សោកនាដកម្មដ៏ខ្លោចផ្សា! មេរៀនរបស់យើង! (Clip)

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី15 ខែតុលា ឆ្នាំ2022 ម៉ោង 8:45 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

ទោះរយឆ្នាំ ក៏យើងនៅចងចាំនូវសោកនាដកម្មដ៏រន្ធត់ នៃព្រឹត្តិការណ៍លិចទូកចម្លងសិស្ស នៅឃុំកោះចម្រើន ស្រុកលើកដែក ខេត្តកណ្តាល ក្បែរស្ពានអ្នកលឿង កាលបីថ្ងៃទី ១៤ តុលា ឆ្នាំ ២០២២ ។

សិស្សត្រូវបាត់បង់ជីវិត ១១ នាក់ សម្រែកទ្រហោរយំនៅច្រាំងទន្លេរបស់ឪពុកម្តាយ អាណាព្យាបាល គួរឲ្យអាណោចអាធម្មណាស់ អង្គុយផង សំពះផង រង់ចាំទទួលកូនក្រែងបានរស់រានមានជីវិត តែអនិច្ចា! មួយយប់ទល់ភ្លឺ មួយថ្ងៃទល់យប់ ខ្លះមិនទាន់បានរកឃើញ ពិតជាក្តុកក្តួល ទប់ទឹកភ្នែកមិនបានឡើយ ។

តាមកុមាររួចផុតពីការស្លាប់ មានក្មួយ ហេង ហ៊ុយ អ្នករួចជីវិតទី ២ បានរៀបរាប់ថា ៖ «មុនដំបូងទឹកសាចចូលផ្នែកខាងមុខ តែទូកនៅតែបន្តទៅមុខហាក់រាងលឿនមិនបង្អង់ អ្នកបើកបានឲ្យកុមារថយមកក្រោយខ្លះ តែទឹកកាន់តែចូលច្រើន ធ្វឲ្យក្មេងៗចាប់ផ្តើមភ័យស្លន់ស្លោ ឆេ្លឆ្លា ទូកក៏ចាប់ក្រឡាប់ និងសំពះសុំសម្តេចតេជោ ជួយធ្វើស្ពាន កុំឲ្យមានហេតុការណ៍ដូច្នេះ ភ័យរាល់ថ្ងៃ» ។

ក្មួយស្រី ម៉ារីណា អាយុ ១៣ ឆ្នាំបានរួចផុតពីការលង់ទឹក បានប្រាប់ស្រដៀងគ្នានឹងក្មួយ ហ៊ុយ ដែរ តែក្មួយថា ទូកនោះចាស់ ខូច ៣ - ៤ ដងមកហើយ ។

លោកគ្រូម្នាក់ត្រូវជាឪពុកក្មួយ ហ៊ុយ បាននិយាយថា «ទឹកកន្លែងលិចមានជម្រៅប្រហែល ២ ថ្នោលប្ញស្សី ពួកគេទាំងនោះភាគច្រើនជាសិស្សរៀនពូកែ រៀងរាល់ថ្ងៃគាត់តែងបន់ស្រន់ឲ្យកុមារជាសិស្សជួបតែសេចក្តីសុខ គេចផុតពីគ្រោះ» ។ បានន័យថា ក្នុងដួងចិត្តរបស់ឪពុកម្តាយរាល់រូប តែងមានការបារម្ភនៅពេលកូនឆ្លងទៅរៀនរាល់ថ្ងៃ ។

គួរបន្ទោសអ្នកណា?

វាជាគ្រោះចៃដន្យមួយ ដែលមិនធ្លាប់កើតមានរាប់សិបឆ្នាំមកហើយ ភូមិកោះចម្រើននេះគេមិនដែលជូបហេតុការណ៍អាក្រក់បែបនេះម្តងណាឡើយ ។ អ្នកបើកទូកមាន ២ នាក់ ម្នាក់ជា«ព្រូ» តាមព័ត៌មានថា ពួកគេបានជួយក្មេងៗទាំងនោះដែរ តែជួយមិនបាន ដោយសារក្មេងច្រើននាក់ពេក និងទឹកជ្រៅផង ។ តាមព័ត៌មានថា សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកទូកម្នាក់ ដែលហាក់ចោទថា បើកទូកលឿន តែកន្លងមកគេបើកមិនដែលមានបញ្ហា ថ្ងៃនោះជាថ្ងៃស៊យរបស់គេ ស៊យខ្លាំងណាស់ ធ្វេសប្រហែសតែបន្តិច មច្ចុរាជបានផ្តាច់ជីវិតកុមារ ១១ នាក់ រួចជីវិត ៤ នាក់ ។

សមត្ថកិច្ចខេត្តកណ្តាលបានខ្នះខ្នែងសម្បើមណាស់ ដើម្បីជួយជីវិតកុមារ តែត្រឹមតែបានស្រង់យកសាកសពចេញពីបាតទឹកតែប៉ុណ្ណោះ ព្រោះមួយប់ទៅហើយ ។

នេះជាមេរៀនមួយត្រូវចងចាំនៅទូទាំងប្រទេសដែលមានកន្លែងឆ្លងទូកដរ និងត្រូវគិតអំពីអ្វីដែលអាចកើតឡើង ក្នុងមួយប៉ប្រិចភ្នែក មិនទៀង ។ មេរៀនគឺ ម្ចាស់ទូកត្រូវពិនិត្យរៀងរាល់ថ្ងៃ និង មិនគួរឲ្យទូកប្រើការយូរឆ្នាំនោះទេ ហើយគួរមានការដេញថ្លៃទូកដរឲ្យបានត្រឹមត្រូវ, រៀងរាល់ពេលចម្លង ត្រូវមានទូកលឿន ឬ អូប័រ ត្រៀមជានិច្ច, ត្រូវពង្រឹងអ្នកបើកទូក ឲ្យចេះស្រឡាញ់ជិវិតមនុស្ស និងត្រូវរកអ្នកចាស់ចិត្ត ចាស់គំនិត មិនឆេវឆាវ និងចេះស្តាប់ការណែនាំ... ។

សារព័ត៌មាន «មតិអ្នក» មានតែឧទ្ទិសវិញ្ញាណក្ខន្ធក្មួយៗដែលបាត់បង់ជីវិត សូមទៅកាន់បរលោក ហើយបើមានជាតិក្រោយសូមកុំឲ្យជួបហេតុការណ៍ដូច្នេះទៀត ! សូមចូលរួមរំលែកទុក្ខជាមួយឪពុកម្តាយ អាណាព្យាបាល និងក្រុមគ្រួសារដែលបានបាត់បង់កូន ចៅ ជាទីស្រឡាញ់របស់ខ្លួន គ្មានថ្ងៃវិលវិញ ៕

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម