ជម្រើសរបស់ស្រីលង្កា គឺងាករកចិន ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច!

សេដ្ឋកិច្ចថ្ងៃពុធ ទី17 ខែសីហា ឆ្នាំ2022 ម៉ោង 6:22 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ ៖

នាវាស្រាវជ្រាវកងទ័ពជើងទឹកចិនបានចូលចតនៅកំពង់ផែហាំបានតូតា (Hambantota) ភាគខាងត្បូងប្រទេសស្រីលង្កា កាលពីថ្ងៃអង្គារ ទី ១៦ ខែសីហា ឆ្នាំ ២០២២ ។ កំពង់ផែនេះសាងសង់ដោយក្រុមហ៊ុនចិន និងស្រីលង្កា តែត្រូវកាត់កងបំណុល ដោយជួលឱ្យប្រទេសចិនរយៈពេល ៩៩ ឆ្នាំ ។

ទីភ្នាក់ងារព័ត៌មាន Reuters និង AFP បានរាយការណ៍ថា នាវារុករក និងស្រាវជ្រាវរបស់កងទ័ពជើងទឹកចិន Yuan Wang 5 បានចូលចតនៅកំពង់ផែសមុទ្រជ្រៅ ហាំបានតូតា ។ កំពង់ផែនេះត្រូវបានសាងសង់ដោយក្រុមហ៊ុនចិន តែរដ្ឋាភិបាល​ស្រីលង្កា​គ្មាន​លុយ​បង់​ថ្លៃ​សាងសង់​នោះ​ទេ ដូច្នេះមានតែជួលទៅឲ្យប្រទេសចិនជាមួយកិច្ចសន្យា 99 ឆ្នាំ ស្របពេលដែលមានការព្រួយបារម្ភពីឥណ្ឌា និងសហរដ្ឋអាមេរិកដែលថា ចិននឹងប្រើប្រាស់នាវានេះដើម្បីឈ្លបយកការណ៍ និង​ ពង្រីកឥទ្ធិពលរបស់ចិននៅក្នុងតំបន់ ។

ការចូលចតរបស់នាវាកងទ័ពជើងទឹកចិនក្នុងប្រទេសស្រីលង្កា បានបញ្ឆេះភ្លើងជម្លោះឥណ្ឌា-ចិន ដែលប្រទេសទាំងពីរគឺជាសម្ព័ន្ធមិត្តដ៏សំខាន់ដែលស្រីលង្កាត្រូវការជំនួយ ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចកំពុងកើតមាននាពេលនេះ ។ ឥណ្ឌា​បារម្ភ​ថា ចិន​នឹង​ប្រើ​កំពង់ផែ​ក្បែរ​ផ្លូវ​ដឹកជញ្ជូន​សំខាន់​រវាង​អាស៊ី និង​អឺរ៉ុប ប្រើជាមូលដ្ឋានទ័ពជើងទឹករបស់ចិនដែរ ។

នាវាកងទ័ពជើងទឹកចិន ដើមឡើយគ្រោងនឹងមកដល់ប្រទេសស្រីលង្កាកាលពីសប្តាហ៍មុន ប៉ុន្តែ​ប្រទេស​ស្រីលង្កា​បាន​ស្នើ​ឲ្យ​ចិន​ពន្យារពេល​ដំណើរ​ទស្សនកិច្ច​របស់​នាវានេះ ព្រោះ​ឥណ្ឌា​ប្តឹង​ជំទាស់ ឥណ្ឌា​និង​អាមេរិក​បារម្ភ​ពី​សកម្មភាព​របស់​ចិន​ក្នុង​តំបន់ ។

អ្នកវិភាគសន្តិសុខអន្តរជាតិនិយាយថា យាន Yuan Wang 5 គឺជានាវាមួយក្នុងចំណោមនាវាតាមដានលំហអាកាសយោធាចុងក្រោយបង្អស់របស់ប្រទេសចិន ប្រើដើម្បីតាមដានផ្កាយរណប ការបាញ់រ៉ុក្កែត និងកាំជ្រួចអន្តរទ្វីប ខណៈពេលដែលប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍ ចិន​ក៏​បាន​ប្រើ​នាវានេះ​សម្រាប់​ឃ្លាំមើល​ដែរ ។ ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​បញ្ជាក់​ដូច្នេះថា Yuan Wang 5 ជា​នាវា​ប្រើ​ក្នុង​ប្រតិបត្តិការ​របស់​អង្គភាព​ជំនួយ​យុទ្ធសាស្ត្រ​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន ។

សម្រាប់កំពង់ផែនេះ ជាកំពង់ផែដំណើរការដោយក្រុមហ៊ុនចិនតាំងពីឆ្នាំ 2017 ជាមួយនឹងកិច្ចសន្យាជួលរយៈពេល 99 ឆ្នាំ ដែលមានតម្លៃ 1,120 លានដុល្លារអាមេរិក នេះគឺដោយសាររដ្ឋាភិបាលស្រីលង្កាគ្មានថវិកាទូទាត់ចំនួន 1.4 ពាន់​លានដុល្លារអាមេរិកសម្រាប់ការសាងសង់កំពង់ផែ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម