ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យឥន្ទ្រវិជ្ជាជិត ២ ពាន់នាក់

ព័ត៌មានសង្គមថ្ងៃពុធ ទី07 ខែកញ្ញា ឆ្នាំ2022 ម៉ោង 9:23 នាទី ព្រឹក

អត្ថបទ ល. សូរ្យរិទ្ធ៖

នៅព្រឹកថ្ងៃច័ន្ទ ទី០៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពល​ខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាគណៈអធិបតី និងប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីនៃសាកលវិទ្យាឥន្ទ្រវិជ្ជាចំនួន ១.៨២០ រូប នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬ សាលាតិចណូ ។

របាយការណ៍របស់សាកលវិទ្យាល័យ ដែលអានដោយសាស្ត្រាចារ្យ បណ្ឌិត ឡាច សំរោង សកលវិទ្យាធិការ នៃសកលវិទ្យា​ល័យ​ឥន្ទ្រវិជ្ជា មានអត្ថន័យថា សកលវិទ្យាល័យទទួលស្គាល់នៃការប្តូរឈ្មោះជាផ្លូវការពីថ្ងៃទី ២ ខែមីនា ឆ្នាំ ២០១៨ ពី«សកលវិទ្យាល័យចម្រើនពហុបច្ចេកវិទ្យា» មកជា «សកលវិទ្យាល័យឥន្ទ្រវិជ្ជា (University Indravichea)» ។ បច្ចុប្បន្នសកលវិទ្យាល័យមាន ៤ ទីតាំង ទីតាំងខេត្តសៀមរាប បាត់ដំបង កំពត និង រាជធានីភ្នំពេញ សម្រាប់បង្រៀនផ្តល់ឱកាសឥស្សរជនជាន់ខ្ពស់ កងកម្លាំងប្រដាប់អាវុធ គ្រប់កម្រិត និងថ្នាក់រៀបរយ រួមទាំងមន្ត្រីរាជការ តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ហើយមានសាស្ត្រាចារ្យ និងបុគ្គលិកសរុបចំនួន ១៦០ រូប ។

បណ្ឌិត ឡាច សំរោង បានឲ្យដឹងថា និស្សិតជ័យលាភីថ្ងៃនេះ មានចំនួន ១.៨២០ អង្គ/នាក់ ស្រី ៣០៦ នាក់ រួមមាន ថ្នាក់បណ្ឌិតកិត្តិយស ថ្នាក់បណ្ឌិតស្រាវជ្រាវ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ដែលបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ និងឆ្នាំសិក្សា២០២០-២០២១ ក្នុងនោះ ក៏មាននិស្សិតអាហារូបករណ៍របស់សម្តេចអគ្កមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងអាហារូបករណ៍ដល់និស្សិតក្រីក្រ មាន ១០០%, ៧០%, ៥០% ផងដែរ  ។

សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាគ្រឹះស្ថានសិក្សាមួយ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ស្របតាមគោលនយោបាយ និងចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។ សាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង បានលើកឡើងថា សាកលវិទ្យាល័យឥន្ទ្រវិជ្ជា បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបណ្តុះបណ្តាលធនធានបញ្ញាជន ក្នុងបរិបទនៃសង្គមពុទ្ធិ ក្នុងនោះបានអនុវត្តតាមផែនការយុទ្ធសាស្ត្រក្នុងគោលដៅចូលរួមអនុវត្តតាមគោលនយោបាយ និងផែនការជាយុទ្ធសាស្ត្រវិស័យអប់រំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដ៏ឆ្នើមបំផុត ។

ឱកាសនោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យើងត្រូវសិក្សាស្រាវជ្រាវរហូត មិនអាចនៅនឹងថ្កល់បានទេ ការសិក្សាកាលពីសតវត្សទី ២០ វាផ្សេង តែនៅសតវត្សទី​២១ ក៏វាប្រែប្រួលផ្នត់គំនិត ត្រូវការសិក្សា Update បន្ថែមដើម្បីអាចប្រកួតប្រជែងជាមួយគេ ទាមទារឲ្យយើងធ្វើទំនើបកម្មក្នុងវិធីសាស្ត្រក្នុងដឹកនាំ ទាំងខ្លួនឯង ទាំងស្ថាប័នរដ្ឋ និងឯកជន ទាមទារឲ្យការវាយតម្លៃ និងការអនុវត្តមានចិរភាព ទើបយើងដើរទាន់គេ បើយើងប្រើវិធីសាស្ត្រ ឆ្នាំ ៨០ យើងមិនដើរទាន់សតវត្សទី ២១ នេះទេ, បើប្រើឯកសាររៀនតាំងពីឆ្នាំ ១៩៩០ សាលាមិនអាចទាន់គេដែរ សាស្ត្រាចារ្យមិនមានការស្រាវជ្រាវឲ្យទំនើបកម្មឯកសារ សូម្បីតែទ្រឹស្តីគ្រប់គ្រងក៏វាប្រែប្រួលរហូតដែរ អត់មានពីណានៅនឹងថ្កល់ទេ ដូច្នេះត្រូវការសិក្សាស្រាវជ្រាវនូវអ្វីថ្មីៗ ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអបអរជាមួយនឹងនិស្សិតទាំងអស់ ពិសេសនិស្សិតថ្នាក់បណ្ឌិតខ្លះមានចៅទៅហើយ... ប្រសាសន៍ត្រង់នេះឯកឧត្តមចង់មានន័យថា វ័យចំណាស់ណាក៏ដោយ ក៏អាចនៅតែរៀនបាន ក៏នៅតែសិក្សាស្រាវជ្រាវនូវអ្វីថ្មីដើម្បីដើរទាន់គេផងដែរ ។

ឯកឧត្តម បណ្ឌិត បានជំរុញថា ត្រូវពង្រឹងគុណភាពពីថ្នាក់បឋម ដល់ថ្នាក់ទី ១២ ព្រោះជាមូលដ្ឋានគ្រឹះ «ដំដែកទាន់នៅក្តៅ = អប់រំមនុស្សទាន់នៅក្មេង», ធនធានមនុស្សមួយ គឺត្រូវមានសមត្ថភាព សុខភាព គុណភាព គុណធម៌ សុជីវធម៌ ការទទួលខុសត្រូវ ។

ឯកឧត្តមមានប្រសាសន៍ថា ការអប់រំមនុស្ស រៀនមានកត្តា ៣ ដែលជាឥទ្ធិពលរបស់មនុស្ស៖ «ទី១ គ្រួសារ ឪពុកម្តាយ ណែនាំប្រៀនប្រដៅ, ទី២ សាលា មានគ្រូ សាស្ត្រាចារ្យ, ទី៣ បរិយាកាសជុំវិញ មិត្តភក្តិ តែពីរចំណុចដំបូងសំខាន់ជាងគេ...» ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម