រដ្ឋមន្ត្រីការបរទេសទន្លេមេគង្គ ៦ រូប ជួបគ្នានៅមីយ៉ាន់ម៉ា

នយោបាយថ្ងៃច័ន្ទុ ទី04 ខែកក្កដា ឆ្នាំ2022 ម៉ោង 6:14 នាទី ល្ងាច

 

អត្ថបទ សូរ្យរិទ្ធ៖

តាមភ្នាក់ងារព័ត៌មាន AFP រាយការណ៍ថា លោក វ៉ាង អ៊ី រដ្ឋមន្ត្រីការបរទេសចិន បានធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ ម៉ាជាផ្លូវការលើកដំបូង ចាប់តាំងពីកងទ័ពមីយ៉ាន់ម៉ាដណ្តើមអំណាចកាលពីថ្ងៃទី ១ កុម្ភៈ ២០២១ ។

ការធ្វើដំណើររបស់លោក វ៉ាង គឺត្រូវចូលរួមប្រជុំរដ្ឋមន្ត្រីការបរទេសក្នុងក្របខណ្ឌសហប្រតិបត្តិការទន្លេមេគង្គ-ឡាន ឆាង(MLC) លើកទី ៧ នៅទីក្រុងបាហ្កាន ប្រទេសមីយ៉ាន់ម៉ា ក្រុមសហប្រតិតបត្តិការសេដ្ឋកិច្ច រួមមាន ព្រះរាជាណា ចក្រ​កម្ពុជា លាវ វៀតណាម មីយ៉ាន់ម៉ា ថៃ និង ចិន ប៉ុន្តែមិនទាន់ច្បាស់ថា លោក វ៉ាង អ៊ី ចូលជួបលោកឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អងឡាយ មេដឹកនាំមីយ៉ាន់ម៉ាឬអត់ ។

លោក វ៉ាង និយាយថា គ្រប់ភាគីជម្លោះក្នុងមីយ៉ាន់ម៉ា នឹងជជែកគ្នាដោយមានហេតុផល ដើម្បីបន្ថយកម្តៅនយោបាយក្នុងប្រទេស ។ រដ្ឋាភិបាលចិនធ្លាប់និយាយកាលពីខែមេសា ឆ្នាំ ២០២២ ថា នឹងជួយការពារអធិបតេយ្យ ឯករាជ្យ និង បូរណភាពទឹកដីរបស់ប្រទេសមីយ៉ាន់ម៉ា មិនថាស្ថិតក្នុងស្ថានការណ៍ប្រែប្រួលយ៉ាងណានោះទេ ។ ចិនក៏ស្នើឲ្យរដ្ឋាភិបាលយោធារបស់មីយ៉ាន់ម៉ា បង្កើតតុចរចាជាមួយភាគីជម្លោះ បង្កើតការបង្រួបបង្រួម ។

ឯកឧត្តម ប្រាក់សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងតួនាទីជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានទទូចឲ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃមីយ៉ាន់ម៉ា ប្រកាន់យកក្តីអនុគ្រោះ និងសម្រួលដល់ការវិលត្រឡប់របស់លោកស្រី អ៊ុង សានស៊ូឃ្យី ទៅកាន់លំនៅដ្ឋាន ដោយហេតុផលសុខភាព និងសុខមាលភាព ទ្រុឌទ្រោមរបស់លោកស្រី ក៏ដូចជាការអនុវត្តនីតិរដ្ឋប្រកបដោយយុត្តិធម៌ និងសុភវិនិច្ឆ័យ ហើយរឿងលោកស្រីត្រូវបានចាត់ទុកក្នុងរង្វង់អន្តរជាតិ ដែលប្រជាជនជាច្រើននៅមីយ៉ាន់ម៉ាលើកឡើងថា គាត់មានតួនាទីដ៏សំខាន់ក្នុងការវិលត្រឡប់ទៅរកប្រក្រតីភាព និងការផ្សះផ្សាជាតិឡើងវិញ តាមរយៈដំណោះស្រាយនយោបាយដោយសន្តិវិធីមួយ»។

អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ាបានលើកឡើងថា ការចរចារវាងរដ្ឋាភិបាល និង លោកស្រី អ៊ុង សានស៊ូឃ្យី ដើម្បីបញ្ឈប់ការបង្ហូរឈាមគ្នា «មិនអាចទៅរួចនោះទេ!»

លោកឧត្តមសេនីយ៍ត្រី ស មីនទុន អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា និយាយថា «ការចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសនៅប្រទេសមីយ៉ាន់ម៉ា ជាការបង្ហាញឲ្យឃើញការទទួលស្គាល់ឋានៈ និងអធិបតេយ្យរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា» ។

ស្របពេលដែលរដ្ឋមន្ត្រីការបរទេសនៃរដ្ឋាភិបាលរួបរួមជាតិ គណបក្ស​ប្រជាធិបតេយ្យ​មីយ៉ាន់ម៉ា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​តវ៉ា​ចំពោះ​កិច្ច​ប្រជុំ​នេះថា ការទទួលស្គាល់ឋានៈរដ្ឋាភិបាលរបបផ្តាច់ការយោធាមីយ៉ាន់ម៉ា ពិតជាមានជំទាស់ជាមួយនឹងចេតនារបស់ប្រជាជនមីយ៉ាន់ម៉ា ហើយក៏ផ្ទុយនឹងជំហរកសាងសន្តិភាពនៃវេទិកាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមិនធ្លាប់បានអញ្ជើញរបបយោធារដ្ឋប្រហារមកចូលរួមកិច្ចប្រជុំដែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម