34 ឆ្នាំ ហេតុការណ៍ 8-8-88 នៅភូមា

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី08 ខែសីហា ឆ្នាំ2022 ម៉ោង 6:21 នាទី ល្ងាច

 

ពីវេបសាយ bbc-thai ដោយ សូរ្យរិទ្ធ៖

ថ្ងៃទី 8 សីហា ជាថ្ងៃគមប្រប់ខួប ៣៤ ឆ្នាំ នៃបាតុកម្មទាមទារប្រជាធិបតេយ្យរបស់និស្សិត និងប្រជាជនភូមា (មីយ៉ាន់ម៉ា) ឬហៅថា ហេតុការណ៍ 8-8-88 (ថ្ងៃទី 8 ខែ 8 ឆ្នាំ 1988) ដែលបញ្ចប់ទៅដោយអំពើហិង្សាប្រើអាវុធបង្រ្កាបហ្វូងបាតុករយ៉ាងធ្ងន់ធ្ងរ រហូតធ្វើឲ្យមានអ្នកបាត់បង់ជីវិតរហូតដល់ ៣.០០០ នាក់ ។

បាតុកម្មទាមទារលទ្ធិប្រជាធិបតេយ្យដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ភូមា ចាប់តាំងពីទទួលឯករាជ្យនៅឆ្នាំ ១៩៤៨ បានចាប់ផ្តើមឡើងពីនិស្សិត ប្រជាជន និងព្រះសង្ឃ រាប់លាននាក់ ក្នុងនោះក៏មានលោកស្រី អ៊ុង សានស៊ូឃ្យី ផងដែរ ងើបឈរតវ៉ាដោយសន្តិវិធីនៅក្នុងទីក្រុងយ៉ាំងហ្គូន ដើម្បីអំពាវនាវឲ្យបញ្ឈប់របបផ្តាច់ការ ក្រោមការគ្រប់គ្រងរបស់ឧត្តមសេនីយ៍ នេវីន ។

អ្នកទាំងនោះត្រូវគេឲ្យរហ្សនាមថា «មនុស្សជំនាន់ 88» មានតួនាទីជាសកម្មជននយោបាយទាមទារប្រជាធិបតេយ្យ រហូតអស់ពេល ៣០ ឆ្នាំ ខណៈដែលកងទ័ពភូមានៅតែគ្រប់គ្រងអំណាច រួមទាំងការធ្វើរដ្ឋប្រហារកាលនៅថ្ងៃទី ១ កុម្ភៈ ឆ្នាំ ២០២១ បណ្តាលឲ្យអ្នកតស៊ូទាំងនោះ ត្រូវចាប់ខ្លួន និងខ្លះត្រូវប្រហារជីវិត ។

អ្នកដឹកនាំតស៊ូមាន ៤ រូប គឺ

១. លោកស្រី អ៊ុង សានស៊ូឃ្យី

បច្ចុប្បន្នមានអាយុ ៧៧ ឆ្នាំ ត្រូវជាប់ឃុំ ១១ ឆ្នាំជាមួយរឿងក្តីចោទប្រកាន់ផ្សេងៗ ក្រោយរដ្ឋប្រហារយោធា ។

២. លោក ក ជិម្មី

អាយុ ៥៣ ឆ្នាំ ជាអ្នកតស៊ូយ៉ាងស្វិតស្វាញក្នុង«ក្រុមនិស្សិតជំនាន់ 88» ជាមួយភរិយារបស់គាត់ ។ គាត់ត្រូវជាប់ពន្ធនាគារជាច្រើនលើក ដោយសារលូកដៃក្នុងកម្មជននយោបាយ និងទទួលបានការដោះលែងនៅឆ្នាំ ២០១២ ។ ប៉ុន្តែបន្ទាប់មក នៅខែតុលា ឆ្នាំ ២០២១ ប្រហែលប្រាំពីរខែបន្ទាប់ពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ គាត់ត្រូវបានចាប់ខ្លួនពីបទលាក់អាវុធ និងគ្រាប់រំសេវនៅឯផ្ទះល្វែងក្នុងទីក្រុងយ៉ាំងហ្គូន និងជា «ទីប្រឹក្សា» របស់រដ្ឋាភិបាលរួបរួមជាតិ គាត់ក៏ត្រូវបានចោទប្រកាន់ពីបទភេរវកម្មផងដែរ ។ ខែមករា ២០២២ លោក ក ជិម្មី និងអ្នកសកម្មជននយោបាយ ៣ នាក់ទៀតត្រូវប្រហារជីវិត ។

៣. លោក មិន កូ ណាយ

ក្រោយហេតុការណ៍ 8-8-88 មិន កូ ណាយ មានឈ្មោះពិតថា ផ អ៊ូតាន់ ត្រូវជាប់ពន្ធនាគារ ១៦ ឆ្នាំក្រោយមានសេរីភាពនៅឆ្នាំ ២០០៤ ក៏ត្រឡប់ទៅធ្វើជាសកម្មជននយោបាយមួយសាទៀត ទីបំផុតនៅឆ្នាំ ២០១២ ក៏ត្រូវជាប់ពន្ធនាគារម្តងទៀត ។ តាមកាសែត ញូវយ៉ក ថែមស៍ ថាគាត់ជាសកម្មជននយោបាយលំដាប់ទី ២ បន្ទាប់ពីលោកស្រី អ៊ុង សានស៊ូឃ្យី ។ បច្ចុប្បន្នគេមិនដឹងថា គាត់នៅទីណាទេ ។

៤. លោក កូ កូ ជី

ជាសកម្មជនជំនាន់ 88 ដូចគ្នា គាត់ប្រើជីវិតនៅក្នុងពន្ធនាគារអស់ ២០ ឆ្នាំ ។ ក្រោយមានសេរីភាពវិញ ក៏ត្រឡប់មកធ្វើនយោបាយវិញ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម