ការស្តារប្រទេស និងសេដ្ឋកិច្ចអ៊ុយក្រែនពីសង្គ្រាមអាចមានចំនួន  ៣៤៩.០០០ លានដុល្លារសហរដ្ឋអាមេរិក

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី13 ខែកញ្ញា ឆ្នាំ2022 ម៉ោង 11:12 នាទី ព្រឹក

អត្ថបទ សូរ្យរិទ្ធ៖

ទីភ្នាក់ងារព័ត)មាន AFP ផ្សាយឲ្យដឹងថា សហគមន៍អឺរ៉ុប(EU) និងធនាគារពិភពលោក (World Bank) បានប៉ាន់ប្រមាណកាលពីថ្ងៃទី ៩ កញ្ញា ២០២២ ថា ការស្តារប្រទេសអ៊ុយក្រែនឡើងវិញ អាចមានដល់ ៣៤៩.០០០ លានដុល្លារសហរដ្ឋអាមេរិក ។

តួលេខនេះសមាមាត្រ ១,៥ ដងនៃទំហំសេដ្ឋកិច្ចអ៊ុយក្រែន តែនេះវាគ្រាន់តែជាការវាយតម្លៃ «កម្រិតទាប» ហើយទំនងជា «បន្ត» បន្ថែមទៀត នៅពេលដែលសង្រ្គាមអូសបន្លាយជាច្រើនខែ ទំនងជាមិនបញ្ចប់។

របាយការណ៍​បញ្ជាក់​ថា​ ដោយឡែក ​ការ​ខូច​ខាត​ខាង physical damage ​ប៉ុណ្ណោះ ចាប់តាំងពីសង្រ្គាមរុស្ស៊ីបានចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកុម្ភៈ និងបន្តរហូតដល់ថ្ងៃទី ១ ខែមិថុនា វាបានឈានដល់ 97 ពាន់លានដុល្លារទៅហើយ ។

«សង្គ្រាម​​អ៊ុយក្រែនបង្ក​ដោយ​រុស្ស៊ី​បាន​ធ្វើ​ឲ្យ​ខាត​បង់​យ៉ាង​ខ្លាំង ទាំងអ្នករងរបួស មនុស្សរាប់លាននាក់ត្រូវជម្លៀស រួមទាំងអគារ អាជីវកម្ម ស្ថាប័នសង្គម ហើយសកម្មភាពសេដ្ឋកិច្ចត្រូវបានបំផ្លាញ ។ Anna Bjerde អនុប្រធានធនាគារពិភពលោកសម្រាប់អឺរ៉ុប និងអាស៊ីកណ្តាល និយាយ ។

របាយការណ៍​នេះ​ប៉ាន់​ប្រមាណ​ថា​ អ៊ុយក្រែនត្រូវចំណាយ ១០៥ ពាន់លានដុល្លារក្នុងរយៈពេល ៣៦ ខែខាងមុខ  ដើម្បីបំពេញតម្រូវការជាបន្ទាន់ ដូចជាការស្តារប្រព័ន្ធអប់រំឡើងវិញ ប្រព័ន្ធសុខភាពសាធារណៈ និងឧបករណ៍ប្រើប្រាស់ជាមូលដ្ឋាន រួមទាំងការរៀបចំសម្រាប់រដូវរងារដោយការជួសជុលប្រព័ន្ធចែកចាយអគ្គិសនី និងថាមពលកម្តៅសម្រាប់គ្រួសារ វិស័យកសិកម្ម និងធ្វើឱ្យផ្លូវដឹកជញ្ជូនសំខាន់ៗរស់ឡើងវិញ ។

«ដំណាក់កាលដំបូង នៃការស្តារជាបន្ទាន់ ត្រូវប្រើថវិកាប្រមាណ ១៧.០០០ លានដុល្លារសហរដ្ឋអាមេរិក ហើយអ៊ុយក្រែនខ្លួនឯង ចាំបាច់ត្រូវរកឲ្យបាន ៣.៤០០ លានដុល្លារក្នុងឆ្នាំនេះ» ពីព្រោះបណ្តាប្រទេសសម្ព័ន្ធមិត្តបានចាក់បញ្ចូលថវិកា និងជំនួយជាបណ្តើរៗដល់អ៊ុយក្រែន ជាពិសេស G7 និងសហភាពអឺរ៉ុប (EU) បានប្រកាសផ្តល់ជំនួយចំនួន 39 ពាន់លានដុល្លាររួចហើយ ។

ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leienne បាននិយាយថា EU បានគៀងគរជំនួយបានចំនួន ១០.០០០ លានអឺរ៉ូ ទាំងផ្នែកហិរញ្ញវត្ថុ ជំនួយមនុស្សធម៌ ដែលជាការឆ្លើយតបបន្ទាន់ និងជំនួយយោធាដល់អ៊ុយក្រែន ហើយ​ត្រៀម​ដាក់​បញ្ចូល​ប្រាក់ ៥.០០០ ​លាន​អឺរ៉ូ​ទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ» ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម