គណបក្សប្រជាជន ដែលមានអាយុចំណាស់គេ ធ្វើសន្និបាតវិសាមញ្ញ

នយោបាយថ្ងៃសៅរ៍ ទី16 ខែកក្កដា ឆ្នាំ2022 ម៉ោង 7:24 នាទី ល្ងាច

នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជា បានប្រារព្ធសន្និបាតវិសាមញ្ញគណៈកម្មាធិការកណ្ដាលគណបក្ស នៅវិមាន៧មករា រយ:ពេលពីរថ្ងៃ គឺនៅថ្ងៃទី ១៦-១៧ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តយសគណបក្សប្រជាជនកម្ពុជា សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ សម្ដេចក្រឡាហោម ស ខេង សម្ដេចពិជ័យសេនា ទៀ បាញ់ លោកជំទាវ កិត្តិសង្គហបន្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស រួមទាំងឥស្សរជនឆ្នើមៗរបស់គណបក្សបានចូលរួម ។

នេះជាថ្ងៃទីមួយនៃអង្គសន្និបាត បានធ្វើឡើង ស្របពេលដែលគណបក្សទទួលបានជោគជ័យក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលថ្មីៗកន្លងមកនេះ ។

ថ្លែងបើកសន្និបាត សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានលើកឡើងថា «សន្និបាតនៅពេលនេះ បានបើកទូលាយទាំងគណៈកម្មាធិការកណ្ដាលផង និងមន្ត្រីនៅថ្នាក់មូលដ្ឋានមកចូលរួមជាមួយផងដែរ។ ដោយសារស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ បានរំខានដល់ការជួបជុំរបស់យើង ហើយស្ថានភាពនេះបានធូរស្រាល យើងក៏មានការជួបជុំនៅពេលនេះ»។

សម្ដេចតេជោ បានបញ្ជាក់ថា ការបើកសន្និបាតនាពេលនេះ ក៏ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយស្វែងរកហេតុ និងផល ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កន្លងមក ហើយនឹងពិភាក្សាពីគោលដៅ ដើម្បីបំពេញបន្ថែម ឈានទៅរកការឈ្នះឆ្នោតក្នុងការបោះឆ្នោតតំណារាស្ត្រ នាឆ្នាំ២០២៣ ពេលខាងមុខនេះ។

សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស បានថ្លែងថា លទ្ធផលនៃការអនុវត្តទិសដៅ គោលការណ៍ គោលនយោបាយ សេចក្ដីណែនាំ និងសេចក្ដីសម្រេចចិត្តនានារបស់ថ្នាក់កណ្ដាលបានធ្វើឱ្យតួនាទីដឹកនាំរបស់គណបក្សកាន់តែលេចធ្លោទាំងនៅក្នុង និងក្រៅប្រទេស ហើយជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ បញ្ជាក់ថា ប្រជាជនកម្ពុជា នៅតែត្រូវការតួនាទីរបស់គណបក្សប្រជាជនបន្តទៀតក្នុងការដឹកនាំកម្ពុជា។

«គណបក្សប្រជាជន ជាគណបក្សមួយដែលមានភាពចំណាស់ជាងគេ ចាស់ទុំខាងនយោបាយ មានការគាំទ្រពីប្រជាជន មានរចនាសម្ព័ន្ធចាត់តាំងរឹងមាំ ធនធានមនុស្សប្រកបដោយគុណធម៌ និងសមត្ថភាព សាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ និងមានរបៀបធ្វើការងារត្រឹមត្រូវ ។ នេះជា ប្រសាសន៍របស់សម្ដេចពញាចក្រី លើកឡើងក្នុងអង្គសន្និបាត ។

 

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធាន និងជាអគ្គលេខាបក្ស បានមានប្រសាសន៍ថា ឆ្លងកាត់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បានឆ្លុះបញ្ចាំងពីភាពចាស់ទុំនយោបាយនៃដំណើការប្រជាធិបតេយ្យសេរី ពហុបក្សនៅកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា ជោគជ័យនេះបានបង្ហាញនូវការគាំទ្រដ៏រឹងមាំ និងការផ្ដល់យុត្តិធម៌ពីប្រជាជនដល់គណបក្ស ។

សម្ដេចវិបុលសេនាភក្ដី បានបញ្ជាក់ថា «យើងមិនត្រូវមានមោទនភាពពេកទេ ចំពោះលទ្ធផលបោះឆ្នោតនេះទេ ដោយយើងត្រូវប្រឹងប្រែងពុះពារជម្នះ ហើយបន្តធ្វើសកម្មភាពឥតថមថយប្រកបដោយប្រសិទ្ធភាពទាំងក្នុងការអនុវត្តកម្មវិធីនយោបាយ ទាំងក្នុងការកសាងពង្រឹងគណបក្ស ទាំងការផ្សារភ្ជាប់បម្រើប្រជាជន ហើយព្យាយាមលុបបំបាត់នូវបាតុភាពអសកម្មដែលធ្វើឱ្យប្រជាជនថ្នាំងថ្នាក់ ដើម្បីធានាមូលដ្ឋានដ៏រឹងមាំសម្រាប់ជ័យជម្នះរបស់គណបក្សយើង ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម