ប្រភពពី REUTERS & Bloomberg
ដោយ សូរ្យសែង
ប្រទេសអារ៉ាប៊ី សាអ៊ូឌីត ជាប្រទេសមួយសម្បូរប្រេងនៅមជ្ឈិមបូព៌ា ប៉ុន្តែគេបានទិញប្រេងឥន្ធនៈពីរុស្ស៊ីកើនឡើង ២ ដងក្នុងត្រីមាសទី ២ ដោយតម្លៃថោក ហើយប្រេងឆៅរបស់ខ្លួនឯង ត្រូវនាំចេញទៅលក់នៅក្រៅប្រទេស និងប្រើប្រាស់ប្រេងឆៅដែលបានទិញ ដោយបញ្ចុះតម្លៃដ៏ធំមួយសម្រាប់ផលិតថាមពលក្នុងស្រុក ។ នេះបើតាមសារព័ត៌មាន Reuters ដែលស្របតាមរបាយការណ៍របស់ Bloomberg ដែលបាននិយាយថា ការនាំចេញផលិតផលប្រេងរបស់ទីក្រុងម៉ូស្គូទៅកាន់មជ្ឈិមបូព៌ា បានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ ឆ្នាំកាលពីខែមុន ។
ព័ត៌មានពី REUTERS ថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បាននាំចូលប្រេងឥន្ធនៈពីរុស្ស៊ីចំនួន ៦៤៧.០០០ តោន ពីចន្លោះខែមេសា-មិថុនា កើនឡើងពីកម្រិត ៣២០.០០០ តោនមួយឆ្នាំមុន ។
អារ៉ាប៊ីសាអូឌីត គឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនដែលប្រើប្រាស់ប្រេងឆៅសម្រាប់ផលិតថាមពលអគ្គិសនី ប៉ុន្តែនៅពេលជាមួយគ្នា ពួកគេចាត់វិធានការផ្សេងៗ កាត់បន្ថយការប្រើប្រាស់ តាមរយៈការបង្កើនផលិតឧស្ម័នធម្មជាតិ និងការបំប្លែងរោងចក្រថាមពលទៅជាថាមពលឧស្ម័ន ដើម្បីឲ្យប្រេងឆៅនាំចេញបន្ថែមទៀត ។
ការកាត់បន្ថយតម្លៃនៃការនាំចេញប្រេង និងឥន្ធនៈរបស់រុស្ស៊ី ដោយសារតែការដាក់ទណ្ឌកម្មពីក្រៅ ជាលទ្ធផលប្រេងឥន្ធនៈរបស់រុស្ស៊ីបានក្លាយជាវត្ថុធាតុដើមដែលមានតម្រូវការច្រើនសម្រាប់រោងចក្រថាមពល ជាពិសេសនៅរដូវក្តៅនេះ ដែលជារយៈពេលខ្ពស់បំផុតនៃតម្រូវការអគ្គិសនី ។
ចលនានេះពឹងផ្អែកកាន់តែខ្លាំងឡើងលើប្រេងឥន្ធនៈរុស្ស៊ី ។ វាហាក់ដូចជាប្រធានាធិបតីអាមេរិក ចូ បៃដេន ប្រឈមមុខនឹងបញ្ហាកាន់តែច្រើន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចុះបញ្ចូលអារ៉ាប៊ីសាអូឌីត បានចូលរួមក្នុងផែនការគ្រប់គ្រងតម្លៃប្រេង និងឥន្ធនៈរបស់រុស្ស៊ី ។
របាយការណ៍របស់ Bloomberg បញ្ជាក់ថា ប្រទេសទាំងអស់នៅមជ្ឈិមបូព៌ា បាននាំចូលប្រេងរុស្ស៊ីប្រមាណ ១៥៥.០០០ បារ៉ែលក្នុងខែមិថុនា ដែលជាចំនួនខ្ពស់បំផុត យ៉ាងហោចណាស់ចាប់តាំងពីដើមឆ្នាំ ២០១៦ ។
ទិន្នន័យក៏បានបង្ហាញផងដែរនូវការនាំចូលបានកើនឡើងយ៉ាងឆាប់រហ័សកាលពីខែកុម្ភៈ ពេលវេលាដែលក្រុងម៉ូស្គូបើកប្រតិបត្តិការយោធានៅអ៊ុយក្រែន ដែលលើកទឹកចិត្តដល់រដ្ឋជាសមាជិកសហភាពអឺរ៉ុប និងបណ្តាប្រទេសលោកខាងលិចដទៃទៀត ដាក់ទណ្ឌកម្មលើរុស្ស៊ី ក្នុងនោះរួមមានការនាំចេញឥន្ធនៈផងដែរ ។
ក្រុមអ្នកជំនាញទស្សន៍ទាយថា ការនាំចេញប្រេងរបស់រុស្ស៊ី ទៅកាន់ប្រទេសមជ្ឈិមបូព៌ាក្នុងខែកក្កដា ច្រើនជាងខែមិថុនា គឺប្រមាណ ២២០.០០០ បារ៉ែលក្នុងមួយថ្ងៃ ៕