តារាម៉ូដែលដ៏សិចស៊ី ត្រូវយោធាភូមាចាប់ខ្លួន ដោយសារស្លៀកពាក់ឯកសណ្ឋានយោធារដ្ឋសាន

តារាថ្ងៃសៅរ៍ ទី09 ខែកក្កដា ឆ្នាំ2022 ម៉ោង 7:05 នាទី ល្ងាច

 

អត្ថបទ សាវុឌ្ឍ៖

តារាម៉ូដែលសិចស៊ីល្បីឈ្មោះមួយរូបរបស់ប្រទេសភូមា ទិន សាវិនចរ ដែលស្លៀក​ឯកសណ្ឋាន​ទាហាន​រដ្ឋ Shan ភាគ​ខាងជើង​ទៅ​ចូលរួម​ពិធី​មង្គលការ​នៅបានហៃ ​ត្រូវ​ទាហាន​ភូមា​ចាប់​ខ្លួន ​ពេល​ធ្វើ​ដំណើរ​ទៅ​ព្រលាន​យន្តហោះ ឡាស៊ីអូ (Lashio) ដើម្បីឡើងយន្តហោះត្រឡប់ទៅទីក្រុងយ៉ាងហ្គុន (Yangon) ឥឡូវនេះមិនទាន់ដឹងជោគ​វាសនាយ៉ាងណា​នៅ​ឡើយ ។

នាង សាវិនចរ ធ្វើដំណើរជាមួយមិត្តប្រុសនៅលើផ្លូវមួយក្នុងខេត្តដយឡេម ឆ្ពោះទៅខេត្តឡាសៀវ ភាគខាងជើងរដ្ឋសាន តែត្រូវទាហានភូមាមួយក្រុមចាប់ឃាត់ខ្លួនជាមួយមិត្តប្រុស នាំទៅសាកសួរ ។

រឿងវាមានដូចតទៅ ៖ កាលនៅពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២២ នាង ទិន សាវិនចរ បានស្លៀកពាក់ឯកសណ្ឋានយោធា នៃកងទ័ពគណបក្សវឌ្ឍនភាពរដ្ឋសាន ដើម្បីចូលរួមក្នុងពិធីមង្គលការកូនស្រីរបស់ឧត្តមសេនីយ៍ ចាយស៊ូ អ្នកនាំពាក្យយោធារដ្ឋសានខាងជើង ទោះបីជាគេបានចេញការព្រមានខ្លះរួចមកហើយក្តី ថានាងមិនគួរស្លៀកពាក់ «ឯកសណ្ឋានយោធា» ទៅចូលរួមមង្គលការនោះទេ ប៉ុន្តែនាងនៅតែរឹងទទឹង ។

មុនពេលទៅចូលរួមពិធីមង្គលការ នាង សាវិនចរ ទើបតែបញ្ចប់ការថតភាពយន្តឯកសារមួយ ។ ឧត្តមសេនីយ៍ ចាយស៊ូ បានសម្ភាសក្នុងទូរទស្សន៍ Tai TV Online កាលពីថ្ងៃទី ៤ កក្កដាថា កងទ័ព​បក្ស​វឌ្ឍនភាព​រដ្ឋ​សាន​បាន​អញ្ជើញ​នាង សាវិនចរ ជួយថតភាពយន្តឯកសារ ដើម្បីផ្សព្វផ្សាយការងាររបស់គណបក្ស ដែលបានអភិវឌ្ឍលើទិដ្ឋភាពជាច្រើននៃតំបន់បានហៃ និងជាច្រើនផ្សេងទៀតនៅស្រុកកេសី ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​កងទ័ព​គណបក្ស​វឌ្ឍនភាព​រដ្ឋ​សាន ក្នុងវិស័យអប់រំ សុខភាពសាធារណៈ ការកសាងផ្លូវ ។ល។

ក្នុង​ការ​ថត​រឿង នាង សាវិនចរ បាន​ពាក់​ឯកសណ្ឋាន​យោធា​របស់​កងទ័ព​នៃគណ​បក្ស​វឌ្ឍនភាព​រដ្ឋ​សាន ដោយ​នាង​ជា​ពិធីករ​បរិយាយ​ខ្លឹមសារ​ផ្សេងៗ ហើយក្នុងអំឡុងពេលនៃការថតនោះ គឺស្របនឹងថ្ងៃរៀបការរបស់កូនស្រីលោក ចាយស៊ូ នាងក៏បានចូលរួមក្នុងពិធីមង្គលការ ក្នុងស្លៀកពាក់ទាហានរដ្ឋសានភាគខាងជើង ។

រហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីប្រកាសព័ត៌មានផ្លូវការណាមួយពីយោធាមីយ៉ាន់ម៉ា ទាក់ទងនឹងការចាប់ខ្លួន នាង សាវិនចរ និងមិត្តប្រុសរបស់នាងនោះទេ ហើយក៏មិនមាននរណាម្នាក់ដឹងថានាង និងមិត្តប្រុសរបស់នាងត្រូវបានឃុំខ្លួននៅឯណាដែរ ហើយ​ជោគ​វាសនា​យ៉ាង​ណា?


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម