«ខ្ញុំសុខចិត្តជាប់គុក ចៀសជាងកេណ្ឌឲ្យចូលទាហាន ទៅប្រយុទ្ធជាមួយអ៊ុយក្រែន!»

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី25 ខែតុលា ឆ្នាំ2022 ម៉ោង 1:27 នាទី ល្ងាច

 ដោយ សូរ្យរិទ្ធ៖

វីដេអូដែល BBC បានបង្ហាញឲ្យឃើញការិយាល័យយោធាក្នុងទីក្រុងប៉ុតប៉ូរ៉ាស៊ី នៃប្រទេសរុស្ស៊ី ដែលនៅឆ្ងាយពីទីក្រុងម៉ូស្គូចម្ងាយជាង ៨០០ គីឡូម៉ែត្រ កំពុងកេណ្ឌមនុស្សចូលធ្វើទាហាន ដើម្បីទៅប្រយុទ្ធជាមួយអ៊ុយក្រែន។

មីខាអ៊ីល បុរសរស់នៅទីក្រុងខាងលើបានបដិសេធថា ៖ «...ប្រសិនបើប្រទេសដទៃព្យាយាម មកដណ្តើមប្រទេសកំណើតរបស់យើង ឬចូលទន្រ្ទានរុស្ស៊ី ខ្ញុំមិនបង្អែរបង្អង់ឡើយ នឹងស្ម័គ្រចូលរូមប្រយុទ្ធភ្លាម ដោយមិនចាំបាច់កេណ្ឌទាហានឡើយ តែក្នុងករណីនេះ ខ្ញុំជឿថា គ្មានគ្រោះថ្នាក់ចំពោះផែនដីកំណើតរបស់ខ្ញុំទេ!» ។

មន្ត្រី​ម្នាក់និយាយថា ៖ «ប៉ុន្តែមាតុភូមិរបស់យើងកំពុងធ្លាក់ក្នុងគ្រោះថ្នាក់» ។ លោក មីខាអ៊ីល តបវិញ៖ «មាតុភូមិរបស់ខ្ញុំមិនបានគ្រោះថ្នាក់មុនថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ ២០២២ ឡើយ» ។

មីខាអ៊ីល អាយុ ៣៤ ឆ្នាំ ជាជាងមេកានិក សូម្បី​តែ​ក្នុង​ពេល​កន្លង​មក រុស្ស៊ី​កាន់​តែផ្តាច់ការ ដែលសិទ្ធិស៊ីវិល និងសកម្មជនសិទ្ធិមនុស្សត្រូវបានគាបសង្កត់យ៉ាងទូលំទូលាយក៏ដោយ ប៉ុន្តែលោកបាននិយាយថា រដ្ឋធម្មនុញ្ញរុស្ស៊ីបានផ្តល់ ឱ្យគាត់នូវសិទ្ធិក្នុងការជំទាស់នឹងការបម្រើយោធា ហើយ​គាត់​បាន​បដិសេធ​មិន​កាន់​អាវុធ​ទៅ​ប្រយុទ្ធ​នៅ​អ៊ុយក្រែនឡើយ ។ «ពេលដែលខ្ញុំឈរនៅទីនោះ និងការនិយាយ​អ្វី​ៗ ខ្ញុំ​ពោរពេញ​ទៅ​ដោយ​ភាព​ភ័យ​ខ្លាច​»។

ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា កងទ័ពចំនួន 220,000 ត្រូវបានហៅចូល ចាប់តាំងពីលោកបានធ្វើសេចក្តីប្រកាស «ការចល័តដោយផ្នែក» កាលពីខែកញ្ញាឆ្នាំមុន ដែល​ទោះ​បី​ជា​លោក ​ពូទីន ​បាន​ថ្លែង​បែប​នេះ​ក៏​ដោយ ការចល័តនេះនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ប៉ុន្តែ​រដ្ឋាភិបាល​រុស្ស៊ី​បាន​បដិសេធ​មិន​បញ្ជាក់​កាលបរិច្ឆេទ​ជាក់លាក់​ទេ ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ទូរទស្សន៍រដ្ឋរុស្ស៊ីបានចេញផ្សាយវីដេអូនៃក្រុមទាហានថ្មីដែលកំពុងហ្វឹកហាត់នៅក្នុងប្រទេសរុស្ស៊ី រួមជាមួយនឹងការសម្ភាសន៍ស្នេហាជាតិរបស់ពួកគេ ។ ក្នុងសប្តាហ៍នេះ រូបភាពរបស់លោកប្រធានាធិបតី ពូទីន ត្រូវបានបង្ហាញទៅកាន់ក្រុមទាហានថ្មីនៅឯកន្លែងហ្វឹកហាត់ក្នុងខេត្តរីសាន ក្នុង​ក្តី​សង្ឃឹម​នៃ​ការ​អំពាវនាវ​ឱ្យ​មាន​ការ​គាំទ្រ​សម្រាប់​ការ​ចុះ​បញ្ជី​យោធា​ដើម្បី​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ ។

លោក ពូទីន ធ្លាប់បានប្រកាសថានឹងមិនមានការចល័តទ័ពទេ ដោយការសន្យាថា «ប្រើទាហានអាជីពនៅក្នុង ប្រតិបត្តិការយោធាពិសេស» តែប៉ុណ្ណោះ ។

ប៉ុន្តែស្ថានការណ៍បានផ្លាស់ប្តូរ ហើយបានធ្វើឱ្យមេដឹកនាំរុស្ស៊ីប្រកាស «ការចល័តដោយផ្នែក» ។

នេះបានធ្វើឱ្យសង្រ្គាមអ៊ុយក្រែនប៉ះពាល់ដល់ជនជាតិរុស្ស៊ីច្រើនជាងការរំពឹងទុក ដោយសារតែប្តី ឪពុក និងកូនប្រុសរបស់ពួកគេត្រូវបានត្រៀមកេណ្ឌឱ្យចូលក្នុងជួរយោធាភ្លាមៗ ហើយបន្ទាប់មកបញ្ជូនទៅតំបន់ប្រយុទ្ធ ។ អ្នក​ខ្លះ​ត្រូវ​បាន​បញ្ជូន​ដោយ​មិន​បាន​ហ្វឹកហាត់ ឬ​ដោយ​មាន​ឧបករណ៍​ចាំបាច់ ជាលទ្ធផលក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមក ទាហាន​រុស្ស៊ី​បាន​បង្ហោះ​ឃ្លីប​នៅលើ​បណ្តាញ​សង្គម​ដើម្បី​រៀបរាប់​ពី​ទុក្ខលំបាក និង​កង្វះខាត​សម្ភារៈ​ចាំបាច់​ដែល​ពួកគេ​ប្រឈមមុខ ។

លោក មីខាអ៊ីល បាន​ប្រាប់ BBC ថា​៖ «​មនុស្ស​នៅ​ជុំវិញ​មានការ​ភ័យខ្លាច​ចំពោះ​ការ​ត្រូវ​បាន​គេ​កេណ្ឌ​ជា​យោធា​ ដោយសារឥឡូវ​វា​ប៉ះពាល់​ដល់​អ្នក​រាល់​គ្នាហើយ» ។

បន្ទាប់ពីបដិសេធមិនចូលរួមយោធា មីខាអ៊ីល ត្រូវ​បាន​គេ​ជេរ​ប្រមាថ​តាម​បណ្តាញ​សង្គម "គាត់មានភ្នែកស អ្នក​អត្ថាធិប្បាយ​ម្នាក់​បាន​និយាយ​ថា ដូច​ជា​កណ្តុរ​រត់​ចេញ​ពី​ទូក»។ ម្នាក់ទៀត Comment ថា៖ "មនុស្សដែលធ្វើបែបនេះ កុំហៅខ្លួនឯងថាជាបុរស» ។

ប៉ុន្តែមិនយូរប៉ុន្មាន មីខាអ៊ីល ត្រូវបានបណ្តាញកោតសរសើរ និងគាំទ្រដ៏លើសលប់សម្រាប់ភាពក្លាហានក្នុងការក្រោកឈរឡើងសម្រាប់ខ្លួនអ្នក និងអ្នកដទៃ ។ អ្នក​ខ្លះ​សរសើរ​ថា​៖ «​បុរស​ល្អ​អ្នក​មិន​បាន​រត់​ទៅ​ណា​ទេ អ្នកកំពុងសួរសំណួរដែលត្រឹមត្រូវ៖ តើអ្នកណាគ្រោងនឹងវាយប្រហារយើងមុនថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ ២០២២ ?

«ខ្ញុំបានសម្រេចចិត្ត និងយល់ព្រមជាមួយគ្រួសាររបស់ខ្ញុំថា ប្រសិនបើរឿងនេះកើតឡើងពិតប្រាកដ ខ្ញុំ​នឹង​បដិសេធ​ជា​ដាច់​ខាត​ក្នុង​ការ​ចុះ​បញ្ជី​យោធា ទោះ​គេ​បញ្ជូន​ខ្ញុំ​ទៅ​ដាក់គុក​ក៏​ដោយ ជម្រើសរបស់ខ្ញុំគឺដើរចូល​គុក ចៀសជាងកេណ្ឌឲ្យចូលទាហានទៅប្រយុទ្ធនៅអ៊ុយក្រែន !

“រដ្ឋអាចចាត់ទុកខ្ញុំជាឧក្រិដ្ឋជន ប្រសិនបើខ្ញុំមិនទៅធ្វើសង្គ្រាម។ ប៉ុន្តែ​ខ្ញុំ​មិន​មែន​ជា​ឧក្រិដ្ឋជន​តាម​ទស្សនៈ​មនុស្សធម៌​ទេ!» ៕

ពី BBC/Thai


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម