សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ ក្នុងឆ្នាំ ២០២២ រាជរដ្ឋាភិបាលឧបត្ថម្ភជាង ១០០ លានដុល្លារដល់អាជ្ញាធរអគ្គិសនីកម្ពុជា ដើម្បីរក្សាអត្រាអគ្គិសនីឱ្យមានស្ថិរភាព

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី09 ខែកក្កដា ឆ្នាំ2022 ម៉ោង 7:40 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងផ្តល់ប្រាក់ឧបត្ថម្ភជាង ១០០ លានដុល្លារដល់អាជ្ញាធរអគ្គិសនីកម្ពុជា (EDC) ក្នុងឆ្នាំ ២០២២ ដើម្បីរក្សាអត្រាអគ្គិសនីឱ្យមានស្ថិរភាព ។

សម្តេចតេជោលើកឡើងថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន និង​ទណ្ឌកម្ម​ដែលធ្វើឡើង​ដោយ​ប្រទេស​លោកខាងលិច​មួយ​ចំនួន​ប្រឆាំង​នឹង​រុស្ស៊ី​ បាន​ជំរុញ​តម្លៃ​ថាមពល​ពិភពលោកឡើង​ខ្លាំង ដែលប៉ះពាល់ដល់ប្រទេសទាំងអស់ជុំវិញពិភព លោក ។

«បើគ្មានការឧបត្ថម្ភពីរដ្ឋាភិបាល អត្រាអគ្គិសនីរបស់យើងឥឡូវនេះកើនឡើងទ្វេដង ។ ប្រទេសមួយចំនួនបានដំឡើងថ្លៃអគ្គិសនីរួចហើយ ប៉ុន្តែសម្រាប់កម្ពុជា យើង​មិន​ទាន់​ដំឡើង​ថ្លៃ​អគ្គិសនី​នៅ​ឡើយ​ទេ» សម្តេចតេជោ មានប្រសាសន៍ ។

សម្តេចបានអំពាវនាវឲ្យប្រជាជនសន្សំសំចៃអគ្គិសនី និងគាំទ្រឲ្យប្រជាជនប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងកាត់បន្ថយការបំភាយឧស្ម័ន ។

សព្វថ្ងៃ តម្លៃប្រេងឥន្ធនៈកើនឡើង ២២% និង ៣៩% តាមលំដាប់ បើប្រៀបនឹងតម្លៃកាលពីពាក់កណ្តាលខែកុម្ភៈ ។ សម្តេចក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃទំនប់វារីអគ្គីសនី និងរោងចក្រថាមពលពន្លឺព្រះអាទិត្យ ដើម្បីជួយរក្សាស្ថិរភាពផលិតកម្មអគ្គិសនី និងរក្សាអត្រាអគ្គិសនីចំពេលមានវិបត្តិថាមពលពិភពលោក ។

ប្រទេសចិនគឺជាអ្នកអភិវឌ្ឍន៍ទំនប់វារីអគ្គីសនីដ៏សំខាន់នៅក្នុងប្រទេស ។ អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា​បាន​ថ្លែង​ថា៖ គម្រោង​ដែល​ចិន​បាន​វិនិយោគ​មាន​ដូចជា ទំនប់​វារីអគ្គិសនី រោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម និងរោងចក្រថាមពលពន្លឺព្រះអាទិត្យមានចំនួន ៦៥,៧ ភាគរយនៃថាមពលសរុបដែលផលិតនៅក្នុងប្រទេស ។

«រោងចក្រថាមពលដែលវិនិយោគដោយប្រទេសចិន ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា បានរួមចំណែកដល់ស្ថិរភាព និងភាពជឿជាក់នៃផលិតកម្មថាមពលក្នុងប្រទេស» អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បាននិយាយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម