាន់​អាច​នាំ​ចូល​ប្រេង​បាន​ពាក់​កណ្តាល​នៅ​ឡើយ​ទេ ពីតម្រូវការធម្មតាប្រហែល ១២០ លានលីត្រក្នុងមួយខែ ដើម្បីបំពេញតម្រូវការក្នុងប្រទេស ។

ទោះបីជារដ្ឋាភិបាលលាវរំពឹងថា សេដ្ឋកិច្ចរបស់ខ្លួននឹងកើនឡើងក្នុងរង្វង់ ៣,៨% នៅឆ្នាំនេះក៏ដោយ ប៉ុន្តែវាគឺជាលទ្ធផលនៃវឌ្ឍនភាពក្នុងការចរចារៀបចំរចនាសម្ព័ន្ធបំណុល ។ លោក អាឡិច ក្រាមើ (Alex Kramer) តំណាងធនាគារពិភពលោកប្រចាំប្រទេសលាវ បាននិយាយថាស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសលាវនៅពេលនេះ គឺជាលទ្ធផលច្បាស់លាស់នៃការគ្រប់គ្រងបំណុល និង​ការ​បង្កើត​ប្រាក់​ចំណូល​មិន​មាន​ប្រសិទ្ធភាព​ចូល​ប្រទេស ។ រដ្ឋាភិបាលលាវគួរតែពិនិត្យឡើងវិញនូវមធ្យោបាយដើម្បីបង្កើនប្រាក់ចំណូលសាធារណៈ រួមទាំងការកែប្រែវិធានការលើកលែងពន្ធ ។

ផលិតផលនាំចេញដ៏សំខាន់មួយរបស់ប្រទេសលាវ គឺត្រូវបាន​គេ​ស្គាល់​គ្រប់​ប្រទេស​ក្នុង​តំបន់​ថា «អគ្គិសនី» ជា «ថ្ម​របស់​អាស៊ី» ដែលប្រទេសថៃគឺជាអតិថិជនសំខាន់តែមួយគត់នៅក្នុងប្រទេស ។ ប្រាក់ចំណូលនេះមិនគ្រប់គ្រាន់ទេ ទន្ទឹម​នឹង​នេះ គម្រោង​រថភ្លើង​ដឹក​ជញ្ជូន​ទំនិញ​ជាមួយ​ប្រទេស​ចិន​នៅ​តែ​ជា​ប្រព័ន្ធ​រយៈពេល​វែង​ដើម្បី​តាម​ដានថា តើការនាំចេញប្រភេទនេះនឹងនៅតែត្រូវបានទទួលយកដោយទីផ្សារឬអត់ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ?

សេដ្ឋកិច្ចលាវនាពេលបច្ចុប្បន្ន ពឹងផ្អែកយ៉ាងសំខាន់លើប្រទេសថៃ និងចិន តែទោះយ៉ាងណា ប្រសិនបើនៅតែខ្វះការជំរុញគោលនយោបាយផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព សេដ្ឋកិច្ចលាវនឹងកាន់តែចុះខ្សោយ ហើយធ្លាក់ចូលទៅក្នុងរណ្តៅដ៏ជ្រៅនៃវិបត្តិក្នុងរយៈពេលដ៏ខ្លី ៕

ប្រភពពី XINHUA, Royal Thai Government


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម