អាត់​​ ៤ នឹងប៉ះគ្នានៅ G-20 ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី21 ខែសីហា ឆ្នាំ2022 ម៉ោង 1:38 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

លោក ចូកូ វីដូដូ ជាអ្នកចែកសន្លឹកបៀក្នុងវង់ហ្គេម G-20 ហើយចែកឲ្យអាត់ ៤ ប៉ះគ្នា ថាតើលទ្ធផលនឹងទទួលបានយ៉ាងណា អ្នកណាទីវ អ្នកណាមិនទីវ ?

ប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ ក្នុងឋានៈជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលមេដឹកនាំក្រុម G20 នៅកោះបាលី នាខែវិច្ឆិកា ឆ្នាំ ២០២២ ឲ្យដឹងថា លោក ពូទីន លោក ហ្ស៊ី ជិនពីង លោក ចូ បៃដេន និងលោក សេលនស្គី នឹងមកចូលរួមកិច្ចប្រជុំនេះ ។ នេះបើតាមការចេញផ្សាយរបស់កាសែត Bloomberg នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២២ ។

វត្តមាន​របស់​លោក ហ្ស៊ី ជិនពីង ប្រធានាធិបតីចិន និង​លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ក្នុង​ជំនួប​នោះ​ នឹង​ជំរុញ​ឲ្យ​មាន​ការ​ប្រឈមមុខ​ដាក់​គ្នា​ជាមួយ​ប្រធានាធិបតី​អាមេរិក ចូ បៃដេន និងមេដឹកនាំប្រជាធិបតេយ្យផ្សេងទៀត ទាំង​អស់​នេះ​គ្រោង​នឹង​ជួប​ផ្ទាល់​ជា​លើក​ដំបូង​ ចាប់​តាំង​ពី​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន ។

អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា «យើងត្រៀមខ្លួនជាស្រេចដើម្បីបង្កើនការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសឥណ្ឌូនេស៊ី ដើម្បីធានាថាកិច្ចប្រជុំកំពូលទទួលបានជោគជ័យពេញលេញ» ។

លោក ពូទីន និង ចូកូ បានពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូល G-20 នៅកោះបាលី តាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ ទី ១៨ ខែសីហា ។ លោក ពូទីន បាននិយាយថា លោកមិនបានបញ្ជាក់ថាតើមេដឹកនាំរុស្ស៊ីនឹងចូលរួមដែរឬទេ ។ ការចូលរួមរបស់ ពូទីន អាចនាំឱ្យគាត់ប្រឈមមុខនឹងប្រធានាធិបតីអ៊ុយក្រែន សេលេនស្គី នេះជាលើកទីមួយហើយ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ខណៈដែលប្រធានាធិបតីអ៊ុយក្រែន ក៏គ្រោងនឹងទៅនៅកោះបាលីផងដែរ ។

ចូ បៃដេន បានអំពាវនាវឲ្យរុស្ស៊ីដកចេញពី G-20 ក្រោយពីចូលរុករានប្រទេសអ៊ុយក្រែន ហើយមុននេះ មន្ត្រីសហរដ្ឋអាមេរិកបានរុញផ្ទប់ឥណ្ឌូនេស៊ី កុំឲ្យរុស្ស៊ីចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ។

ភាពតានតឹងរវាងអាមេរិក និងចិន ក៏មានការកើនឡើងផងដែរ ទោះបីជា បៃដេន និង ហ្ស៊ី មិនបានជួបនៅលើវេទិកាក៏ដោយ តែជំនួប​ទល់​មុខ​គ្នា​នឹង​ត្រូវ​ធ្វើ​នៅ​ក្រៅ​កិច្ចប្រជុំកំពូល ។ ចិនបាន​បញ្ចប់​ការ​ចរចា​ជាមួយ​អាមេរិក អំពីវិស័យការពារជាតិ និងវិស័យផ្សេងៗទៀត បន្ទាប់ពីប្រធានសភាអាមេរិកលោកស្រី ណេនស៊ី ផេឡូស៊ី ធ្វើទស្សនកិច្ចនៅតៃវ៉ាន់ ។ សេតវិមានបានរិះគន់ការធ្វើសមយុទ្ធយោធារបស់ទីក្រុងប៉េកាំងជុំវិញកោះនេះផងដែរ ។

ប្រធានាធិបតី​ឥណ្ឌូនេស៊ី​វ័យ ៦១​ឆ្នាំ ​បាន​និយាយ​ក្នុង​បទសម្ភាសន៍​មួយថា «ការប្រកួតប្រជែងរបស់ប្រទេសធំៗពិតជាគួរឱ្យព្រួយបារម្ភ ហើយអ្វីដែលយើងត្រូវការសម្រាប់តំបន់នេះ គឺស្ថិរភាព និងសន្តិភាព ដូច្នេះយើងអាចបង្កើតកំណើនសេដ្ឋកិច្ច ហើយ​ខ្ញុំ​គិត​ថា វា​មិន​មែន​មាន​តែ​ប្រទេស​ឥណ្ឌូនេស៊ី​ទេ ប្រទេស​អាស៊ី​ក៏​ចង់​បាន​ដូច​គ្នា​ដែរ»។

ក្រសួងការបរទេសឥណ្ឌូនេស៊ីបាននិយាយទៅកាន់ពិភពលោកថា «ត្រូវការសតិបញ្ញា និងការទទួលខុសត្រូវ ដើម្បីរក្សាសន្តិភាព និងស្ថិរភាព» ដោយសង្កត់ធ្ងន់ថា ខ្លួនគោរពគោលនយោបាយចិនតែមួយ ដូចដែលបានបង្ហាញដោយប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ។

ឥណ្ឌូណេស៊ី ឈរជើងក្នុងល្បែងនយោបាយអន្តរជាតិ

ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ការវិនិយោគរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសឥណ្ឌូនេស៊ី តិចជាងមួយភាគបួននៃទឹកប្រាក់ចំនួន ៤០ ពាន់លានដុល្លារដែលវិនិយោគដោយប្រទេសចិន និងហុងកុង ។ ក្រុមហ៊ុនចិនកំពុងវិនិយោគលើការសាងសង់ផ្លូវហាយវ៉េ និងផ្លូវរថភ្លើងល្បឿនលឿន និងបានវិនិយោគប្រាក់ដើម្បីបង្កើតរោងចក្រកែច្នៃទំនិញឧបភោគ បរិភោគ ។ រីឯរុស្ស៊ីក៏បានវិនិយោគតិចតួចក៏ដោយ ប៉ុន្តែក្រុមហ៊ុនថាមពលរដ្ឋរបស់ឥណ្ឌូនេស៊ី Pertamina ក៏កំពុងសហការគ្នាជាមួយក្រុមហ៊ុនថាមពលរុស្ស៊ី Rosneft ដើម្បីសាងសង់រោងចក្រចម្រាញ់ប្រេងដែលមានទឹកប្រាក់ ១៣,៥ ពាន់លានដុល្លារផងដែរ ។

«​ប្រទេស​ឥណ្ឌូនេស៊ី​ចង់​ធ្វើ​ជា​មិត្ត​ជាមួយ​អ្នក​រាល់​គ្នា​​ យើង​មិន​មាន​បញ្ហា​ជាមួយ​ប្រទេស​ណា​មួយ​ទេ។ ប្រទេសនីមួយៗមានវិធីសាស្រ្តរៀងខ្លួន ប៉ុន្តែអ្វីដែលឥណ្ឌូនេស៊ីត្រូវការគឺការវិនិយោគបច្ចេកវិទ្យាដែលនឹងផ្លាស់ប្តូរសង្គម» ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម