សហរដ្ឋ​អាមេរិក​ចាប់​ខ្លួន​មន្ត្រីភ្នាក់ងារ​សត្វ​ព្រៃ​កម្ពុជា​ជួញ​ដូរ​សត្វ​ស្វា​ ​ប្រឈម ​ជាប់​ពន្ធនាគារ​រហូត​ដល់​១៤៥​ឆ្នាំ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី17 ខែវិច្ឆិការ ឆ្នាំ2022 ម៉ោង 7:18 នាទី ល្ងាច

 

ដោយ សូរ្យរិទ្ធ៖


កាសែត The Garden ត្រូវបានស្រង់ពីកាសែត មតិឈុន របស់ថៃ ដែលចេញផ្សាយនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះថា ព្រះរាជអាជ្ញាសហរដ្ឋអាមេរិកបានចោទប្រកាន់មនុស្ស ៨ នាក់ ពីបទជួញដូរសត្វស្វាឆ្លងដែន រួមទាំងមន្ត្រីថ្នាក់អគ្គនាយក និងអគ្គនាយករងនៃភ្នាក់ងារសត្វព្រៃកម្ពុជា រង​ការ​ចោទ​ប្រកាន់​ពី​បទ​រត់​ពន្ធ​សត្វ​ស្វា​ដែល​ជិត​ផុត​ពូជ​ចូល​សហរដ្ឋ​អាមេរិកដោយ​ខុស​ច្បាប់​ ដោយមន្ត្រីភ្នាក់ងារសត្វព្រៃកម្ពុជា ត្រូវអាជ្ញាធរសហរដ្ឋអាមេរិកដំណើរការក្តី ក្រោយចាប់​ខ្លួន ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​អនុសញ្ញា​ស្តី​ពី​ពាណិជ្ជកម្ម​អន្តរជាតិ ប្រភេទសត្វព្រៃ និងរុក្ខជាតិព្រៃ ជិតផុតពូជ (CITES) នៅប្រទេសប៉ាណាម៉ា ។

​ក្រុម​រត់​ពន្ធ​សត្វ​ស្វា​ឆ្លង​ដែន ​មាន​មន្ត្រី​ពីរ​រូប​មក​ពី​ភ្នាក់ងារ​សត្វ​ព្រៃ​របស់​កម្ពុជា គឺ​លោក ម៉ាផល គ្រី (Masphal Kry ) អាយុ ៤៦ ឆ្នាំ ជា​មន្ត្រី​នាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន John F. Kennedy ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា និងលោក កែវ អូម៉ាលីស (Omaliss Keo) អាយុ ៥៨ ឆ្នាំ ។

ចំណែក ៦ នាក់ទៀត ​ត្រូវ​បាន​ចោទ​ប្រកាន់​ផង​ដែរ​ពី​បទ​ទាក់​ទង​ទៅ​នឹង​ក្រុមហ៊ុន Vanny Resources Holdings ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង ពាក់ព័ន្ធ​នឹង​ការ​បង្កាត់​ពូជ​ស្វា​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ និង​វិទ្យាសាស្ត្រ ដែលផ្គត់ផ្គង់សត្វស្វាទៅកាន់មន្ទីរពិសោធន៍នៅរដ្ឋផ្លរីដា និងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ។

ក្រុមជួញដូរសត្វព្រៃនេះ ត្រូវបានចោទប្រកាន់ពីបទទិញពូជស្វាដោយខុសច្បាប់ ក្នុងពេលមានការខ្វះខាតនៃការបង្កាត់​ពូជ macaque ខណៈដែលសត្វស្វាគឺជាប្រភេទសត្វដែលត្រូវបានការពារក្រោមច្បាប់ពាណិជ្ជកម្មអន្តរជាតិ ហើយ​ការ​នាំ​សត្វ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​តម្រូវ​ឱ្យ​មាន​ការ​អនុញ្ញាត ។

ជនជាប់ចោទទាំងអស់ត្រូវបានចោទប្រកាន់ចំនួនប្រាំបី ដោយរាប់នីមួយៗមានទោសជាប់ពន្ធនាគារអតិបរមា 20 ឆ្នាំ ដែលអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ 145 ឆ្នាំ ។

លោក Juan Antonio Gonzalez មេធាវីប្រចាំតំបន់ភាគខាងត្បូងនៃរដ្ឋផ្ល័រីដាបាននិយាយថា សត្វស្វានេះត្រូវបានទទួលស្គាល់ថាជាប្រភេទសត្វជិតផុតពូជ នៅក្រោមសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ។

ការចោទប្រកាន់នេះបាននិយាយថា លោក James Manzang Lau ស្ថាបនិក និងជាម្ចាស់ក្រុមហ៊ុន Vanny Resources Holdings អាយុ 64 ឆ្នាំ និងអ្នកគ្រប់គ្រងទូទៅ Dixon Lau អាយុ 29 ឆ្នាំ បានគុបគិត​គ្នាក្នុង​ទីផ្សារ​ងងឹត និង​មន្ត្រី​កម្ពុជា​ដើម្បី​ទទួល​បាន​សត្វ​ស្វា និង​នាំ​ចេញ​ទៅ​សហរដ្ឋ​អាមេរិក ដោយ​ដាក់វាយត្រាទំនិញ ហើយ​អះអាង​ថា​ជា​សត្វ​ចិញ្ចឹមបង្កាត់ពូជ ។

យ៉ាង​ណា​ក៏​ដោយ មន្ត្រី​អាមេរិក វា​មិន​បាន​បញ្ជាក់​ថា ក្រៅ​ពី​លោក គ្រី ជន​ត្រូវ​ចោទ​ និង អ្នកជាប់ពាក់ព័ន្ធ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​មន្ទីរ​ឃុំឃាំង​ឬ​យ៉ាង​ណា​នោះ​ទេ ។

យើងនទាន់មានព័ត៌មានអ្វីពាក់ព័ន្ធនឹងកាសែតខាងលើចុះផ្សាយនៅឡើយទេ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម